លោក សម រង្ស៊ី ចង់​ឲ្យ​បោះឆ្នោត​ឡើងវិញ តែ​គ​.​ជ​.​ប ថា​គ្មាន​ផ្លូវ​ទេ​

ជាតិ
បោះឆ្នោត
លោក សម រង្ស៊ី ចង់​ឲ្យ​បោះឆ្នោត​ឡើងវិញ តែ​គ​.​ជ​.​ប ថា​គ្មាន​ផ្លូវ​ទេ​
02, Aug 2018 , 9:59 pm         7865
រូបភាព
រូបលោក កឹម សុខា និងលោក សម រង្ស៊ី ដឹកនាំការតវ៉ានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤
រូបលោក កឹម សុខា និងលោក សម រង្ស៊ី ដឹកនាំការតវ៉ានៅទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤
​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ចលនា​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​លុបចោល​លទ្ធផល​បោះឆ្នោត​នីតិកាល​ទី​៦​នេះ ហើយ​រៀបចំ​ការបោះឆ្នោត​ថ្មី​មួយ​ឡើងវិញ​។ ការទាមទារ​របស់លោក គឺធ្វើឡើង នៅពេល​លោក ផ្តល់​បទ​សម្ភាស​ជាមួយ​វិទ្យុ​សំឡេង​នៃ​សហរដ្ឋអាមេរិក (VOA) ពី​បរទេស កាលពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​។


«​តើ​សហគមន៍​អន្តរជាតិ អាច​ជំរុញ​ឲ្យ​កម្ពុជា រៀបចំ​ការបោះឆ្នោត​សាជាថ្មី​ដែរឬទេ​? អាច ឬមួយ​ក៏​យ៉ាងម៉េច​?»​។ នេះ​ជា​សំណួរ​របស់​ប្រិយមិត្ត​ម្នាក់ ដែល​បាន​ហៅ​ទូរ​សព្ទ​ពី​ប្រទេស​កម្ពុជា ចូលក្នុង​កម្មវិធី​រប​ស់ VOA ហើយក៏​បាន​សួរ​ទៅកាន់​លោក សម រង្ស៊ី​។ 

​លោក សម រង្ស៊ី ឆ្លើយ​យ៉ាងខ្លី​ថា «អាចទៅរួច​»​។ អាចទៅរួច ក៏​ព្រោះតែ​អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ ជឿជាក់​លើ​ទម្ងន់​នៃ​សម្ពាធ​និង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ដែល​ដាក់​មកលើ​ថ្នាក់ដឹកនាំ​កម្ពុជា​។ លោក យល់ថា ស​ម្ពា​ធនិង​ទណ្ឌកម្ម​ទាំងនោះ នឹង​អាច​បង្ខំ​ឲ្យ​មេដឹកនាំ​កម្ពុជា កែប្រែ​ឥរិយាបថ​។​

​ក្នុង​បទ​សម្ភាស​ជាមួយ VOA លោក សម រង្ស៊ី ដែល​កំពុង​និរទេស បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​លោក ហ៊ុន សែន ធ្វើ​អ្វីៗ គឺ​ក្លែងក្លាយ​។ ប្រជាធិបតេយ្យ នីតិរដ្ឋ ការអភិវឌ្ឍ និង​ការបោះឆ្នោត សុទ្ធតែ​ក្លែងក្លាយ​ទាំងអស់​។ អ៊ីចឹង​ហើយ អន្តរជាតិ ថា ល្មម​បញ្ឈប់​ល្បែង​ហ្នឹងហើយ ល្មម​ធ្វើ​អ្វីៗ ឲ្យ​ពិតប្រាកដ​ហើយ​។ អ្វីដែល​យើង ចង់បាន ដើម្បី​ដោះស្រាយ​បញ្ហា​នោះ គឺ​ឈប់​បោះឆ្នោត​ក្លែងក្លាយ និង​លុបចោល​ទៅ​លទ្ធផល​បោះឆ្នោត​ក្លែងក្លាយ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ហើយ​រៀបចំ​ការបោះឆ្នោត​មែនទែន​»​។

