ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បោះឆ្នោត
លោក ហ៊ុន ម៉ា​នី​ ថា​យុវជន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន ដើម្បី​ឱកាស​ខ្លួនឯង និង​អនាគត​កម្ពុជា​
02, Aug 2018 , 5:40 pm        
រូបភាព
​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​ឆ្នាំ​២០១៨ បង្ហាញថា ចំនួន​យុវជន​ដែលមាន​អាយុ​១៨​ដល់​៣៥​ឆ្នាំ ដែលមាន​សិទ្ធិ​បោះឆ្នោត​មាន​ប្រមាណ​ជា​៤៦% នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​។ ក្នុងចំណោម​សំឡេងឆ្នោត​ដ៏​ច្រើន​លើសលប់​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន ពិតណាស់ថា​មាន​សន្លឹកឆ្នោត​របស់​ក្រុមយុវជន​ខាងលើនេះ​មិនតិច​ឡើយ​។ តើ​ការ​ទៅ​បោះឆ្នោត​របស់​ពួកគេ​ក្នុងពេល​ថ្មីៗ​នេះ និង​ជាពិសេស​ការសម្រេច​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​មានន័យ​យ៉ាងណា​? លោក ហ៊ុន ម៉ា​នី បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​យល់ព្រម​ផ្តល់​បទ​សម្ភាស​តាម​សំណេ​ដល់​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ ដើម្បី​ពន្យល់​បកស្រាយ​បញ្ហា​នេះ​។​



​លោក លាង ដឺ​លុច​៖ បើទោះជា​លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ ប៉ុន្តែ​ច្បាស់​ណាស់ ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នឹង​បន្ត​ដឹកនាំ​រដ្ឋាភិបាល​សម្រាប់រ​យៈ​ពេល​៥​ឆ្នាំ​ទៅមុខទៀត​។ ជាមួយគ្នានេះ យោង​ស្ថិតិ​នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​សរុប​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ចំនួន​យុវជន​អាយុ​១៨ ដល់​៣៥​ឆ្នាំ ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨ មាន​ប្រមាណ​ជា​៤៦%​នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប​។ តើ​ការ​ទៅ​បោះឆ្នោត​របស់​ពួកគេ​ក្នុងពេល​ថ្មីៗ​នេះ និង​ជា ពិសេស ការបោះឆ្នោត​គាំទ្រ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​មានន័យ​យ៉ាងណា​?

​លោក ហ៊ុន ម៉ា​នី​៖ ខ្ញុំ​យល់ថា ការសម្រេចចិត្ត​របស់​ពួកគាត់​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​បំណងប្រាថ្នា និង​ការចង់បាន​របស់​ប្រជាជន​កម្ពុជា និង​ជាពិសេស​បង្ហាញ​ពី​ភាពជឿជាក់​របស់​ពួកគាត់​មកលើ​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​យើង​ឆ្លៀត​ក្រលេកមើល​បន្តិច​ទៅ​ប្រវត្តិសាស្ត្រ​យើង ដែល​ត្រូវបាន​ហែកហួរ​ដោយសារ​សង្គ្រាមស៊ីវិល​អូសបន្លាយ​ជាច្រើន​ទសវត្ស​នោះ យុវជន​យើង​ពិតជា​មិនដែល​មានឱកាស​គ្រប់គ្រាន់ សមស្រប និង​ស្ងប់ស្ងាត់​មួយ​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​អស់​លទ្ធភាព​នោះឡើយ​។ ជាក់ស្តែង ត្រឹមតែ​លើ​វិស័យ​អប់រំ យើងទាំងអស់គ្នា​ពិតជា​យល់ថា ការទទួលបាន​នូវ​ការអប់រំ​ដ៏​មានគុណ​ភាព​មួយ ទាមទារ​ជា​ចាំបាច់​នូវ​សន្តិភាព​ដ៏​យូ​អង្វែង​មួយ ដែល​អាច​ផ្តល់​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​បណ្តុះ​សមត្ថភាព​។ ដូចគ្នានេះដែរ ការយក​ចំណេះដឹង​ទៅ​បម្រើ​សង្គមជាតិ ក៏​ទាមទារ​ឲ្យ​សង្គម​នោះ​មាន​ស្ថិរភាព​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ ដែល​អាច​បង្ករ​លទ្ធភាព​ឲ្យ​យុវជន​ទាំងអស់នោះ អាច​យកចំណេះ​ដឹង​រប​ស់​ខ្លួន​ទៅប្រើ​ប្រាស់ ដើម្បី​ចូលរួម​ក្នុង​កិច្ច​អភិវឌ្ឍ​សង្គមជាតិ​មួយ​ប្រកបដោយ​ថាមពល​។ ក្នុងន័យនេះ ការសម្រេចចិត្ត​ចេញទៅ​បោះឆ្នោត​របស់​ពួកគាត់​កាលពីពេល​ថ្មីៗ​នេះ ស្តែង​យ៉ាងច្បាស់​ពី​សេចក្តីសង្ឃឹម​របស់​យុវជន​យើង ចំពោះ​អនាគត​របស់​ពួកគេ ដែល​ត្រូវ​ផ្តើមចេញពី​សង្គម​មួយ​ដែលមាន​សន្តិភាព និង​ស្ថិរភាព ដែលជា​កត្តា​សត្យានុម័ត ឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​សារវន្ត​របស់​ពួកគាត់​។​



​ការបោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទៀតសោត ក៏​ជាការ​ឆ្លុះបញ្ចាំង​ពី​ការជឿជាក់​ចំពោះ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​នេះ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ដែលមាន​ចក្ខុវិស័យ​ច្បាស់លាស់ មាន​យន្តការ​អនុវត្ត​គោលនយោបាយ​ជាក់លាក់ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ក៏​ជា​គណបក្ស​ដែលមាន​បទពិសោធន៍​ក្នុង​ការដឹកនាំ​ច្រើនជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។

​លោក លាង ដឺ​លុច​៖ ជាការ​ពិត បើតាម​ប្រសាសន៍​របស់លោក យុវជន​បាន​គាំទ្រ និង​ផ្តល់​សេចក្តីទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ពួកគេ​បោះឆ្នោត​ឲ្យ​គណបក្ស​នេះ​។ ប៉ុន្តែ​សន្លឹកឆ្នោត​របស់​ពួកគេ ក៏​អាច​មានន័យថា ពួកគេ​ចង់​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដោះស្រាយ​កិច្ចការ​ធំៗ​របស់​ប្រទេស ដូចជា វិស័យ​ការងារ កសិកម្ម និង​សង្គម​ជាដើម​ផងដែរ​។ តើ​លោក​យល់​យ៉ាងណាដែរ​?

​លោក ហ៊ុន ម៉ា​នី​៖ ពិតណាស់ ក្នុងសង្គម​ប្រជាធិបតេយ្យ រដ្ឋ​ត្រូវ​ស្តាប់​រាស្ត្រ និង​បម្រើ​រាស្ត្រ​។ ការផ្តល់​ទំនុកចិត្ត​ដល់​គណបក្ស​តាមរយ​ការបោះឆ្នោត ជាការ​ផ្តល់នូវ​តួនាទី​កាន់តែ​ធំ​ដល់​គណបក្ស​ក្នុងការ​បំពេញ​នូវ​តម្រូវការ ក៏ដូចជា​ការសម្រេច​នូវ​ជោគវាសនា​ជារួម​របស់​ប្រទេសជាតិ​។  គណបក្ស​ប្រជាជន​កម្ពុជា​ពិតណាស់​នឹង​ខិតខំ​បន្ថែម និង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ស្របតាម​បំណងប្រាថ្នា និង​សេចក្តីទុកចិត្ត​របស់​ពួកគាត់ ដែល​បានផ្តល់​មក​ឲ្យ​គណបក្ស​នេះ​។ ប៉ុន្តែ​ចូរ​ចាំ​ថា ភាពជោគជ័យ​ទាំងឡាយ​ក៏​វា​អាស្រ័យទៅលើ​ការចូលរួម ពី​សំណាក់​ប្រជាជន​កម្ពុជា​គ្រប់រូប ជាពិសេស​ក្រុមយុវជន​ខ្លួនឯង​ផ្ទាល់​តែម្តង ដែល​នេះ​មានន័យថា យុវជន​កម្ពុជា​ត្រូវ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​បន្ថែម​ដែរ ដើម្បី​ភាពជោគជ័យ​ជា​លក្ខណៈ​បុគ្គល ផ្ទាល់ខ្លួន និង​ចុងក្រោយ​ក្រោយ សម្រាប់​ជាតិ​មាតុភូមិ​។​

​លោក លាង ដឺ​លុច​៖ កាលពី​៥​ឆ្នាំ​កន្លងទៅនេះ លោក​បាន​ដឹកនាំ​ធ្វើ​កិច្ចការ​សង្គម និង​កិច្ច​វប្បធម៌​ជាច្រើន ហើយ​ល្បីល្បាញ​ទៀត​។ ក្នុង​អាណត្តិ​ថ្មី​នេះ តើ​លោក​នឹងធ្វើ​អ្វី​បន្ថែមទៀត​សម្រាប់​យុវជន​?



