គ​.​ជ​.​ប ប្ដូរ​ទៅ​ទីតាំង​ថ្មី ឲ្យ​បាន​មុន​ថ្ងៃ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​

ជាតិ
បោះឆ្នោត
គ​.​ជ​.​ប ប្ដូរ​ទៅ​ទីតាំង​ថ្មី ឲ្យ​បាន​មុន​ថ្ងៃ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​
03, Aug 2018 , 8:59 am         13480
រូបភាព
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
​ភ្នំពេញ​៖ ទីស្នាក់ការនៃគណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ (គ.ជ.ប) កំពុង​ត្រូវ​ផ្លាស់ប្តូរ​ទៅអគារ​ថ្មីសន្លាងរបស់ខ្លួន​ដែលស្ថិតនៅ​ក្បែរ​អគារ​ Naga World ថ្មី ទល់មុខ​ពុទ្ធសាសនៈបណ្ឌិត្យ។ ការិយាល័យទាំងអស់នៃ​ គ.ជ.ប ត្រូវ​ទៅដល់ទីតាំង​ថ្មី​ឲ្យបានមុន​ថ្ងៃ​ប្រកាសលទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន​ ដែលគ្រោងធ្វើ​នៅថ្ងៃទី​១១​ខែ​សីហា​នេះ។


​ការរើទីស្នាក់ការ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោតទៅ​អគារថ្មី​សន្លាងកំពស់​១៥ជាន់ ត្រូវបាន​គ្រោង​ធ្វើឡើងនៅមុន​ការ​បោះឆ្នោត។ ប៉ុន្តែ​ លោក ហង្ស ពុទ្ធា​ ដែលជាអ្នកនាំពាក្យ​​នៃស្ថាប័នជាតិ​មួយបានពន្យល់ថា ការ​រុះរើ​ការិយាល័យនៅពេលនោះ អាច​នឹងជះផលប៉ះពាល់ដល់សុវត្ថិភាព ទិន្នន័យនានា និងបញ្ជីឈ្មោះអ្នកបោះឆ្នោត​ ជាដើម។ បើតាមប្រសាសន៍​របស់​លោក ហង្ស ពុទ្ធា​ ដដែល ពេលវេលានេះ គឺជាកាលៈទេសៈ​ដ៏សមរម្យ។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់​យ៉ាង​ដូច្នេះ៖«​ការសម្រេច​ប្ដូរ​ទីតាំងនៅ​ពេលនេះ ព្រោះ​វាជា​ពេលដែល​គ​.​ជ​.​ប មាន​ពេលទំនេរ​ច្រើន។ ម្យ៉ាងវិញទៀត ការបោះឆ្នោត​ បានប្រព្រឹត្តទៅ​រួចរាល់​ផងដែរ​។ ដូច្នេះ​ក្រុមការងារ​មិន​ព្រួយបារម្ភ​ក្រែង​មាន​បញ្ហា​ទិន្នន័យ​ជាយថាហេតុនោះ​ឡើយ​»​។​

អត្ថបទទាក់ទង


​នៅក្នុង​ដំណើរការ​នៃ​ការផ្លាស់ប្ដូរ​ទីតាំង​ថ្មី​នេះ គេហទំព័រ​របស់ គ​.​ជ​.​ប ចំនួន​២ ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន រួមមាន www.voterlist.org.kh និង rms.voterlist.org.kh ដោយសារ​មន្ត្រី​បច្ចេកទេស​ធ្វើការ​ថែទាំ និង​ត្រួតពិនិត្យ​ម៉ាស៊ីន​មេ (Server)​។​

​សេចក្ដីប្រកាស​របស់ គ​.​ជ​.​ប នៅ​ថ្ងៃទី​២ ខែសីហា បាន​បញ្ជាក់ថា គេហទំព័រ​ដែល​ផ្សាយ​ពី​ឈ្មោះ និង​ទីតាំង​ការិយាល័យ និង​គេហទំព័រ ដែល​ផ្សាយ​លទ្ធផល​សំឡេងឆ្នោត បាន​ផ្អាក​ដំណើរការ​ផ្សាយ ជា​បណ្ដោះអាសន្ន ចាប់ពី​ម៉ោង​៣ រហូតដល់​ម៉ោង​៩​យប់ ថ្ងៃទី​២ ខែសីហា​។ បន្ទាប់មកទៀត គេហទំព័រ​ទាំងពីរ នឹង​ផ្អាក​ដំណើរការ​ម្តងទៀត​រយៈពេល​១​សប្តាហ៍​ ក្រុមបច្ចេកទេសរបស់​ គ.ជ.ប ត្រូវរុះរើ និងដំឡើង​ម៉ាស៊ីនមេ​នៅអគារ​ទីស្នាក់ការថ្មី​របស់​ គ​.​ជ​.​ប៕ 



Tag:
 គ​.​ជ​.​ប​
 ​បោះឆ្នោត​
 ​នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង