ជាតិ
ទឹកជំនន់​ទន្លេមេគង្គ​លើ​បាន​ហក់​ឡើង​ខ្ពស់ ដែល​អាច​គំរាម​កំហែង​ដល់​គ្រប់​ស្រុក និង​ក្រុង ក្នុង​ខេត្តស្ទឹងត្រែង
01, Aug 2018 , 2:56 pm        
រូបភាព
រូបភាពហ្វេសប៊ុកក្រសួងធនធានទឹក
រូបភាពហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
​ស្ទឹងត្រែង​៖ ទឹកទន្លេ​មេគង្គ​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨ បាន​ហក់​ឡើង​កម្ពស់ ១០,៩៣​ម៉ែត្រ ចំពោះ កម្រិត​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ត្រឹមតែ ១០,៧០​ម៉ែត្រ ប៉ុណ្ណោះ​។ ដូច្នេះ​កម្ពស់​ទឹក​ដែល​ហួស​ពី​កម្រិត​ឱ្យ​ប្រុងប្រយ័ត្ន​នេះ បាន​កំរាម​កំហែង​គ្រប់​ស្រុក និង​ក្រុង​ក្នុង​ខេត្តស្ទឹងត្រែង ដោយ​ក្រុង​និង​ស្រុក​មួយចំនួន អាជ្ញាធរ​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​បណ្ដោះអាសន្ន ទៅកាន់​ទីទួល​សុវត្ថិភាព​។ រីឯ​ស្រុក​មួយចំនួន​មិនទាន់មាន​ការជម្លៀស​ប្រជាពលរដ្ឋ​ចេញ​នៅឡើយ​ទេ ពីព្រោះ​ផ្ទះ​របស់គាត់​សង់​ខ្ពស់ ហើយ​ទឹក​ដែល​បាន​ហូរ​ចូល​នៅមានកម្រិត​ទាប​នៅឡើយ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ម៉ែន គង់ អ្នកនាំពាក្យ​រដ្ឋបាល​នៃ​ខេត្តស្ទឹងត្រែង​។​



​ទឹកជំនន់​ទន្លេមេគង្គ​ខេត្តស្ទឹងត្រែង បាន​ហក់​ឡើង​ខ្ពស់​ធ្វើឱ្យប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ គ្រប់​ស្រុក និង​ក្រុង ក្នុងនោះ ក្រុង​ស្ទឹងត្រែង​បាន​ជ​ម្លៀ​ង​ប្រជាពលរដ្ឋ ៧៧​គ្រួសារ និង​ស្រុក​សៀ​ប​បូក ១៦​គ្រួសារ ហើយពីរ​ស្រុក​ទៀត មិនទាន់​ជម្លៀសចេញ​ទេ ដោ​សារ​កម្រិត​ទឹក​នៃ​ការ​លិច​នៅតាម​ផ្លូវ​មួយចំនួន និង​នៅតាម​ផ្ទះ​តិចតួច​នៅឡើយ ហើយ​អាចធ្វើ​ដំណើរ​ចេញចូល​បាន​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ែន គង់ ហើយ លោក​បាន​បញ្ជាក់ថា​៖«​មិនទាន់​ដល់​ដំណាក់​កាលដែល​ត្រូវ​ជម្លៀស​ពួកគាត់​ចេញពីផ្ទះ​ទេ​។ ប៉ុន្តែ​អាជ្ញាធរខេត្ត​បាន​ត្រៀមកម្លាំង​រួចរាល់​ហើយ ចាប់តាំងពី​ថ្នាក់មូលដ្ឋាន​ឡើងទៅ ដើម្បី​អន្តរាគមន៍​។ ហើយ​បច្ចុប្បន្ន​អាជ្ញាធរ​កំពុងតែ​តាមដាន​ស្ថានការណ៍ បើ​មាន​អ្វី​ប្រែប្រួល​នោះ កម្លាំង​សមត្ថកិច្ច​នឹងមាន​វិធានការ​បន្តទៀត​»​។​

​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង លោក ម៉ែន គង់ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ ថា​ជំនន់​ទឹកទន្លេ​ខេត្តស្ទឹងត្រែង​មិន​បណ្ដាលឱ្យ​ប៉ះពាល់​ខ្លាំងក្លា​នៅឡើយ​ទេ​។ ប៉ុន្តែ​តំបន់​ដែល​រង​ការប៉ះពាល់​ខ្លាំង គឺ​ស្រុក​សៀង​ប៉ាង ក្រោយពី​បាក់​ទំនប់​វា​រី​អគ្គិសនី សេ​ពាន​សេណា​មណ​យ ស្ថិតនៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ឡាវ ដោយ​ទឹកបាន​ហូរ​ចូលមក​ទន្លេសេកុង ក្នុងភូមិ​សាស្ត្រ​ស្រុក​សៀង​ប៉ាង បណ្ដាលឱ្យ​ឃុំ​៤ ក្នុងចំណោម​ឃុំ​៥ ដែលមាន​ប្រជាពលរដ្ឋ ១២៨៩​គ្រួសារ រង​ការប៉ះពាល់​ត្រូវ​ជម្លៀស​ទៅ​ទីទួល​មាន​សុវត្ថិភាព​។​

