ជាតិ
បោះឆ្នោត
នយោបាយជាតិ
ចិនប្រាប់អន្តរជាតិឲ្យគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា លោក ស៊ី ជិនភីង និងសម្តេច ហ៊ុន សែន នាជំនួបនៅភ្នំពេញកាលពីឆ្នាំ២០១៦។ រូបថត AFP
× អាមេរិក និងសហភាពអឺរ៉ុប ចាត់ទុកការបោះឆ្នោតនៅកម្ពុជាជាការបោះឆ្នោតដែលគ្មានការប្រកួតប្រជែង និងមិនទាន់ស្របច្បាប់ព្រោះបក្សប្រឆាំងធំជាងគេអវត្តមាន ប៉ុន្តែចិនយល់ឃើញខុសពីនេះ។ បន្ទាប់ពីបានសាទរការរៀបចំការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាហើយនោះ ចិនក៏ស្នើឲ្យសហគមន៍អន្តរជាតិគោរពការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា។
ក្រោយកម្ពុជារៀបចំការបោះជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ អាមេរិក ចេញមុខរិះគន់មុនគេ លើការបោះឆ្នោតនេះ ហើយតមកក៏បណ្ដាប្រទេសខ្លះទៀតរិះគន់ជាបន្តបន្ទាប់ដូចជា កាណាដា អូស្ត្រាលី នូវែលសេឡង់ បារាំង និងសហភាពអឺរ៉ុប។ ពាក្យរិះគន់មានជាអាទិ៍ ការបោះឆ្នោតធ្វើឡើងក្នុងបរិយាកាសតានតឹងបំផុត អាជ្ញាធរកម្ពុជាប្រើប្រព័ន្ធតុលាការដាក់សម្ពាធមកលើក្រុមគណបក្សប្រឆាំង និងអ្នកតវ៉ារិះគន់រដ្ឋាភិបាល រួមទាំងការហាមសកម្មភាពនយោបាយ និងរំលាយបក្សប្រឆាំង។
បន្ថែមពីលើការរិះគន់ អាមេរិកឯណោះ ក៏គំរាមរឹតបន្តឹងទិដ្ឋាការលើកម្ពុជាទៅទៀត។ ជុំវិញបញ្ហានេះ ចិនមានជំហរខុសពីអន្តរជាតិខាងលើ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយថា ការបោះឆ្នោតទូទៅនៅកម្ពុជាជារឿងផ្ទៃក្នុងកម្ពុជា។ លោកក៏បានប្រាប់ឲ្យសហគមន៍អន្តរជាតិគោរពជម្រើសរបស់ប្រជាជនកម្ពុជា និងដើរតួនាទីសំខាន់ក្នុងជួយរដ្ឋាភិបាលកម្ពុជា និងប្រជាជន រក្សាស្ថិរភាពសង្គម ក៏ដូចជាជំរុញការអភិវឌ្ឍជាតិ។
ជាថ្មីម្ដងទៀត អ្នកនាំពាក្យខាងលើក៏សាទរជ័យជម្នះរបស់បក្សប្រជាជនកម្ពុជាដែលដឹកនាំដោយសម្ដេច ហ៊ុន សែន ។
យោងតាមលទ្ធផលបណ្ដោះអាសន្នដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អ្នកបោះឆ្នោតមានចំនួនដល់ទៅ៨២.៨៩ភាគរយ។ យ៉ាងណាមិញ សេតវិមានអាមេរិក ចាត់ទុកថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ មិនសេរី និងយុត្តិធម៌ ហើយមិនអាចតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com