ជាតិ
បោះឆ្នោត
​សម​ភាគី​វៀតណាម និង​ឡាវ សាទរ​សម្តេច ហ៊ុន សែន​
01, Aug 2018 , 5:37 pm        
រូបភាព
សម្តេច ហ៊ុន សែន​ជាមួយ​សមភាគីវៀតណាម និងឡាវ។ រូបថត AFP
សម្តេច ហ៊ុន សែន​ជាមួយ​សមភាគីវៀតណាម និងឡាវ។ រូបថត AFP
ដោយ: ថ្មីៗ
​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​នាយករដ្ឋមន្ត្រី​ឡាវ បាន​ផ្ញើ​សារ​អបអរសាទរ​ជួន​ដល់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បានទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។ តាម​លទ្ធផល​បឋម សម្តេច ហ៊ុន សែន បន្ត​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជាមួយនឹង​ការ​ឈ្នះ​ទាំង​១២៥​អាសនៈ​។



​មួយថ្ងៃ​ក្រោយ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​សរសេរ​ទៅកាន់​សម្តេច ហ៊ុន សែន ថា លោក​មាន​ក្តីសប្បាយ​រីករាយ​ក្រោយ​ដឹង​ពី​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបន្ត​ដឹកនាំ​ប្រទេស​។​

​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ជឿជាក់ថា សម្តេច ហ៊ុន សែន បន្ត​នាំ​សន្តិភាព​ដល់​ប្រទេសជាតិ និង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ការរួមចំណែក​ពង្រឹង​សន្តិភាព ស្តេ​រ​ភាព ក្នុង​តំបន់​អាស៊ាន និង​នៅលើ​ពិភពលោក​។​

​ជាមួយគ្នា​ផងដែរ Thongloun Sisoulith នាយករដ្ឋមន្ត្រី​ឡាវ បានលើកឡើង​នៅក្នុង​សារ​អបអរ​របស់ខ្លួន​នា​ថ្ងៃទី​៣១ ខែកក្កដា ថា ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ដែលមាន​ស្រាប់​រវាង​ប្រទេស​ទាំងពីរ នឹងត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​។​

​ក្នុងន័យ​ស្រដៀង​គ្នា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក៏​ទទួលបាន​សារ​អបអរសាទរ​ពី​សម​ភាគី​វៀតណាម និង​ឡាវ ផងដែរ​៕


Tag:
 បោះឆ្នោត​
  វៀតណាម​
  កម្ពុជា​
  សាទរ
© រក្សាសិទ្ធិដោយ thmeythmey.com