​លោក ម៉ែន គង់ បាន​បន្ថែមថា តាម​ការប៉ាន់ប្រមាណ​មក​ដល់ពេលនេះ ប្រជាពលរដ្ឋ​នៅ​ស្រុង​សៀង​ប៉ាង​ជាង ៣០០​គ្រួសារ បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​របស់គាត់​វិញ​ជា​បណ្ដើរ​ហើយ​។ ចំណែក​ប្រជាពលរដ្ឋ​មួយចំនួនទៀត នៅតែ​បន្ត​ស្នាក់នៅ​បណ្ដោះអាសន្ន​កន្លែង​សុវត្ថិភាព​ដដែល ដោយសារតែ​តំបន់​នៃ​ផ្ទះ​របស់​ពួកគាត់​មួយចំនួន ទឹក​នៅមាន​ជំរៅ​ជ្រៅ​នៅឡើយ ហើយ​អាជ្ញាធរ​កំពុងតែ​តាមដាន និង​ត្រួតពិនិត្យ​ស្ថានភាព​ថា​តើ​អាច​ត្រឡប់​ទៅបាន​ឬ​យ៉ាងណា​។

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ បាក់​ទំនប់​វា​រី​អគ្គិសនី​របស់​ឡាវ បានទទួល​ជំនួយ​ពី​អង្គការ​ក្នុងស្រុក និង​អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​បាន​ជួយ​គាំទ្រ អំពី​បរិស្ថាន អនាម័យ សុខភាព​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ម៉ែន គង់ និង​បាន​បន្តទៀតថា ករណី​ខាងលើនេះ​មិនមាន​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទេ​។

​លោក ម៉ែន គង់ បានឱ្យដឹង​ទៀតថា ទឹកទន្លេ​សេកុង និង​សេ​សាន​បាន​ស្រក​ចុះ​ហើយ ប៉ុន្តែ​នៅឡើយ​ទឹកទន្លេ​មេគង្គ​បាន​បន្ត​កើនឡើង ហួស​ពី​កម្រិត​ប្រកាសអាសន្ន​ដែលមាន​កម្ពស់​១០,៩៣​ម៉ែត្រ ហើយ​កម្រិត​ប្រកាសអាសន្ន​ត្រឹមតែ ១០,៧០​។ លោក ថា ប្រសិនជា​ទឹកទន្លេ​មេគង្គ​នៅតែ​បន្ត​កើនឡើង​ទៀត ប្រជាពលរដ្ឋ​ដែល​នៅតាម​បណ្ដោយ​ច្រាំងទន្លេ​នឹង​អាច​ជ​ម្លៀ​ចេញទៅ​កន្លែង​សុវត្ថិភាព​។ លោក បញ្ជាក់​បន្ថែមថា​៖«​ប្រជាពលរដ្ឋ នៅ​ក្រុង​ស្ទឹងត្រែង និង​សៀ​បបូ​កបាន​ជម្លៀស​ចេញពី​លំ​ដ្ឋា​ន​កាលពី​ថ្ងៃទី​៣១ ខែកក្កដា មុននេះ​»​។​

​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម នា​ព្រឹក​ថ្ងៃទី​១ ខែសីហា នេះ​ឱ្យដឹងថា ម៉ាស៊ីនបូមទឹក​ចល័ត​ខ្នាត​មធ្យម​ចំនួន ៣ គ្រឿង  កំពុង​ត្រូវបាន​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក រៀបចំ​ដំឡើង​ដើម្បី​អន្តរាគមន៍​បូម​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​ក្រុង​ស្ទឹងត្រែង​។ ការអន្តរាគមន៍​បូមទឹក​ភ្លៀង​ចេញពី​ក្រុង​ស្ទឹងត្រែង គឺ​ប្រើប្រាស់​ម៉ាស៊ីន​បូម​ទឹ​ខ្នាត​មធ្យម​សរុប ៣​គ្រឿង នៅលើ ៣​ទីតាំង​ផ្សេងៗ​គ្នា ក្នុងនោះ​៖ ទីតាំង​ទី​១ ស្ថិតនៅ​ចំណុច​ភូមិ​កណ្តាល សង្កាត់​ស្ទឹងត្រែង ទី​២ ស្ថិតនៅ​ចំណុច​ភូមិ​ដំណាក់ សង្កាត់​ស្ទឹងត្រែង និង​ទី​៣ ស្ថិតនៅ​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ​៕


Tag:
 ទឹកជំនន់​ទន្លេ​
 ​ម៉ែន គង់
© រក្សាសិទ្ធិដោយ thmeythmey.com