«​មិនមាន​ច្រក ឬ​ផ្លូវច្បាប់​ណាមួយ ដែល​អាចទៅរួច​ទេ សម្រាប់​ការបោះឆ្នោត​សាជាថ្មី​»​។ នេះ​ជាការ​ឆ្លើយតប​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ចំពោះ​ការទាមទារ​របស់លោក សម រង្ស៊ី​។

​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គ​.​ជ​.​ប រូបនេះ បាន​បកស្រាយ​ថា ការបោះឆ្នោត កាលពី​ថ្ងៃទី​២៩ ខែកក្កដា គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់​។ លោក សង្កត់ធ្ងន់​ណា អាច​បោះឆ្នោត​សាជាថ្មី លុះត្រា​តែមាន​ប្រធាន​ស័ក្តិ ឬក៏​ករណី​ដ៏​ចាំបាច់​ណាមួយ​។

​លោក លើក​ជា​ឧទាហរណ៍​ថា បើ​ទឹកជំនន់ កើតឡើង​នៅ​ទូទាំងប្រទេស (​ប្រធាន​ស័ក្តិ​) ហើយ​ធ្វើ​ឲ្យ​ការិយាល័យ​បោះឆ្នោត​ទាំងអស់ មិនអាច​ដំណើការ​បាន ទើប​ការពន្យារពេល​នៃ​ការបោះឆ្នោត ឬក៏​ការបោះឆ្នោត​ឡើងវិញ អាច​នឹងត្រូវ​លើក​ទៅ​ពិចារណា​។ លោក បន្ថែមថា តែ​ឧបសគ្គ​ខាងលើ ពុំបាន​កើតឡើង​នោះទេ សម្រាប់​ការបោះឆ្នោត​នាពេល​ថ្មីៗ​នេះ​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ឲ្យ លោក សម រង្ស៊ី ថា វា ហួសពេល​ទៅហើយ ដែល​ត្រូវ​ទាមទារ​ឲ្យ​មានការ​បោះឆ្នោត​ឡើងវិញ​។ លោក សង្កត់ធ្ងន់ថា ដំណាក់​កាលនេះ មិនមែន​ត្រូវ​និយាយ​ពី​រឿង​បោះឆ្នោត​ឡើងវិញ​នោះទេ តែ​ត្រូវ​និយាយ​ពី​ការបង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​។

​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​រឿង​អី​ត្រូវ​បោះឆ្នោត​ឡើងវិញ បើ​ប្រជាពលរដ្ឋ​ជាង​៨០​ភាគរយ ទៅ​បោះឆ្នោត​ហើយ​ហ្នឹង​។ មិនមែន​តែ​លោក សម រង្ស៊ី ទេ ទោះជា​ពួក​បរទេស​ណា​មក​ទាម​ទារ ក៏​វា​អត់​ប្រសិទ្ធភាព​ដែរ​»​។

​សូមបញ្ជាក់ថា ក្នុងចំណោម​គណបក្ស​ទាំង​២០ មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច ហ៊ុន សែន ប៉ុណ្ណោះ ដែលមាន​លទ្ធផល​ខ្ពស់​ជាងគេ ក្នុងការ​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា​។ សំឡេងគាំទ្រ ដែល​គណបក្ស​១៩​ទៀត ទទួលបាន គឺ​មិន​គ្រប់គ្រាន់ ដើម្បី​បាន​អាសនៈ​ឡើយ​។  គ​.​ជ​.​ប នឹង​ប្រកាស​ផ្លូវការ​ស្តីពី​ការបែងចែក​អាសនៈ នៅ​ថ្ងៃទី​១៥ សីហា​។ ប៉ុន្តែ បើ​មាន​ពាក្យបណ្តឹង​ណាមួយ គ​.​ជ​.​ប អាច​នឹង​លើក​ទៅ​ប្រកាស​នៅ​ថ្ងៃទី​១០ ខែកញ្ញា វិញ​៕



Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  គជប​
  ហង្ស ពុទ្ធា​
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង