ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
តើកម្ពុជា នៅតែមានឈ្មោះថា ប្រជាធិបតេយ្យសេរីពហុបក្ស?
02, Aug 2018 , 2:35 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ឈាង វុន បេក្ខជនតំណាងរាស្ត្រនៅខេត្តបាត់ដំបងសម្រាប់នីតិកាលទី៦, លោកមេធាវី សុក សំអឿន, លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
ពីឆ្វេងទៅស្តាំ៖ លោក ឈាង វុន បេក្ខជនតំណាងរាស្ត្រនៅខេត្តបាត់ដំបងសម្រាប់នីតិកាលទី៦, លោកមេធាវី សុក សំអឿន, លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
ដោយ: ថ្មីៗ
កម្ពុជា នៅតែត្រូវបានចាត់ទុកថាជាប្រទេស ដែលអនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្សដដែល បើទោះជារដ្ឋសភាក្នុងនីតិកាលទី៦នេះ មានបក្សតែមួយក៏ដោយ។ នេះជាការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក្រោយពីមជ្ឈដ្ឋានខ្លះ បានលើកឡើងថា កម្ពុជា លែងមានពហុបក្សទៀតហើយ ដោយសារតែរដ្ឋសភា ត្រូវបានគ្រប់គ្រងដោយឯកបក្ស។



តាមការគណនាក្រៅផ្លូវការលើលទ្ធផលបឋមនៃការបោះឆ្នោតថ្ងៃទី២៩កក្កដាកន្លងទៅនេះ អាសនៈទាំងអស់ក្នុងរដ្ឋសភា នឹងធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជារបស់សម្តេច ហ៊ុន សែន ដែលទទួលបានសំឡេងគាំទ្រដ៏ច្រើនលើសលប់។ ឯគណបក្សផ្សេងទៀត ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតដែរនោះ ពុំបានទទួលអាសនៈឡើយ។

ហេតុដូច្នេះ ក្នុងនីតិកាលទី៦នេះ រដ្ឋសភាកម្ពុជា នឹងត្រូវដឹកនាំដោយឯកបក្ស ខណៈមាត្រា៥១នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រទេសកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ តើរបបប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា នៅមានទៀតដែរឬ?

លោក ឈាង វុន មន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងគណបក្សប្រជាជនកម្ពុជា ដែលបានជាប់ឆ្នោតធ្វើជាតំណាងរាស្រ្តច្រើននីតិកាល បានឆ្លើយដោយមិនស្ទាក់ស្ទើរថា ទោះជាមានបក្សតែមួយក្តី ក៏រដ្ឋសភា នៅតែដំណើរការបាន ហើយរដ្ឋាភិបាលថ្មី នៅតែអាចបង្កើតឡើង ដោយស្របច្បាប់ដដែល។ តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ បេក្ខជនតំណាងរាស្រ្តនៅខេត្តដំបងសម្រាប់នីតិកាលទី៦រូបនេះ សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖«គ្មានខ្លឹមសារនៃច្បាប់មួយបន្ទាត់ណា មួយពាក្យណា ដែលថារដ្ឋសភាហ្នឹង មិនអាចដំណើរការបានទេ នៅពេលបក្សមួយឈ្នះឆ្នោតតែម្នាក់ឯង»។

បន្ទាប់មក លោក ឈាង វុន ក៏ពន្យល់ពីពាក្យពហុបក្ស។ លោកបានបញ្ជាក់ថា ពហុបក្ស គឺសំដៅលើរបបមួយដែលមានបក្សច្រើន ហើយបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ លោក បន្ថែមថា ពហុបក្ស មិនមែនទាល់តែមានបក្សច្រើន នៅក្នុងរដ្ឋសភានោះទេ។ សម្រាប់លោក ឈាង វុន ការរិះគន់លើការបោះឆ្នោត ពីសំណាក់មជ្ឈដ្ឋាននានា រួមទាំងសហគមន៍អន្តរជាតិមួយចំនួនផងនោះ ហាក់ជារឿងធម្មតា។ លោកអះអាងថា កម្ពុជាមិនខ្វល់នឹងការរិះគន់ទាំងនោះឡើយ ប៉ុន្តែអ្វីដែលកម្ពុជាត្រូវខ្វល់ គឺការរស់នៅរបស់ប្រជាពលរដ្ឋ។ 

អ្នកនយោបាយ ដែលតែងតែឆ្លើយឆ្លងជាមួយអ្នកកាសែតពីការងាររដ្ឋសភារូបនេះ បានបញ្ជាក់ចុងក្រោយយ៉ាងដូច្នេះថា៖«ពាក្យគេថាឯកបក្សអីហ្នឹង គឺគេថាអស់ហើយ គេមិនមែនទើបនឹងថានៅថ្ងៃនេះទេ។ គេ ថារហូតដល់អាក្រក់ជាងនេះផង។ តែរដ្ឋសភាកម្ពុជា នៅតែដំណើរការ ប្រជាធិបតេយ្យនៅតែរស់ ហើយយើងនឹងបន្តប្រឹងប្រែងបម្រើឆន្ទៈពលរដ្ឋ»។

លោក សុក សំអឿន មេធាវីដ៏ល្បីមួយរូបនៅកម្ពុជា មិននិយាយឲ្យដាច់ស្រេចឡើយ ថាកម្ពុជា នៅតែជាប្រជាធិបតេយ្យសេរីពហុបក្ស ឬក៏មិនមែន ដោយលោកទុកភារៈនេះឲ្យស្ថាប័នមានសមត្ថកិច្ច ជាអ្នកបំភ្លឺ។ យ៉ាងណា លោកបាននិយាយពីរផ្លូវចំពោះពាក្យពហុបក្ស។ លោកបានលើកឡើងថា បើបកស្រាយតាមន័យទូលាយ កម្ពុជានៅតែជាប្រជាធិបតេយ្យសេរីពហុបក្ស តែបើបកស្រាយតាមផ្លូវន័យចង្អៀតវិញ គឺប្រហែលជាមិនមែននោះទេ។

