ជាតិ
បោះឆ្នោត
មិនបាន​កៅអី​មែន តែ​ហ្វ៊ុនស៊ិនប៉ិច កើន​សំឡេង​ជាង​១​សែន​
02, Aug 2018 , 7:59 am        
រូបភាព
សម្តេចក្រុមព្រះ ជួបអ្នកគាំទ្រនាពេលកន្លងមក។ រូបពីហ្វេសបុកឈ្មោះ ព័ត៌មានពីសម្តេចក្រុមព្រះ
សម្តេចក្រុមព្រះ ជួបអ្នកគាំទ្រនាពេលកន្លងមក។ រូបពីហ្វេសបុកឈ្មោះ ព័ត៌មានពីសម្តេចក្រុមព្រះ
ដោយ:
​ភ្នំពេញ​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មាន​សំឡេងគាំទ្រ​ច្រើនជាង​នីតិកាល​ទី​៥​។  តែ​ចំនួន​នៃ​ការកើនឡើង​នេះ នៅតែ​មិនទាន់​អាច​ឲ្យ​គណបក្ស​រាជានិយម​មួយ​នេះ ទទួលបាន​កៅអី​ក្នុង​រដ្ឋសភា​ដដែល​។



​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នៅក្នុង​នីតិកាល​នេះ មាន​សំឡេងគាំទ្រ​កើនឡើង​ច្រើនជាង​នីតិកាល​ទី​៥ កាលពី​ឆ្នាំ​២០១៣​។ លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ផ្សាយ​ដោយ​គណៈកម្មាការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែលមាន​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន ទទួលបាន​សំឡេងគាំទ្រ​ចំនួន ៣៧៣៥២៦ ស្មើនឹង ៥.៨៨% នៃ​សន្លឹកឆ្នោត​បានការ​សរុប​។​

​សំឡេងគាំទ្រ​របស់​គណ​បក្ស​រាជានិយម មានការ​កើនឡើង បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ កាលពី​ឆ្នាំ​២០១៣ ដោយ​កាលនោះ ទទួលបាន​សំឡេងគាំទ្រ​ចំនួន ២៤២៤១៣​។ ទោះជា​កើនឡើង​ក្តី តែ​គណបក្ស​នេះ នៅតែ​មិនអាច​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា សម្រាប់​ការបោះឆ្នោត​នីតិកាល​ទី​៦​។ តាម​ការ​គណនា​ក្រៅផ្លូវការ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ ដែល​ទទួលបាន​អាសនៈ​។

​តាមពិតទៅ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច  ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​សម្ដេច​រាជបុត្រី នរោត្តម អរុណរស្មី កាលពី​បោះឆ្នោត​ឆ្នាំ​២០១៣ ក៏​មិន​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែរ​។
​បើ​ប្រៀបធៀប​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ កាលពី​ឆ្នាំ​២០១៧ សំឡេងគាំទ្រ​របស់​គណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ដូចគ្នា​។ នៅ​ឆ្នាំ​២០១៧ គណបក្ស​នេះ ទទួលបាន​សំឡេងគាំទ្រ​ចំនួន​១៣២៣១៩​។

​សូមបញ្ជាក់ថា លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេងគាំទ្រ​ជាង​៤,៨​លាន (​លំដាប់​ទី​១) គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​សំឡេងគាំទ្រ​ជាង ៣,៧​សែន (​លំដាប់​ទី​២) គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួលបាន​សំឡេងគាំទ្រ​ជាង ៣​សែន (​លំដាប់​ទី​៣) គណបក្ស​ឆន្ទៈ​ខ្មែរ ទទួលបាន​សំឡេងគាំទ្រ​ជាង ២​សែន (​លំដាប់​ទី​៤) ហើយ​គណបក្ស​ទាំង​១៦​ទៀត ទទួលបាន​សំឡេងគាំទ្រ មិន​ដល់​ខ្ទង់សែន​នោះទេ​៕


Tag:
 នយោបាយ​
  បោះឆ្នោត​
  គជប​
  ហ្វ៊ុនស៊ិនប៉ិច
© រក្សាសិទ្ធិដោយ thmeythmey.com