លោក ហ៊ុន ម៉ា​នី​៖ មិន​ថា​ក្នុងតួនាទី​អ្វី​ក្នុង​អាណត្តិ​ថ្មី​នេះ យើង​នឹង​នៅតែ​បន្ត​ធ្វើការ​បន្ថែមទៀត​ជាមួយ​យុវជន​យើង ហើយ​បន្ត​ស្វែងយល់​បន្ថែម​ពី​តម្រូវការ​របស់​ពួកគេ និង​ជួយ​ឲ្យ​ពួកគាត់​អាច​សម្រេចបាន​នូវ​តម្រូវការ​ទាំងនោះ​តាម​អ្វីដែល​យើង​អាច​ធ្វើបាន​។ ជាមួយនឹង​យុវជន យើងទាំងអស់គ្នា​នឹង​បង្កើត​នូវ​ក្តី​សុបិន​មួយ​សម្រាប់​អនាគត​យើង ហើយ​ជាមួយនឹង​សុបិន​នោះ យើង​នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ធ្វើ​វា​ឲ្យ​ក្លាយទៅជា​ការពិត​។ យើង​នឹង​បន្ត​ប្រឹង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​ឲ្យ​យុវជន​យើង​ក្លាយទៅជា​កម្លាំង​ស្នូល​ពិត​នៃ​ការអភិវឌ្ឍ​ជាតិ ហើយ​យើង​ត្រូវតែ​បន្ត​ចូលរួម​ជា​វិជ្ជមាន​បន្ថែមទៀត​សម្រាប់​សង្គមជាតិ​យើង​ដោយហេតុថា​យើង​ម្នាក់ៗ​សុទ្ធ​តែមាន​ភាគហ៊ុន​ស្មើៗ​គ្នា​ក្នុង​ការកសាង​អនាគត​កម្ពុជា​។​

​លោក លាង ដឺ​លុច​៖ ក្រៅតែពី​ជា​សមាសភាព​បេក្ខជន​តំណាងរាស្ត្រ​នីតិកាល​ទី​៦​នេះ លោក​ក៏​ជា​សមាជិក​គណៈកម្មការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។ តើ​លោក​អាចមាន​ប្រសាសន៍​បានទេ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​សម្រេច​អ្វី​ថ្មី​ជា​ដុំកំភួន​ក្នុង​អាណត្តិ​ថ្មី​នេះ​?

លោក ហ៊ុន ម៉ា​នី​៖ ពិតណាស់ ការ​សម្លឹងមើល​អនាគត​មិនអាច​កាត់ផ្តាច់​ចេញពី​ការ​ស្គាល់​ច្បាស់​ពី​អតីតកាល និង​បច្ចុប្បន្នកាល​នៃ​ដំណើរ​វិ​វ​ឌ្ឍ​របស់​ជាតិ​យើង ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានឡើយ​។ យើង​បាន​ចាក​ចេញពី​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប មកជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ស្រប​ពេលដែល​កម្ពុជារ​ក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់​ប្រមាណ​៧% ជា​រៀងរាល់ឆ្នាំ​។ កម្ពុជា​បានក្លាយ​ពី​ប្រទេស​ដែល​ត្រូវការ​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ក្នុង​កិច្ច​រក្សា​សន្តិភាព​ទៅជា​ប្រទេស​ដែល​ផ្តល់​កងកម្លាំង​រក្សា​សន្តិភាព​ជូន​ពិភពលោក​វិញ​។ យើង​បាន និង​កំពុង​សម្លឹងមើល​អនាគត​កម្ពុជា​នៅ​ឆ្នាំ​២០៣០ និង​រហូតដល់​២០៥០ ជាមួយនឹង​ការរៀបចំ​យន្តការ​ច្បាស់លាស់​។ ជាមួយនឹង​គណបក្ស​ប្រជាជន យើង​សម្លឹងមើល​អនាគត​រប​ស់​កម្ពុជា ជាទី​កន្លែង​ដែល​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​សាសនា​និង​ឋានៈ​សង្គម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​សុខដុម​។​

