ជាតិ
បោះឆ្នោត
នយោបាយជាតិ
ទោះមិនបានអាសនៈ តែGDP ប្តេជ្ញាបន្តសាបព្រោះវប្បធម៌នយោបាយថ្មី
× ភ្នំពេញ៖ ថ្នាក់ដឹកនាំនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋា (GDP) បានប្តេជ្ញាបន្តការសាបព្រោះវប្បធម៌នយោបាយថ្មី និងចូលរួមការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត បើទោះជាបក្សខ្លួនមិនទទួលបានអាសនៈ នៅក្នុងរដ្ឋសភាក៏ដោយ។
តាមរយៈការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុកគណបក្ស លោក យ៉េង វីរៈ ប្រធានបក្ស GDP បញ្ជាក់ដូច្នេះ៖«យើងនឹងបន្តដំណើរទៅមុខទៀត ដើម្បីសាបព្រោះនយោបាយថ្មី ដល់ពលរដ្ឋខ្មែរ ឲ្យពលរដ្ឋខ្មែរយល់ដឹងកាន់តែច្រើនពីសិទ្ធិ និងតួនាទី ជាពិសេសសិទ្ធិនយោបាយ ហើយទាមទារឲ្យមានតំណាងរាស្ត្រ និងតួនាទីរដ្ឋសភាដែលស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេស»។
ប្រមុខបក្សប្រជាធិបតេយ្យមូលដ្ឋានដដែល ក៏អះអាងពីការបន្តបណ្តុះបណ្តាលឲ្យពលរដ្ឋខ្មែរ យល់ពីកាតព្វកិច្ចរបស់រដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋ និងបណ្តុះយុវជនឲ្យក្លាយជាអ្នកដឹកនាំល្អសម្រាប់ប្រទេសផងដែរ។
យ៉ាងណាក៏បាននៅក្នុងការផ្សាយផ្ទាល់បញ្ជាក់ពីជំហរបស់ខ្លួន GDP មិនបានបញ្ជាក់ទេថា តើការបោះឆ្នោត និងចំនួនអ្នកដែលទៅបោះឆ្នោតត្រឹមត្រូវឬយ៉ាងណាឡើយ។ គណបក្សនេះ ពន្យល់ថា ដោយសារគណបក្សគ្មានអ្នកសង្កេតការណ៍នៅគ្រប់ការិយាល័យបោះឆ្នោត។
នៅក្នុងការផ្សាយផ្ទាល់ដដែល លោក យ៉ង សាំងកុមារ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្ស គូសបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀនសូត្រច្រើនពីការបោះឆ្នោតលើកនេះ។ ដ្បិតតែរយៈពេលកន្លងមក GDP ជួបប្រទះនឹងបានប្រទះនឹងឧបសគ្គមួយចំនួន ទាំងបញ្ហាផ្ទៃក្នុង និងការវាយប្រហារពីខាងក្រៅ ប៉ុន្តែលោក សាំងកុមារ អះអាងថា ឧបសគ្គទាំងនោះ គឺបានធ្វើឲ្យ GDP កាន់តែរឹងមាំ។
ទាក់ទងនឹងប្រជាប្រិយភាពរបស់គណបក្សនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៧កន្លងទៅវិញ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ (GDP) បានអរគុណដល់អ្នកគាំទ្រ ដែលបោះឆ្នោតឲ្យបក្សខ្លួន នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៧ កក្កដា។ GDP ទទួលបានសំឡេងគាំទ្រប្រមាណជាង៧ម៉ឺនសំឡេង៕
Tag:
យ៉ង សាំងកុមារ
សាម អ៊ីន
យ៉េង វីរៈ
GDP
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com