ជាតិ
បោះឆ្នោត
នយោបាយជាតិ
អ្នកនាំពាក្យ CPP ថា សហភាពអឺរ៉ុបគ្មានផ្លូវដាក់ទណ្ឌកម្មលើកម្ពុជាឡើយ
× ភ្នំពេញ៖ ជាថ្មីម្ដងទៀត សភាអឺរ៉ុប នៅតែស្នើឲ្យមានការដាក់ទណ្ឌកម្មលើកម្ពុជា ពាក់ព័ន្ធនឹងករណីសិទ្ធិមនុស្ស ។ ការជំរុញឲ្យមានការដាក់ទណ្ឌកម្មលើកម្ពុជានេះ ធ្វើឡើងស្របពេលដែលកម្ពុជា ទើបតែបញ្ចប់ការបោះឆ្នោត នៅថ្ងៃទី២៩ កក្កដា។ តែអ្នកនាំពាក្យគណបក្សប្រជាជនថា គ្មានផ្លូវណាមួយដែលអឺរ៉ុប ដាក់ទណ្ឌកម្មមកលើកម្ពុជាឡើយ។
ទោះបីកម្ពុជា បញ្ចប់ការបោះឆ្នោត ដោយមានពលរដ្ឋបំពេញសិទ្ធិ ៨២,៨៩ ភាគរយក្តី ក៏សភាអឺរ៉ុប នៅតែមានកូនចិត្តចង់ឲ្យរដ្ឋាភិបាលអឺរ៉ុប ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា ដោយភ្ជាប់នឹងករណីរំលោភសិទ្ធិមនុស្ស។ ក្នុងក្រសែភ្នែកសភាអឺរ៉ុប ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅមិនល្អឡើយ ដោយសារមានការគាបសង្កត់មកលើគណបក្សប្រឆាំង និងអ្នកមិនពេញចិត្តរដ្ឋាភិបាល។
អនុគណៈកម្មការសិទ្ធិមនុស្សនៃសភាអឺរ៉ុបលោក Pier Antonio Panzeri ដែលបានស្នើឲ្យគណៈកម្មការអឺរ៉ុប ចាត់វិធានការលើកម្ពុជា បានលើកពីបញ្ហារំលោភបំពានសិទ្ធិមនុស្សយ៉ាងដូច្នេះថា៖«ការវិវដ្តស្ថានការណ៍ចុងក្រោយនៅកម្ពុជាបច្ចុប្បន្ន ក្នុងនោះមានការប្រើហិង្សា និងការដាក់ទោសទណ្ឌលើលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់ ដែលវាជាភស្តុតាងមួយ បង្ហាញថា ស្ថានភាពកម្ពុជាកំពុងបន្តដំណើរទៅកាន់ការធ្លាក់ចុះនៃការគោរពសិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ដោយសារការបំបិទសំឡេងអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេស»។
បន្ថែមពីនេះលោក Pier Antonio ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាលើការដោះលែងលោក កឹម សុខា ដើម្បីបង្ហាញពីដំណើរការគោរពគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលរដ្ឋាភិបាលកម្ពុជា តែងតែអះអាងកន្លងមក។
ឆ្លើយតបនឹងការលើកឡើងរបស់អនុគណៈកម្មការសិទ្ធិមនុស្សនៃសភាអឺរ៉ុបខាងលើ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា កម្ពុជា មិនមានការរំលោភសិទ្ធិមនុស្សឡើយ ពោលគឺការចាត់វិធានការលើក្រុមប្រឆាំងកន្លងមក រដ្ឋាភិបាល បានអនុវត្តស្របតាមផ្លូវច្បាប់ត្រឹមត្រូវ។ សម្រាប់លោក សុខ ឥសាន ការលើកឡើងរបស់តំណាងសភាអឺរ៉ុបនេះ គ្រាន់តែជាទស្សននយោបាយចង់ដាក់សម្ពាធលើកម្ពុជាប៉ុណ្ណោះ ។ និយាយបែបចំអកវិញ លោក សុខ ឥសាន បានអះអាងថា គ្មានផ្លូវណាមួយ ដែលសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើកម្ពុជាឡើយ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ការដាក់ទណ្ឌកម្មមកលើកម្ពុជាលុះត្រាមានកុងសងស៊ីស (ចំណុចឯកច្ឆ័ន) រវាងប្រទេសទាំង២៨ ដែលជាសមាជិកសហភាពអឺរ៉ុប។ ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះ ក៏មានប្រទេសខ្លះគាំទ្រដល់កម្ពុជា ក្នុងការអនុវត្តការងារផ្លូវច្បាប់លើបក្សប្រឆាំងកន្លងមកដែរ។ ដូច្នេះខ្ញុំយល់ថា ការដាក់ទណ្ឌកម្មលើកម្ពុជា គឺវាជាលក្ខណបច្ចេកទេសសុទ្ធសាធ។ ដូច្នេះខ្ញុំយល់ថា ការដាក់ទណ្ឌកម្មលើកម្ពុជា គឺមិនអាចឡើយ»។
មូលហេតុដែលកម្ពុជា មិនអាចរងសម្ពាធ ឬទណ្ឌកម្ម ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនេះ គឺដោយសាររដ្ឋាភិបាលកម្ពុជា បានសម្រួលដល់លក្ខខណ្ឌការងារនិងលើកកម្ពស់សិទ្ធិកម្មករ ដែលស្របតាមច្បាប់អន្តរជាតិ ដូច្នេះវាគ្មានហេតុផលអ្វី ដែលកម្ពុជាត្រូវប្រឈមមុខទណ្ឌកម្មទេ។ នេះជាការបញ្ជាក់របស់លោក សុខ ឥសាន។
ដ្បិតលោក សុខ ឥសាន អះអាងបែបនេះក្តី ប៉ុន្តែកម្ពុជាសព្វថ្ងៃ កំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះប្រទេសមានបញ្ហា ដែលសហភាពអឺរ៉ុប កំពុងពិនិត្យមើលលើការដកប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arm)ផងដែរ។ លោក សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល ជាអ្នកទទួលភារកិច្ចបញ្ចុះបញ្ចូលនិងទប់ស្កាត់វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ» (Everything But Arms-EBAs) ពីប្រទេសកម្ពុជា ដោយលោកកំពុងពិភាក្សាជាមួយសហភាពអឺរ៉ុប។ ភារកិច្ចដែលបេសកជនកម្ពុជា ត្រូវដោះស្រាយជាមួយសហភាពអឺរ៉ុបនោះ គឺមានរយៈពេលចាប់ពីថ្ងៃទី១៨មិថុនា ដល់ខែ១ វិច្ឆិកាខាងមុខ។
គួរបញ្ជាក់ថា ការនាំចេញសរុបរបស់កម្ពុជាទៅទីផ្សារ EU ក្នុងឆ្នាំ២០១៦ មានទឹកប្រាក់ចំនួន ៦២៥៩ លានដុល្លារអាមេរិក។ កម្ពុជាទទួលបានការអនុគ្រោះពន្ធទាំងស្រុងពីទីផ្សារនេះ។ ក្រសួងបញ្ជាក់ទៀតថា បើមិនទទួលបានការអនុគ្រោះពន្ធទេនោះ កម្ពុជាត្រូវបង់ពន្ធចំនួន ៦៧៦ លានដុល្លារ។ ចំណែកទំហំទឹកប្រាក់នាំចេញ ក្នុងឆ្នាំ២០១៧ មានជាង៥ពាន់លានដុល្លារ។ នេះតាមរបាយការណ៍របស់គណកម្មការអឺរ៉ុបដែលចេញផ្សាយកាលពីខែមេសាកន្លងទៅ ។ ទំនិញដែលកម្ពុជានាំទៅទីផ្សារមួយនេះ រួមមាន សំលៀកបំពាក់ ស្រោមជើង ស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក កៅស៊ូ និងទោចក្រយាន ជាដើម៕
Tag:
អឺរ៉ុប
កម្ពុជា
សិទ្ធិមនុស្ស
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com