ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ទោះ​មិនបាន​អាសនៈ តែ​GDP ប្តេជ្ញា​បន្ត​សាបព្រោះ​វប្បធម៌​នយោបាយ​ថ្មី​
31, Jul 2018 , 10:49 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋា (GDP) បាន​ប្តេជ្ញា​បន្ត​ការ​សាបព្រោះ​វប្បធម៌​នយោបាយ​ថ្មី និង​ចូលរួម​ការបោះឆ្នោត​នៅ​អាណត្តិ​ក្រោយៗ​ទៀត បើទោះជា​បក្ស​ខ្លួន​មិន​ទទួលបាន​អាសនៈ នៅក្នុង​រដ្ឋសភា​ក៏ដោយ​។


 
​តាមរយៈ​ការផ្សាយ​ផ្ទាល់​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​គណបក្ស លោក យ៉េ​ង វីរៈ ប្រធាន​បក្ស GDP បញ្ជាក់​ដូច្នេះ​៖«​យើង​នឹង​បន្តដំណើរ​ទៅមុខទៀត ដើម្បី​សាបព្រោះ​នយោបាយ​ថ្មី ដល់​ពលរដ្ឋ​ខ្មែរ ឲ្យ​ពលរដ្ឋ​ខ្មែរ​យល់ដឹង​កាន់តែច្រើន​ពី​សិទ្ធិ និង​តួនាទី ជាពិសេស​សិទ្ធិ​នយោបាយ ហើយ​ទាមទារ​ឲ្យ​មាន​តំណាងរាស្ត្រ និង​តួនាទី​រដ្ឋសភា​ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​»​។​
 
​ប្រមុខ​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដដែល ក៏​អះអាង​ពី​ការបន្ត​បណ្តុះបណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ យល់​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ និង​បណ្តុះ​យុវជន​ឲ្យ​ក្លាយជា​អ្នកដឹកនាំ​ល្អ​សម្រាប់​ប្រទេស​ផងដែរ​។ 
 
​យ៉ាងណា​ក៏បាន​នៅក្នុង​ការផ្សាយ​ផ្ទាល់​បញ្ជាក់​ពី​ជំហ​របស់ខ្លួន GDP មិនបាន​បញ្ជាក់​ទេ​ថា តើ​ការបោះឆ្នោត និង​ចំនួន​អ្នក​ដែល​ទៅ​បោះឆ្នោត​ត្រឹមត្រូវ​ឬ​យ៉ាងណា​ឡើយ​។ គណបក្ស​នេះ ពន្យល់ថា ដោយសារ​គណបក្ស​គ្មាន​អ្នកសង្កេតការណ៍​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​។​
 
​នៅក្នុង​ការផ្សាយ​ផ្ទាល់​ដដែល លោក យ៉ង សាំង​កុមារ បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស គូសបញ្ជាក់ថា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​រៀនសូត្រ​ច្រើន​ពី​ការបោះឆ្នោត​លើក​នេះ​។ ដ្បិតតែ​រយៈពេល​កន្លងមក GDP ជួបប្រទះ​នឹង​បាន​ប្រទះ​នឹង​ឧបសគ្គ​មួយចំនួន ទាំង​បញ្ហា​ផ្ទៃក្នុង និង​ការវាយប្រហារ​ពី​ខាងក្រៅ ប៉ុន្តែ​លោក សាំង​កុមារ អះអាងថា ឧបសគ្គ​ទាំងនោះ គឺ​បានធ្វើ​ឲ្យ GDP កាន់តែ​រឹងមាំ​។​
 
​ទាក់ទង​នឹង​ប្រជាប្រិយភាព​របស់​គណបក្ស​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៧​កន្លង​ទៅវិញ លោក សាម អ៊ី​ន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ (GDP) បាន​អរគុណ​ដល់​អ្នកគាំទ្រ ដែល​បោះឆ្នោត​ឲ្យ​បក្ស​ខ្លួន នៅក្នុង​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២៧ កក្កដា​។ GDP ទទួលបាន​សំឡេងគាំទ្រ​ប្រមាណ​ជាង​៧​ម៉ឺន​សំឡេង​៕
 
 
 
 
 
 

Tag:
 យ៉ង សាំងកុមារ
 សាម អ៊ីន
 យ៉េង វីរៈ
 GDP
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com