ជាតិ
អាជ្ញាធរ នឹង​ត្រៀម​ថវិកា​ស្តា​ការខូចខាត​នៃ​គ្រោះទឹកជំនន់​ក្នុង​ខេត្តស្ទឹងត្រែង​
03, Aug 2018 , 7:19 pm        
រូបភាព
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
រូបភាពបានពីក្រសួងធនធានទឹក និងឧតុនិយម
​ស្ទឹងត្រែង​៖ អាជ្ញាធរ នឹង​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ស្តា​ឡើងវិញ នូវ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ លំនៅដ្ឋាន និង​ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់ កំពុងស្នាក់នៅ​ទីទួល​សុវត្ថិភាព​។

 


​លោក ម៉ែន គង់ នាយករង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ទឹកជំនន់​ដែល​បានកើត​ឡើង​នេះ បាន​បណ្ដា​ឲ្យ​ភូមិ​ចំនួន​១៧ ក្នុង​ឃុំ​៤ នៅ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ជន់​លិច ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​១២៨៨​គ្រួសារ បង្ខំចិត្ត​ចាកចេញ​ពី​លំនៅដ្ឋាន​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព​។ ទឹកជំនន់​នេះ បានធ្វើ​ឲ្យ​ផលដំណាំ​ជាង​១០០០​ហិកតា ស្ថិតក្នុង​ការខូចខាត​ដែលមាន​ដំណាំ​ស្រូវ​មាន​៨៧៨​ហិកតា និង​ចម្ការ​ដំណាំ​ផ្សេង​មាន​២៥៩​ហិកតា​។​

​បន្ទាប់ពី​មាន​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់ អាជ្ញាធរខេត្ត​បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំ ពិសេស​ស្រូវ​ដែល​បាន​ខូចខាត​។ ចំពោះ​ផលដំណាំ​ស្រូវ អាជ្ញាធរ​នឹង​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ថ្នាក់​ខេត្ត ក្នុង​ការផ្តល់​ពូជស្រូវ​ថ្មី​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។ នេះ​បើតាម​លោក ម៉ែន គង់​។​

​នាយករង​រដ្ឋបាលខេត្ត​ស្ទឹងត្រែង បានបញ្ជាក់​ដូច្នេះ​ថា ៖«​កញ្ចប់​ថវិកា​សម្រាប់​ស្តា​ការខូចខាត​ឡើងវិញ​នៅ​តំបន់​រងគ្រោះ​ទឹកជំនន់​ក្នុងស្រុក​សៀម​ប៉ាង គឺ​មិនមាន​រូបរាង​នៅឡើយ​ទេ​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សិក្សា និង​ធ្វើការ​វាយតម្លៃ​តាម​បច្ចេកទេស​ឲ្យ​បានជា​ក់លាក់​ពី​ការខូចខាត ទើប​រៀបចំ​គម្រោង​ចំណាយ​ជូន​អាជ្ញាធរខេត្ត​។ បន្ទាប់ពី​បានទទួល​គម្រោង​ចំណាយ​ហើយ អាជ្ញាធរខេត្ត​នឹង​ស្នើសុំ​ថវិកា​ពី​រដ្ឋាភិបាល ក្នុង​ការជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​»​។​

​សូមបញ្ជាក់ថា ឃុំ​ចំនួន​៤ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេកុង និង​ឃុំ​ស្រែ​សំបូរ ដែល​បាន​រងគ្រោះ ដោយសារ​ការបាក់​ទំនប់​វា​រី​អគ្គិសនី ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu ប្រទេស​ឡាវ​៕


Tag:
 ទឹកជំនន់​
  ម៉ែន គង់​
  អាជ្ញាធរ​
  ស្ទឹងត្រែង​
© រក្សាសិទ្ធិដោយ thmeythmey.com