ជាតិ
បោះឆ្នោត
ស.ស.យ.ក៖ ការបោះឆ្នោតនីតិកាលទី៦ មានបរិយាកាសល្អ ដោយគ្មានការគំរាមកំហែង
× ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វាយតម្លៃថា ការបោះឆ្នោតដែលបានបញ្ចប់ កាលពីពេលថ្មីៗនេះ ប្រព្រឹត្តទៅល្អ ដោយគ្មានការគំរាមកំហែង។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានប្រឹងប្រែងរៀបចំការបោះឆ្នោតឲ្យដំណើការទៅដោយរលូន ដើម្បីធានាពីភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។ នេះជាការមើលឃើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានដាក់អ្នកសង្កេតការណ៍ទូទាំង ២៥មណ្ឌលមានចំនួន ៣៦,៥៥៧នាក់ នៅតាមការិយាល័យនានា។
សហភាពសហព័ន្ធយុវជនកម្ពុជា បានបន្ថែមថា គ.ជ.ប បានបង្កើនទំនុកចិត្តទៅដល់គ្រប់មជ្ឈដ្ឋាន ដែលពាក់ព័ន្ធនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងខ្លឹមសារនៃសេចក្ដីថ្លែងការណ៍ ស.ស.យ.ក បានលើកឡើងដូច្នេះថា ៖«ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតក្នុងបរិយាកាសល្អ គ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ និងគ្មានការគំរាមកំហែង។ ចំពោះដំណើរការរាប់សន្លឹកឆ្នោត បានឆ្លុះបញ្ចាំងពីតម្លាភាព និងបើកចំហរ។ ពីព្រោះមានការចូលរួមពីគ្រប់ភាគីពាកព័ន្ធ ជាតិនិងអន្តរជាតិ»។
ដ្បិតដំណើការបោះឆ្នោតល្អ ប៉ុន្តែក៏មានមន្ត្រីបម្រើឲ្យការបោះឆ្នោតនៃ គ.ជ.ប មួយចំនួនតូច នៅមានភាពខ្វះខាតតិចតួចដែរ។ ប៉ុន្តែវាមិនមែន ជាបញ្ហាចោទសម្រាប់ការបោះឆ្នោតឡើយ។ នេះជាការបញ្ជាក់របស់ស.ស.យ.ក ។
Tag:
ស.ស.យ.ក
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com