ជាតិ
សម្តេច ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​បែលហ្ស៊ិក តួ​ក​គី និង​ស្វី​ស នា​អំឡុង​ខែតុលា​
02, Aug 2018 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​ប្រទេស​បែលហ្ស៊ិក តួ​ក​គី និង​ស្វី​ស នា​អំឡុង​ខែតុលា ខាងមុខ​។ ដំណើរ​ទៅកាន់​នៅ​តំបន់​អឺរ៉ុប​របស់​សម្តេច ហ៊ុន សែន នឹង​ធ្វើឡើង​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​អណ​ត្តិ​ទី​៦ បន្ទាប់ពី​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ទាំង​១២៥​អាសនៈ ។ សម្តេច​បាន​បញ្ជាក់ថា ថ្ងៃទី​២០ ខែកញ្ញា ជា​ថ្ងៃ​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​។​



​មិនទាន់​ប្រកាស​ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​អាណត្តិ​ថ្មី​ផង សម្ដេច ហ៊ុន សែន បានទទួល​លិខិត​ដោយឡែក​ពីរ​ច្បាប់ ពី​ប្រធាន​ស្នងការ​អឺរ៉ុប ដែល​អញ្ជើញសម្ដេច ឲ្យ​ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប និង​កិច្ចប្រជុំ​អាស៊ាន​-​អឺរ៉ុប​។ សម្ដេច ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ទាំងពីរ​នេះ នាទី​ក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែលហ្ស៊ិក នៅ​ថ្ងៃទី​១៧-១៩ ខែតុលា ខាងមុខ​។ ក្រៅពី​កិច្ចប្រជុំ​នេះ ប្រមុខ​រដ្ឋាភិបាល ក៏​នឹង​ទៅ​ទស្សនកិច្ច​បណ្ដា​ប្រទេស​អឺរ៉ុប​ដទៃទៀត​ផង​។​

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​ខណ្ឌមានជ័យ នៅ​ថ្ងៃទី​២ សីហា សម្ដេច ហ៊ុន សែន បាន​និយាយថា សម្ដេច​នឹង​ទស្សនកិច្ច​នៅ​ប្រទេស​តួ​ក​គី នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២២ ខែតុលា មុននឹង​ទៅ​ប្រទេស​ស្វី​ស ដើម្បី​ចូលរួម​ប្រជុំ​សន្និសីទ​អន្ដរជាតិ​ស្ដីពី​ពាណិជ្ជកម្ម នៅ​ទីក្រុង​ហ្សឺ​ណែវ នៅ​ថ្ងៃទី​២៣ ដល់​ថ្ងៃទី​២៥ ។​

​អម​ជាមួយ​កម្មវិធី​ទាំងនេះ សម្ដេច ហ៊ុន សែន បាន​និយាយ​បែប​ផ្លែផ្កា​ទៅ​ឲ្យ​អ្នកប្រឆាំង​សម្ដេច ដែល​រស់នៅ​បណ្ដា​ប្រទេស​ទាំងនោះ ត្រៀមខ្លួន​ធ្វើបាតុកម្ម​តវ៉ា និង​វត្តមាន​របស់ខ្លួន​ផងដែរ​។ «​បើ​យោងទៅលើ​ប្រតិទិន​នេះ គ្រាន់តែ​ជម្រាប​ឲ្យ​ហើយ ដើម្បី​ឲ្យ​អ្នក​នៅ​ខាង​អឺរ៉ុប​ត្រៀម​ធ្វើបាតុកម្ម​ប្រឆាំង​ខ្ញុំ​តទៅទៀត ហើយ​អ្នក​ដែល​ត្រូវ​មកជួប​ជាមួយ​ខ្ញុំ ក៏​ត្រៀម​រៀបចំ​ដើម្បី​ជួប​ខ្ញុំ​ផងដែរ ព្រោះ​ធម្មតា​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​ខ្ញុំ នៅតាម​ប្រទេស​នានា មិនបាន​ស្មើនឹង​១០​ភាគរយ នៃ​អ្នក​ដែល​មកជួប​គាំទ្រ​ខ្ញុំ​ទេ រាប់ទាំង​ទៅ​អូស្ដ្រាលី​ចុងក្រោយ​។ គេ​ថា​មហា​បាតុកម្ម មហា​រុយៗ មិនបាន​មនុស្ស​១០០​នាក់​ផង រួចហើយ​ទៅ​ជ្រកកោន​ជាមួយ​វៀតណាម​ផង ជាមួយ​ភូមា​ផង ជាមួយ​ថៃ​ផង ជាមួយ​ឡាវ ដើម្បី​ទៅ​ថតរូប​មើលទៅ​ឃើញ​បាន​ច្រើន ឯខ្ញុំ​នេះ​វិញ ត្រូវគេ​(​អ្នកគាំទ្រ​)​ចាប់​ថើ​ម​ឲ្យ​ពេញ​ផ្លូវ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​។​

​ព្រះករុណា ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា នឹង​ចេញ​ព្រះរាជសារ​មួយ កោះប្រជុំ​សមាជិក​តំណាងរាស្ត្រ​ពី​គណបក្ស​ដែល​ឈ្នះ​ចូល​រដ្ឋសភា នឹង​ស្បថសច្ចា​ប្រណិធាន​ចូលកាន់​តំណែង នៅ​ថ្ងៃទី​១៩ កញ្ញា​។ ក្រោយ​ធ្វើ​សច្ចាប្រណិធាន នៅ​ចំពោះ​ព្រះ​ភក្ត្រ​អង្គ​ព្រះមហាក្សត្រ​រួចហើយ រដ្ឋាភិបាល​ថ្មី ក៏​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២០ ខែកញ្ញា ហើយ​ស្បថ​ចូលកាន់​តំណែង​គណៈរដ្ឋមន្ត្រី នឹងត្រូវ​ធ្វើឡើង នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​៕


Tag:
 ហ៊ុន សែន​
  អឺរ៉ុប​
  អាស៊ាន​
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com