អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតប្រធានាធិបតីក្របំផុត៖ បើល្មោភលុយ កុំធ្វើនយោបាយ ធ្វើជំនួញទៅ ! អតីតប្រធានាធិបតីអ៊ុយរូហ្គាយលោក ហូសេ មូហ៊ីហ្កា (Jose Mujica) ។ រូបថត AFP
× អតីតប្រធានាធិបតីអ៊ុយរូហ្គាយលោក ហូសេ មូហ៊ីហ្កា (Jose Mujica) មានវ័យ ៨៣ ឆ្នាំធ្លាប់ទទួលបានឈ្មោះជាប្រធានាធិបតីក្រីក្រជាងគេលើលោកមុនពេលដែលលោកបញ្ចប់អណត្តិរបស់ខ្លួននៅឆ្នាំ ២០១៥។ ពេលស្ថិតក្នុងតំណែង លោកធ្លាប់ផ្តល់គំនិតយោបល់ និងការណែនាំដល់មនុស្សទូទៅផងដែរឲ្យគិតគូរហ្មត់ចត់មុនចូលប្រឡូកក្នុងវិស័យនយោបាយ។ លោកប្រាប់ថា បើស្រេកឃ្លានលុយកាក់ គេមិនគួរចូលធ្វើនយោបាយនោះឡើយ។
ជីវិត គឺជាជម្រើស។ វាអាចស្មុគស្មាញ ឬរីករាយអាស្រ័យលើមនុស្សម្នាក់អ្នកជ្រើសរើសប៉ុណ្ណោះ។ លោក ហូសេ មូហ៊ីហ្កា មិនដែលខ្វាយខ្វល់នឹងជីវិតហ៊ឺហាឡើយ។ ពេលកាន់តំណែងជាប្រធានាធិបតីអ៊ុយរូហ្គាយ លោកបានបរិច្ចាគលុយប្រាក់បៀវត្សរហូតដល់ ៩០ភាគរយទៅសប្បុរសធម៌, ជិះឡានស៊េរីចាស់គ្មានអង្គរក្សហែហម និង ជ្រើសរើសការរស់នៅក្នុងជីវភាពសាមញ្ញក្នុងផ្ទះតូចមួយជាយក្រុងវិញ។
ដោយសារបែបនេះហើយ គេនាំគ្នាហៅលោក មូហ៊ីហ្កាថា ជាប្រធានាធិបតីក្របំផុតនៅលើលោកផង។ យ៉ាងណាមិញ លោកអះអាងថា លោកគ្រាន់តែចង់សន្សំសំចៃប៉ុណ្ណោះ មិនមែនលោកក្រទេ។ លោកបានផ្តល់និយមន័យថា មនុស្សក្រីក្រជាមនុស្សមានតម្រូវការច្រើនពេកក្រៃ រស់នៅខ្វះមុខ ខ្វះក្រោយសព្វបែបយ៉ាង។ ប៉ុន្តែលោកមិនដែលខ្វះខាតនោះឡើយ។
និយាយពីបញ្ហាមនោគមន៍វិជ្ជានយោបាយវិញ លោក មូហ៊ីហ្កា តែងតែប្រឆាំងនឹងការបោះឆ្នោត ជ្រើសរើស ប្រធានាធីបតី ឬមេដឹកនាំឲ្យកាន់តំណែងច្រើនដងបន្តបន្ទាប់គ្នា។ លោកយល់ថា ការណ៍នេះនឹង ជំរុញអោយមនុស្សម្នាក់ ឬក្រុមទាំងនោះមានលទ្ធភាពកាន់អំណាចយូរ ហើយនិងជំរុញឲ្យពួកគេប្រពឹត្ត អំពើពុករលួយក្នុងស្ថាប័នរដ្ឋ និងការរំលោភអំណាចជាដើម។
ម្យ៉ាងទៀត លោកតែងមើលឃើញខ្លួនឯងជាអ្នកសាធារណរដ្ឋ ហើយលោកជឿជាក់ ថាគ្មានមនុស្សណាល្អ ជាងមួយណាឡើយ សូម្បីតែប្រធានាធិបតីក៏ដោយ។ លោកចាត់ទុក ប្រធានាធិបតី ជាអ្នកទទួលបានការបោះឆ្នោត ពីប្រជាជន ដើម្បីបម្រើប្រជាជន ក្នុងនាមមន្ត្រីរាជការម្នាក់ប៉ុណ្ណោះ។ ពួកគេមិនមែនជាស្តេច ឬជាព្រះ ដែលត្រូវបន្តតំណែង យូរអង្វែងឡើយ។ ដូច្នេះអ្នកកាន់តំណែងកំពូលដូចជាប្រធានាធិបតី ក៏ត្រូវតែចាកចេញ និងមិនត្រូវបន្តកាន់តំណែងយូរពេកទេ។ នេះក៏ដោយសារ វាមានអ្នកដទៃ អាចជំនួសតំណែងនេះបាន។
ដោយឡែកលោក មូហ៊ីហ្កា ធ្លាប់បានណែនាំឲ្យមនុស្សទូទៅផងដែរថា ប្រសិនបើគេជាអ្នកល្មោភលុយកាក់ ឬចង់មានចង់បានរហ័សនោះ ពួកគេកុំធ្វើជាអ្នកនយោបាយ ឬមន្ត្រីរាជការឲ្យសោះ។ ផ្ទុយទៅវិញ ពួកគេគួរទៅធ្វើជាអ្នកជំនួញ៕
© រក្សាសិទ្ធិដោយ thmeythmey.com