​សម្រាប់​ថ្ងៃ​អនាគត​នេះ កម្ពុជា​នឹង​នៅតែ​បន្ត​ពង្រឹង​និង​ពង្រីក​សាមគ្គីភាព​ផ្ទៃក្នុង​ជាតិ ក្រោម​ម្លប់​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា បន្ត​អនុវត្ត​និង​ពង្រឹង​គោលនយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បន្ត​មិន​យកពន្ធ​អាករ​លើដី​កសិកម្ម​របស់​ប្រជាកសិករ​។ លើសពីនេះ យើង​នឹង​បន្ត​បង្កើន​ប្រាក់បៀវត្សរ៍​ជូន​កម្មករ​កម្មការិនី​តាម​រោងចក្រ និង​បន្ត​បង្កើន​ប្រាក់បៀវត្ស​ន៍​ជូន​មន្ត្រីរាជការ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​សោធន​និវត្តន៍​ឲ្យ​កាន់តែ​ប្រសើរ​។ យើង​ក៏​នឹង​បង្កើត​ឲ្យ​មាន​វិទ្យាល័យ​មួយ​នៅតាម​បណ្តា​ស្រុក​ខណ្ឌ អនុវិទ្យាល័យ​មួយ​នៅតាម​បណ្តា​ឃុំ​សង្កាត់ និង​សាលាបឋមសិក្សា​មួយ​នៅតាម​បណ្តា​ភូមិ​នានា​នៅ​ទូទាំងប្រទេស ព្រមទាំង​បន្ត​ជំរុញ​ប្រសិទ្ធភាព​សេវា​សុខភាព​សាធារណៈ និង​ធ្វើ​ឲ្យ​សេវា​នេះ​បាន​ទៅដល់​ថ្នាក់មូលដ្ឋាន​។​
​យើង​មាន​ការងារ​ច្រើន​ដែល​ត្រូវធ្វើ និង​ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ពលរ​ដ្ឋ ដូច​យើង​បាន​សរសេរ​នៅក្នុង​កម្មវិធី​នយោបាយ​របស់​យើង​។​



​លោក លាង ដឺ​លុច​៖ តើ​លោក​មាន​សុទិដ្ឋិនិយម​យ៉ាងណា​ចំពោះ​អនាគត​កម្ពុជា​?

​លោក ហ៊ុន ម៉ា​នី​៖ ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​កម្ពុជា​។ ខ្ញុំ​បាន​យល់​ពី​អតីតកាល​របស់​កម្ពុជា ខ្ញុំ​ជឿជាក់​លើ​ប​ច្ចុ​ប្ប​ន្ម​ភាព​កម្ពុជា និង​រឹងរឹត​តែមាន​សុទិដ្ឋិនិយម​ចំពោះ​អនាគត​យើងទាំងអស់គ្នា​។ ខ្ញុំ​យល់ឃើញថា កម្ពុជា​កំពុង​ដើរ​នៅលើ​ផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​ក្រោម​ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។ យើង​កំពុង​កសាង​អនាគត​ដ៏​ត្រចះត្រចង់​មួយ​ដោយ​ដៃ​របស់ខ្លួន​ផ្ទាល់ ហើយ​យើង​កំពុង​ដឹកនាំ​វាសនា​ប្រទេស​នេះ​ដោយ​ខ្លួនឯង​ផងដែរ​។ ពិតណាស់ យើង​នៅមាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ ប៉ុន្តែ​យើង​ពិតជា​មាន​សុ​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​កាន់តែ​ប្រសើរ​។ ខ្ញុំ​ចង់​បញ្ជាក់ថា​ជា​ចុងក្រោយ​ថា សុទិដ្ឋិនិយម​មួយ​ក្នុងចំណោម​សុទិដ្ឋិនិយម​ជាច្រើន​ទៀត គឺ​ថាមភាព​របស់​យុវជន​យើង​នេះឯង​៕


Tag:
 យុវជន ហ៊ុន ម៉ា​នី បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com