ជាតិ
បោះឆ្នោត
ស​.​ស​.​យ​.​ក​៖ ការបោះឆ្នោត​នីតិកាល​ទី​៦ មាន​បរិយាកាស​ល្អ ដោយ​គ្មាន​ការគំរាមកំហែង​
02, Aug 2018 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) វាយតម្លៃថា ការបោះឆ្នោត​ដែល​បានបញ្ចប់ កាលពីពេល​ថ្មីៗ​នេះ ប្រព្រឹត្តទៅ​ល្អ ដោយ​គ្មាន​ការគំរាមកំហែង​។​
​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ បាន​ប្រឹងប្រែង​រៀបចំ​ការបោះឆ្នោត​ឲ្យ​ដំណើការ​ទៅដោយ​រលូន ដើម្បី​ធានា​ពី​ភាពត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​។ នេះ​ជាការ​មើលឃើញ​របស់​ស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​បានដាក់​អ្នកសង្កេតការណ៍​ទូទាំង ២៥​មណ្ឌល​មាន​ចំនួន ៣៦,៥៥៧​នាក់ នៅតាម​ការិយាល័យ​នានា​។​



​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​បន្ថែមថា គ​.​ជ​.​ប បាន​បង្កើន​ទំនុកចិត្ត​ទៅដល់​គ្រប់​មជ្ឈដ្ឋាន ដែល​ពាក់ព័ន្ធ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
​នៅក្នុង​ខ្លឹមសារ​នៃ​សេចក្ដីថ្លែងការណ៍ ស​.​ស​.​យ​.​ក បានលើកឡើង​ដូច្នេះ​ថា ៖«​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតក្នុង​បរិយាកាស​ល្អ គ្មាន​អំពើហិង្សា គ្មាន​ការបំភិតបំភ័យ និង​គ្មាន​ការគំរាមកំហែង​។ ចំពោះ​ដំណើរការ​រាប់​សន្លឹកឆ្នោត បាន​ឆ្លុះបញ្ចាំង​ពី​តម្លាភាព និង​បើកចំហរ​។ ពីព្រោះ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាកព័ន្ធ ជាតិ​និង​អន្តរជាតិ​»​។​

​ដ្បិត​ដំណើការ​បោះឆ្នោត​ល្អ ប៉ុន្តែ​ក៏មាន​មន្ត្រី​បម្រើ​ឲ្យ​ការបោះឆ្នោត​នៃ គ​.​ជ​.​ប មួយចំនួន​តូច នៅមាន​ភាពខ្វះខាត​តិចតួច​ដែរ​។ ប៉ុន្តែ​វា​មិនមែន ជា​បញ្ហា​ចោទ​សម្រាប់​ការបោះឆ្នោត​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​ស​.​ស​.​យ​.​ក ។​



Tag:
 ស​.​ស​.​យ​.​ក​
  បោះឆ្នោត​
 ​គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com