អន្តរជាតិ
នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RCEP អាច​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨ នេះ
02, Aug 2018 , 7:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង (កណ្ដាល) ឈរថតរូបជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន (រូបភាព AFP)
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង (កណ្ដាល) ឈរថតរូបជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ាន (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង នៅ​ថ្ងៃទី​២ ខែសីហា បានបង្ហាញ​ក្ដីសង្ឃឹម​ថា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់ (RCEP) នឹងត្រូវ​ចុះហត្ថលេខា​នៅ​ដំណាច់ឆ្នាំ​២០១៨ នេះ​។ កិច្ចព្រមព្រៀង​នេះ ត្រូវបាន​គាំទ្រ​ដោយ​ចិន ហើយ​ពេល​លេច​រូបរាង​ជា​ផ្លូវការ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​នេះ នឹង​គ្របដណ្ដប់​លើ​ចំនួន​ប្រជាជន​ជាង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​របស់​ពិភពលោក​។



​នាឱកាស​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​នៅ​ថ្ងៃទី​២ ខែសីហា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បានលើកឡើង​ពី​សារសំខាន់​ដែល​អាស៊ាន​ត្រូវ​បន្ត​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​។ ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០១៨ ផង​នោះ លោក លី ក៏​ទទួលស្គាល់ថា អាស៊ាន​ក៏​រង​សម្ពាធ​មិនតិច​ដែរ​ចំពោះ​ជំហរ​របស់ខ្លួន ស្រប​ពេលដែល​ចរន្ត​នយោបាយ​គាំពារ​និយម​របស់​អាមេរិក​កំពុង​បង្ក​ការក្ដៅក្រហាយ​ជាមួយ​មហាអំណាច​សេដ្ឋកិច្ច​ផ្សេងទៀត​ដូចជា​ចិន និង​សហគមន៍​អឺរ៉ុប​ជាដើម​។​

​ស្របតាម​ជំហរ​គាំទ្រ​ពហុភាគី​និយម​ផ្នែក​ពាណិជ្ជកម្ម សមាជិក​អាស៊ាន​ទាំងអស់​បន្តការងារ​រ​បស់​ខ្លួន​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ក្នុង​តំបន់ (RCEP) ជាមួយ​ប្រទេស​៦​ផ្សេងទៀត និង​កិច្ចព្រមព្រៀង​ការដឹកជញ្ជូន​តាម​អាកាស​គ្រប់​ជ្រុងជ្រោយ (CATA) ជាមួយ​សហភាព​អឺរ៉ុប​។ ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​និយាយថា សមាជិក​ទាំងអស់​នឹង​ប្រឹង​បញ្ចប់ RCEP នៅ​ចុងឆ្នាំ​២០១៨ នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។​

«​នៅពេល​ត្រូវបាន​បង្កើត RCEP និង CATA នឹង​ផ្ញើ​សារ​ច្បាស់ៗ​ពី​ការប្ដេជ្ញាចិត្ត​របស់​អាស៊ាន​លើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម និង​សមាហរណកម្ម​សេដ្ឋកិច្ច​។​» នេះ​ជាការ​លើកឡើង​របស់លោក លី ចំពោះមុខ​ប្រមុខ​ការទូត​របស់​សមាជិក​អាស៊ាន និង​ប្រទេស​ដៃគូ​ជាច្រើន មុននឹង​បន្តថា លោក​ទទួលស្គាល់​ការចរចា​នឹង​ជួប​ការលំបាក​ខ្លាំង ព្រោះតែ​ការកើនឡើង​ចលនា​ជាតិនិយម និង​គាំពារ​និយម​នៅ​ទូទាំង​ពិភពលោក​។ 

​កិច្ចព្រមព្រៀង RCEP ដែលមាន​ចិន​គាំទ្រ​ពីក្រោយ នឹង​លេច​ជា​រូបរាង​នៅពេល​ខាងមុខ ហើយ​នឹងមាន​សមាជិក​ដំបូង​ចំនួន​១៦​ប្រទេស​ដូចជា​សមាជិក​អាស៊ាន​ទាំង​១០ ចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ និង​ឥណ្ឌា​។ អាមេរិក មិន​ត្រូវបាន​បញ្ចូល​ក្នុង​គម្រោង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏​មួយ​នេះ​ទេ ដ្បិត​កាល​មុន អាមេរិក​បាន​ដឹកនាំ​កិច្ចព្រមព្រៀង​មួយទៀត​គឺ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក តែ​បាន​ដកខ្លួន​ក្នុង​អាណត្តិ​លោក ដូ​ណា​ល់ ត្រាំ ។​

​តាមពិតទៅ កិច្ចព្រមព្រៀង​ដែល​នឹង​គ្រប់​ដណ្ដប់​ចំនួន​ប្រជាជន​ច្រើនសន្ធឹក​សន្ធាប់​មួយ​នេះ មាន​គោលដៅ​សំខាន់​ជា​គូប្រជែង​នៃ TPP ដែល​ផ្ដើមគំនិត​ដោ​អាមេរិក ប៉ុន្តែ​បច្ចុប្បន្ននេះ​ក្លាយជា​កិច្ចព្រមព្រៀង​ថ្មី​មួយទៀត ក្រោយ​អាមេរិក​ដើរចេញ​ផុត​ទៅ​។ ប្រទេស​សេសសល់​ខ្លះ ដែលជា​សមាជិក RCEP ដែរនោះ ក៏​ព្យាយាម​បង្កើត​កិច្ចព្រមព្រៀង​ថ្មី​ដែលមាន​ឈ្មោះថា កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ៕


Tag:
 សិង្ហ​បុរី​
  ចិន​
  RCEP
  លី សៀន​ឡុង​
© រក្សាសិទ្ធិដោយ thmeythmey.com