ជាតិ
បោះឆ្នោត
គ.ជ.ប ប្ដូរទៅទីតាំងថ្មី ឲ្យបានមុនថ្ងៃប្រកាសលទ្ធផលបណ្ដោះអាសន្ន លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប
× ភ្នំពេញ៖ ទីស្នាក់ការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងត្រូវផ្លាស់ប្តូរទៅអគារថ្មីសន្លាងរបស់ខ្លួនដែលស្ថិតនៅក្បែរអគារ Naga World ថ្មី ទល់មុខពុទ្ធសាសនៈបណ្ឌិត្យ។ ការិយាល័យទាំងអស់នៃ គ.ជ.ប ត្រូវទៅដល់ទីតាំងថ្មីឲ្យបានមុនថ្ងៃប្រកាសលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ដែលគ្រោងធ្វើនៅថ្ងៃទី១១ខែសីហានេះ។
ការរើទីស្នាក់ការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅអគារថ្មីសន្លាងកំពស់១៥ជាន់ ត្រូវបានគ្រោងធ្វើឡើងនៅមុនការបោះឆ្នោត។ ប៉ុន្តែ លោក ហង្ស ពុទ្ធា ដែលជាអ្នកនាំពាក្យនៃស្ថាប័នជាតិមួយបានពន្យល់ថា ការរុះរើការិយាល័យនៅពេលនោះ អាចនឹងជះផលប៉ះពាល់ដល់សុវត្ថិភាព ទិន្នន័យនានា និងបញ្ជីឈ្មោះអ្នកបោះឆ្នោត ជាដើម។ បើតាមប្រសាសន៍របស់លោក ហង្ស ពុទ្ធា ដដែល ពេលវេលានេះ គឺជាកាលៈទេសៈដ៏សមរម្យ។ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់យ៉ាងដូច្នេះ៖«ការសម្រេចប្ដូរទីតាំងនៅពេលនេះ ព្រោះវាជាពេលដែលគ.ជ.ប មានពេលទំនេរច្រើន។ ម្យ៉ាងវិញទៀត ការបោះឆ្នោត បានប្រព្រឹត្តទៅរួចរាល់ផងដែរ។ ដូច្នេះក្រុមការងារមិនព្រួយបារម្ភក្រែងមានបញ្ហាទិន្នន័យជាយថាហេតុនោះឡើយ»។
នៅក្នុងដំណើរការនៃការផ្លាស់ប្ដូរទីតាំងថ្មីនេះ គេហទំព័ររបស់ គ.ជ.ប ចំនួន២ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រួមមាន www.voterlist.org.kh និង rms.voterlist.org.kh ដោយសារមន្ត្រីបច្ចេកទេសធ្វើការថែទាំ និងត្រួតពិនិត្យម៉ាស៊ីនមេ (Server)។
សេចក្ដីប្រកាសរបស់ គ.ជ.ប នៅថ្ងៃទី២ ខែសីហា បានបញ្ជាក់ថា គេហទំព័រដែលផ្សាយពីឈ្មោះ និងទីតាំងការិយាល័យ និងគេហទំព័រ ដែលផ្សាយលទ្ធផលសំឡេងឆ្នោត បានផ្អាកដំណើរការផ្សាយ ជាបណ្ដោះអាសន្ន ចាប់ពីម៉ោង៣ រហូតដល់ម៉ោង៩យប់ ថ្ងៃទី២ ខែសីហា។ បន្ទាប់មកទៀត គេហទំព័រទាំងពីរ នឹងផ្អាកដំណើរការម្តងទៀតរយៈពេល១សប្តាហ៍ ក្រុមបច្ចេកទេសរបស់ គ.ជ.ប ត្រូវរុះរើ និងដំឡើងម៉ាស៊ីនមេនៅអគារទីស្នាក់ការថ្មីរបស់ គ.ជ.ប៕
Tag:
គ.ជ.ប
បោះឆ្នោត
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com