ជាតិ
សេដ្ឋកិច្ច
ADB ប្រកាស​ចាប់ផ្ដើម​អនុវត្ត​យុទ្ធសាស្ត្រ​ឆ្នាំ​២០៣០ នៅ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​
02, Aug 2018 , 8:49 pm        
រូបភាព
លោក Takehiko Nakao ប្រធាន ADB
លោក Takehiko Nakao ប្រធាន ADB
ដោយ:
​​ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​យុទ្ធសាស្ត្រ​រយៈពេល​វែង​ថ្មី​របស់​ធនាគារ​នេះ ដែលមាន​ឈ្មោះថា យុទ្ធសាស្ត្រ​ឆ្នាំ ២០៣០ ដោយបាន​ដាក់ចេញ​នូវ​ចក្ខុវិស័យ​ទូលំទូលាយ និង​ការឆ្លើយតប​ជា​យុទ្ធសាស្ត្រ​របស់​ស្ថាប័ន​នេះ ចំពោះ​ការវិវត្ត​នៃ​តម្រូវការ​របស់​អាស៊ី និង​ប៉ាស៊ីហ្វិក​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ ADB នៅ​ថ្ងៃទី​២​ខែសីហា​។​



​លោក Takehiko Nakao ប្រធាន ADB មានប្រសាសន៍ថា​៖«​អាស៊ី និង​ប៉ាស៊ីហ្វិក បានសម្រេច​នូវ​វឌ្ឍនភាព​យ៉ាង​ធំធេង ក្នុង​រយៈពេល​ពាក់កណ្ដាល​សតវត្សរ៍​ចុងក្រោយ​នេះ លើ​ការ​ការកាត់បន្ថយ​ភាពក្រីក្រ និង​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​ក៏​នៅមាន​របៀបវារៈ​អភិវឌ្ឍន៍ ដែល​ពុំទាន់​បានបញ្ចប់​ទាំងស្រុង​នៅឡើយ​។ ក្រោម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ២០៣០ នេះ យើង​នឹង​រួមបញ្ចូល​ធនធាន​ហិរញ្ញវត្ថុ ចំណេះដឹង និង​ភាពជា​ដៃគូ ដើម្បី​ធានា​និរន្តរភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង សំដៅ​លុបបំបាត់​ភាពក្រីក្រ​ធ្ងន់ធ្ងរ និង​ពង្រីក​ចក្ខុវិស័យ​របស់​យើង ដើម្បី​ឈានទៅ​បង្កើត​តំបន់​មួយ ប្រកបដោយ​វិបុលភាព បរិ​យាប​ន្ន និង​ចីរភាព​»​។​
 
​យុទ្ធសាស្ត្រ ២០៣០ ទទួលស្គាល់ថា របៀបវារៈ​អភិវឌ្ឍន៍ ត្រូវ​តម្រឹម​ឱ្យ​ស្របតាម​កាលៈទេសៈ​ជាក់លាក់​តាម​ប្រទេស​នីមួយៗ​។ ADB នឹង​ពង្រឹង​វិធីសាស្ត្រ​អនុវត្ត​ការងារ សម្រាប់​ប្រទេស​នីមួយៗ លើកកម្ពស់​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ និង​អនុវត្ត​អន្តរាគមន៍​គ្រប់​ជ្រុងជ្រោយ ដែល​បញ្ចូល​ជំនាញ​ឯកទេស​ពី​តាម​វិស័យ និង​ប្រធានបទ​ផ្សេងៗ​ជាមួយគ្នា តាមរយៈ​ប្រតិបត្តិការ​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ចម្រុះ​រួមគ្នា​។ 
 
ADB នឹង​បន្ត​ផ្តល់​អាទិភាព​លើ​ការគាំទ្រ​ដល់​ប្រទេស​ដែល​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាងគេ ក្នុង​តំបន់​នេះ​។ ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ប្រកបដោយ​និរន្តរភាព បរិ​យាប​ន្ន និង​ភាព​ធន់ នៅ​បន្ត​ជា​អាទិភាព​ដ៏​សំខាន់​មួយ​។ ទន្ទឹមគ្នានេះ ADB នឹង​ពង្រីក​ប្រតិបត្តិការ ក្នុង​វិស័យ​សង្គម ដូចជា អប់រំ សុខាភិបាល និង​កិច្ច​គាំពារ​សង្គម​ផងដែរ​។ 
 
​ការគាំទ្រ​របស់ ADB នឹង​ផ្ដោតលើ​អាទិភាព​ប្រតិបត្តិការ​ចំនួន​៧ ដែល​រួមមាន ទី​១/ ការឆ្លើយតប​ចំពោះ​ភាពក្រីក្រ ដែល​នៅ​សេសសល់ និង​ការកាត់បន្ថយ​វិសមភាព ទី​២/ ការ​ព​ន្លឿ​ន​វឌ្ឍនភាព ដើម្បី​ឈានទៅ​សម្រេច​សមភាព​យេនឌ័រ ទី​៣/ ការឆ្លើយតប​ចំពោះ​ការប្រែប្រួល​អាកាសធាតុ ទី​៤/ ការធ្វើឱ្យ​ទីក្រុង​កាន់តែ​ជា​កន្លែង​ដែល​អាច​រស់នៅ​បានល្អ ទី​៥/ ការលើកកម្ពស់​ការអភិវឌ្ឍ​ជនបទ និង​សន្តិសុខ​ស្បៀង ទី​៦/ ការពង្រឹង​អភិបាលកិច្ច និង​សមត្ថភាព​ស្ថាប័ន និង​ទី​៧/ ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​សមាហរណកម្ម​តំបន់​។​
 
​ទោះជា ADB មិនបាន​ប្រកាស​ពី​ទំហំ​ទឹកប្រាក់​សរុប​ដែល​នឹងត្រូវ​ប្រើប្រាស់​ក្នុង​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន​នេះ​ក៏ដោយ តែ​ធនាគារ​មួយ​នេះ​បាន​បញ្ចេញ​ទំហំ​ថវិកា​សម្រាប់​ផ្នែក​អាកាសធាតុ​។ ហិរញ្ញប្បទាន​អាកាសធាតុ​ពី​ប្រភពធនធាន​ផ្ទាល់​របស់ ADB នឹងមាន​ចំនួន​រហូតដល់ ៨០ ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០៣០៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com