ជាតិ
សេដ្ឋកិច្ច
ជិះ​ឥតគិតថ្លៃ​ក្នុងឆ្នាំនេះ ចំពោះ​សេវា​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក ភ្នំពេញ​-​តាខ្មៅ
01, Aug 2018 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សេវាកម្ម​នាវា​ដឹក​អ្នកដំណើរ​សាធារណៈ  ភ្នំពេញ​-​តាខ្មៅ ត្រូវបាន​សម្ពោធ​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី​១​ខែសីហា​នេះ​។ សេវាកម្ម​នេះ​នឹង​បន្ត​ផ្ដល់ជូន​ឥត​គិត​កម្រៃ​ដល់​សាធារណជន រហូតដល់​ដំណាច់ឆ្នាំ​២០១៨​នេះ​។  សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដូចនេះ​ក្នុង​ពិធី​សម្ពោធ​នេះ​។



​ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​នេះ បាន​ដំណើរការ​បណ្ដោះ​អាសន្នកាល​ពីថ្ងៃ​ទី​៦​ខែមេសា​ឆ្នាំ​២០១៨ ហើយ​ឥឡូវនេះ​ឈានដល់​ការដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​។ ជាមួយគ្នានេះ ការមិន​យក​កម្រៃ​ចំពោះ​សេវាកម្ម​សាធារណ​មួយ​នេះ ដែល​ត្រូវ​ផុតកំណត់​ត្រឹម​ខែកក្កដា ត្រូវបាន​សម្ដេច ហ៊ុន សែន ប្រកាស​ពន្យារ​រហូតដល់​ដំណាច់​ឆ្នាំនេះ​។​

​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ដូច្នេះ​ថា​៖«​ការបង្កើត​ឲ្យ​មាន​សេវាកម្ម​នាវា​ដឹក​អ្នកដំណើរ​នេះ មាន​គោលបំណង​ដើម្បី​ពង្រីក​វិស័យ​ដឹកជញ្ជូន​ឲ្យ​មាន​ច្រើន​ជម្រើស ព​ន្លឿ​ន​ការដឹកជញ្ជូន កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​ប្រើ​ឲ្យ​អស់​សក្ដានុពល​នៃ​ទន្លេ​ក្នុងប្រទេស​»​។​



​នាវា​ចំនួន​៤​គ្រឿង ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ដឹកជញ្ជូន​នេះ​។ នាវា​នីមួយៗ​អាច​ផ្ទុក​អ្នកដំណើរ​ពី ៥៤​នាក់ ទៅ​៦០​នាក់ ដោយ​បើកបរ​ក្នុង​ល្បឿន​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​បើក​ផ្ដល់​សេវា ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ដល់​ម៉ោង ៦​និង​៣០​នាទី​ល្ងាច ជា​រៀងរាល់ថ្ងៃ​។ ពី​ព្រែក​ព្នៅ ដល់​តាខ្មៅ នាវា​ប្រើ​រយៈពេល​តិចជាង​១​ម៉ោង​។

​ការដឹកជញ្ជូន​ផ្លូវទឹក​នេះ ត្រូវ​ឆ្លងកាត់​ស្ថានីយ​ចំនួន​៥ ដែល​រួមមាន ចំណត​ឫស្សីកែវ ផ្សារ​ចាស់ ចតុមុខ ច្បារអំពៅ និង​ចំណត​ក្រុង​តាខ្មៅ​។ លោក ស៊ុន ចាន់ថុល ឲ្យ​ដឹងថា សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​នេះ ត្រូវប្រគល់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ គ្រប់គ្រង និង​ប្រតិបត្តិការ ចាប់​ពីថ្ងៃ​សម្ពោធ​នេះ​។​

​កាលពី​ដាក់​ឲ្យ​ដំណើរ​បណ្ដោះអាសន្ន ក្នុងពេល​កន្លងមក សេវាកម្ម​នេះ​ជា​មធ្យម ទទួលបាន​អ្នកដំណើរ​ចំនួន​២០០​នាក់​ក្នុង​មួយថ្ងៃ​។​

​ក្រៅពី​គម្រោង​មួយ​នេះ គម្រោង​សេវា​ដឹក​ដំណើរ​តាមផ្លូវ​ទឹកជា​ច្រើន​កន្លែង​ទៀត កំពុង​ស្ថិតក្រោម​ការសិក្សា ដែលមាន​ដូចជា គម្រោង​ភ្នំពេញ​-​ក្រចេះ​, ទន្លេសាប (​ព្រែក​ព្នៅ​-​ពញ្ញា​ឭ​), ទន្លេបាសាក់ (​ស្រុក​ស្អាង​), ទន្លេមេគង្គ​លើ (​ស្ពាន​ព្រែ​កតា​មា​) និង​ទន្លេមេគង្គ​ក្រោម (​ដីឥដ្ឋ​) ជាដើម​។  នេះ​បើតាម លោក ស៊ុន ចាន់ថុល ៕


Tag:
 នាវា
© រក្សាសិទ្ធិដោយ thmeythmey.com