អន្តរជាតិ
ក្រោយ ត្រាំ បង្ហាញ​ជំហរ​ចង់​ចរចា អ៊ីរ៉ង់​ប្រាប់​វិញ​ថា ខ្លួន​មិនមែនជា​កូរ៉េខាងជើង​ឡើយ​
01, Aug 2018 , 2:25 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី (រូបភាព BBC)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធាធិបតីអ៊ីរ៉ង់ ហាសាន់ រូហានី (រូបភាព BBC)
​មួយថ្ងៃ​ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ជំហរ​ចង់​ជួប​មេដឹកនាំ​អ៊ីរ៉ង់​ដោយ​គ្មាន​ការដាក់​លក្ខខណ្ឌ​ជា​អ្វី​ទាំងអស់ មន្ត្រី​គ្រាក់ៗ​របស់​អ៊ីរ៉ង់​នៅ​ថ្ងៃទី​៣១ ខែកក្កដា ក៏​តប​វិញ​ដោយ​មិន​ស្វាគមន៍​បំណង​នេះឡើយ​។ អ៊ីរ៉ង់​នៅតែ​មិន​ពេញចិត្ត​លោក ត្រាំ ដែល​រករឿង​ខ្លួន​ស្ទើរ​គ្មាន​លស់​ពេល ហើយ​បំណង​ចង់​ចរចា​នេះ ក៏​ផ្ទុយ​ពី​ជំហរ​លើក​មុន​ដែល​ចង់​ទណ្ឌកម្ម​ទៅទៀត​។ សម្រាប់​អ៊ីរ៉ង់ ការ​ក្រឡាស់សម្ដី​របស់​អាមេរិក ជា​មូលហេតុ​នៃ​ការមិនទុកចិត្ត​គ្នា​។​



​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់ បាន​ទាត់ចោល​បំណង​ចរចា​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ចង់​ជួប​ថ្នាក់ដឹកនាំ​អ៊ីរ៉ង់​។ នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៣០ ខែកក្កដា លោក ត្រាំ និយាយថា លោក​អាច​ជួប​មេដឹកនាំ​អ៊ីរ៉ង់​គ្រប់ពេល បើ​មេដឹកនាំ​អ៊ីរ៉ង់​ត្រៀមខ្លួន​រួច ហើយក៏​មិនចាំបាច់​ដាក់​លក្ខខណ្ឌ​ជាមុន​អ្វី​ដែរ ដើម្បី​ដោះស្រាយ​បញ្ហា​ទើសទាល់​ទាំងឡាយ ជាពិសេស​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​អាមេរិក​ដើរចេញ​។​

​ទោះជា​ប្រធានាធិបតី​អាមេរិក​បន្ទន់ឥរិយាបថ​បែបនេះ​ក្ដី អ៊ីរ៉ង់​នៅ​មិនទាន់​ផ្លាស់ប្ដូរ​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ មហាម៉ាត់ ចា​វាដ ហ្សា​រី​ហ្វ នៅ​ថ្ងៃទី​៣១ ខែកក្កដា បាន​បង្ហោះ​សារ​លើ Twitter ដោយបាន​បន្ទោស​អាមេរិក ដែល​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ដែល​នោះ​មានន័យ​ស្មើនឹង​ការដើរ​ចេញពី​តុ​ចរចា​តែម្ដង​។ ប្រមុខ​ការទូត​អ៊ីរ៉ង់​បាន​សរសេរ​ទៀតថា ការគំរាមកំហែង និង​ទណ្ឌកម្ម​មិនអាច​ធ្វើ​អ្វី​អ៊ីរ៉ង់​បានឡើយ​។

​ដោយឡែក ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ក៏​ចេញមុខ​ឆ្លើយតប​ទៅ​លោក ត្រាំ វិញ​ដែរ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ឧ​ត្ត​ម​សេនីយ៍ Mohammad Ali Jafari និយាយថា អ៊ីរ៉ង់​មិនមែនជា​កូរ៉េខាងជើង​ឡើយ ដូចនេះ​អ៊ីរ៉ង់​មិន​ទទួល​សំណើ​ចរចា​របស់​អាមេរិក​ទេ​។ មេបញ្ជាការ​កងទ័ព​ដ៏​មាន​ឥទ្ធិពល​រូបនេះ ក៏​ព្រមាន​ទុក​មុន​ដែរ​ថា សូម្បី​ប្រធានាធិបតី​អាមេរិក​បន្ត​តំណែង​ពី​លោក ត្រាំ ក៏​មិន​អាចមាន​ថ្ងៃ​ចរចា​ជាមួយ​អ៊ីរ៉ង់​ដែរ​។​

​តាមពិតទៅ បំណង​ចង់​ចរចា​របស់លោក ត្រាំ កើតឡើង​បន្ទាប់ពី​លោក​បាន​គំរាម​ផ្ដល់​មេរៀន​ជូរចត់​ឲ្យ​អ៊ីរ៉ង់ ប៉ុន្តែ​អ៊ីរ៉ង់​មិនបាន​បារម្ភ​ឡើយ​។ តាំងពីដើម​មក លោក ត្រាំ មាន​នយោបាយ​តឹងរ៉ឹង​ដាក់​អ៊ីរ៉ង់ ដូចនេះ​ទើប​លោក​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ តែម្ដង ក្រោម​ហេតុផល​ថា កិច្ចព្រមព្រៀង​នេះ​មិនបាន​បញ្ចូល​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​អ៊ីរ៉ង់​។ អាមេរិក​ក៏​ចាប់ផ្ដើម​អនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​ឡើងវិញ និង​គំរាម​ប្រទេស​ផ្សេង​ឲ្យ​ផ្អាក​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់​នៅត្រឹម​ខែវិច្ឆិកា​ផង​។​

​ប្រើ​វិធីសាស្ត្រ​ក្ដៅ​ផង ត្រជាក់​ផង លោក ត្រាំ ទំនង​ចង់​ដើរ​តាមផ្លូវ​ដូច​កូរ៉េខាងជើង​។ មុន​មាន​ជំនួប​នៅ​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី អាមេរិក និង​កូរ៉េខាងជើង​បាន​វាយប្រហារ​គ្នា​ដោយ​ពាក្យសម្ដី​ទៅមក រហូត​គេឯង​បារម្ភ​ថា នឹង​ផ្ទុះ​សង្គ្រាម​ទៅហើយ និង​គ្មាន​នរណា​នឹកស្មានថា មេដឹកនាំ​ទាំងពីរ​អាច​ជួបគ្នា​បានដែរ​។ ដោយសារ​ហេតុនេះ ទំនាក់ទំនង​អាមេរិក និង​អ៊ីរ៉ង់​ក៏​ទំនងជា​ស្ថិត​លើផ្លូវ​បែបនេះ​ដែរ​៕


Tag:
 អាមេរិក​
  អ៊ីរ៉ង់​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com