លោកមេធាវី ដែលមានបទពិសោធច្រើនឆ្នាំក្នុងការការពារក្តីរូបនេះ បានពន្យល់តាមន័យទូលាយថា បើពហុបក្សសំដៅតែទៅលើការរៀបចំឲ្យមានបក្សច្រើនចូលរួមក្នុងការបោះឆ្នោតដូច្នេះ កម្ពុជា នៅតែជាប្រទេសប្រកាន់ពហុបក្សដដែល ពីព្រោះ ពេលបោះឆ្នោត មានបក្សដល់ទៅ២០ បានចូលរួម។

ប៉ុន្តែ បើពហុបក្ស សំដៅថាទាល់តែមានបក្សច្រើនក្នុងរដ្ឋសភា ដូច្នេះ កម្ពុជាលែងហៅថាពហុបក្សទៀតហើយ។ នេះជាន័យចង្អៀត ដែលលោកមេធាវីដដែល បានលើកមកបកស្រាយ។

លោក សុក សំអឿន ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ដោយលើកជាសំណួរខ្លួនឯងបែបនេះថា៖«សួរថា ពហុបក្សនៅពេលណា? នៅពេលចូលរួមបោះឆ្នោត ឬក៏នៅពេលដណ្តើមអាសនៈក្នុងរដ្ឋសភា? យើង អត់ច្បាស់ត្រង់កន្លែងហ្នឹង។ ខ្ញុំ យល់ថា គួរតែឲ្យក្រុមប្រឹក្សាធម្មនុញ្ញ ជាអ្នកបកស្រាយ និងឲ្យយោបល់ ពីព្រោះយើង អត់មានសិទ្ធិបកស្រាយទេ»។

លោក ឈឹម ផលវរុណ អ្នកនាំពាក្យម្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលជាបណ្ឌិតមានជំនាញផ្នែកនីតិរដ្ឋធម្មនុញ្ញ បានពន្យល់ស្រដៀងនឹងលោក ឈាង វុន ដែរ ជុំវិញពាក្យពហុបក្សនេះ។ លោក បញ្ជាក់ថា ពហុបក្ស គឺសំដៅលើរបបនយោបាយ និងសង្គម ដែលអនុញ្ញាតឲ្យមានបក្សច្រើន។ បើតាមអ្នកជំនាញផ្នែកនីតិរដ្ឋធម្មនុញ្ញរូបនេះ ពហុបក្ស មិនមែនសំដៅថាទាល់តែមានបក្សច្រើនក្នុងរដ្ឋសភានោះទេ។

លោក ឈឹម ផលវរុណ បកស្រាយប្រាប់សារព័ត៌មានថ្មីៗ បែបនេះថា៖«ពហុបក្ស គឺជារបបនយោបាយ និងសង្គម ដែលគេអាចបញ្ចេញមតិ និងទស្សនៈផ្សេងៗពីគ្នាបាន។ មិនមែនចាំតែបញ្ចេញមតិក្នុងរដ្ឋសភាទេ។ កន្លងមក ពេលរដ្ឋសភា ធ្វើច្បាប់ គេនាំគ្នាបញ្ចេញមតិក្រៅរដ្ឋសភា បានតើ។ ហ្នឹងហើយជាប្រជាធិបតេយ្យសេរីពហុបក្ស»។

មិនមែនមានតែរដ្ឋសភាទេ សូម្បីព្រឹទ្ធសភា ក៏ត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯងដែរ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានាពេលកន្លងមក គណបក្សប្រជាជនកម្ពុជា ឈ្នះទាំងស្រុង ដូចការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានាពេលនេះ។

ខុសគ្នាបន្តិចនៅត្រង់ថា ព្រឹទ្ធសភា មានសមាជិក២រូប ក្នុងចំណោម៦២រូប មកពីគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែសមាជិក២រូបនោះ មិនមែនបានជាប់ឆ្នោតទេ តែត្រូវបានជ្រើសតាំងដោយរដ្ឋសភា។ សមាជិក២រូបទៀត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ហើយក្រៅពីនេះ សុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា។

ចាប់តាំងពីការបោះឆ្នោតលើកដំបូងក្នុងឆ្នាំ១៩៩៣មក នេះជាលើកទីមួយហើយ ដែលរដ្ឋសភាកម្ពុជា នឹងត្រូវដឹកនាំដោយឯកបក្ស។ ប៉ុន្តែ បើគិតមុនឆ្នាំ១៩៩៣ គឺមិនមែនលើកទី១នោះទេ ដែលរដ្ឋសភាកម្ពុជា មានបក្សតែមួយ។

កាលពីសម័យសង្គមរាស្ត្រនិយម ក្នុងអំឡុងឆ្នាំ១៩៥៥ រដ្ឋសភាកម្ពុជា ក៏ធ្លាប់ដឹកនាំដោយឯកបក្សដែរ។ កាលនោះ គណបក្សសង្គមរាស្រ្តនិយមរបស់ព្រះបាទ នរោត្តម សីហនុ ទទួលសំឡេងគាំទ្រដល់ទៅជាង៨០ភាគរយឯណោះ ហើយក៏បានគ្រប់គ្រងរដ្ឋសភាទាំងមូល៕
 

Tag:
 បោះឆ្នោត
  ឈាង វុន
  សុក សំអឿន
© រក្សាសិទ្ធិដោយ thmeythmey.com