ជាតិ
បោះឆ្នោត
នយោបាយជាតិ
ដ្បិតខកចិត្តលទ្ធផលបោះឆ្នោត តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនបោះបង់ក្តីសង្ឃឹមជួយពលរដ្ឋ
× ភ្នំពេញ៖ បើទោះជាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនទទួលបានអាសនក្នុងរដ្ឋសភាក្តី ប៉ុន្តែគណបក្សមួយនេះ មិនបោះបង់ចោលក្តីសង្ឃឹមដែលចង់ជួយដោះស្រាយបញ្ហាពលរដ្ឋឡើយ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដឹងលទ្ធផលខ្លួនជាស្រេចហើយថា មិនទទួលបានអាសនក្នុងឡើយ បើទោះជាមិនទាន់មានលទ្ធផលផ្លូវការពីគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)ក្តី។
ដ្បិតខកចិត្តលទ្ធផលបោះឆ្នោតនេះ តែគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមិនបោះបង់ចោលក្តីស្រមៃចង់បណ្ដុះយុវជនក្នុងនយោបាយ និងជួយដោះស្រាយបញ្ហាពលរដ្ឋ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ បាននិយាយថា គណបក្សលោកនៅតែបន្តសកម្មភាពជួយពលរដ្ឋ ដែលជួបការលំបាកតាមមូលដ្ឋាន តាមរយៈការអប់រំ និងស្រាវជ្រាវរាល់បញ្ហាពលរដ្ឋជួបប្រទះ ដាក់ជូនរដ្ឋសភាដោះស្រាយ។
«ទោះជាមិនបានកៅអី តែយើងនឹងបន្តសកម្មភាពទៅមុខ ដោយផ្សព្វផ្សាយពីគោលនយោបាយបក្សនៃសៀវភៅបៃតងយើង ធៀបទៅគោលនយោបាយបក្សកាន់អំណាច។ តាមដានសេវាសាធារណៈ ដោយឲ្យពលរដ្ឋចេះវាយតម្លៃលើសេវានេះ ស្រាវជ្រាវនិងចងក្រងបញ្ហាពលរដ្ឋដាក់មករដ្ឋសភាដោះស្រាយ ឧទាហរណ៍ដូចជាករណីពុលទឹក ដីធ្លីជាដើម។ ជាពិសេសអប់រំយុវជន និងពលរដ្ឋឲ្យយល់ពីសិទ្ធិក្នុងនយោបាយ និងជួយផ្នែកវិស័យកសិកម្ម»។ នេះជាការបញ្ជាក់របស់លោក យ៉ង សាំងកុមារ ប្រាប់សារព័ត៌មានថ្មីៗ។
ក្រៅពីដោះស្រាយបញ្ហាពលរដ្ឋ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅមានគោលបំណងធំមួយទៀត នោះគឺការសាបព្រួសវប្បធម៌នយោបាយទន់ភ្លន់ ហ៊ានទទួលយកការពិត ដោយមិនលាភពណ៌គ្នា ដែលនាំឲ្យបែកបាក់ជាតិនោះទេ។ នេះជាគោលដៅនយោបាយបន្តទៅមុខ របស់គណបក្សមួយនេះ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦នេះ បានទទួលសំឡេងគាំទ្រពីពលរដ្ឋទូទាំងប្រទេសជាង៧ម៉ឺនសំឡេង។ ប៉ុន្តែសំឡេងគាំទ្រទាំងនេះ មិនអាចឲ្យគណបក្សថ្មីដែលបង្កើតឡើងកាលពីឆ្នាំ២០១៥មួយនេះ ទទួលបានកៅអីក្នុងរដ្ឋសភាឡើយ។
បើគ្មានអ្វីប្រែប្រួលទេ គណៈកម្មាធិការរៀបចំការបោះឆ្នោត នឹងប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី១៥ សីហាខាងមុខ។ ដ្បិតលទ្ធផលផ្លូវការមិនទាន់លេចក្តី ប៉ុន្តែគេមើលឃើញគណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនទាំង១២៥ ក្នុងរដ្ឋសភា នៅនីតិកាលទី៦៕
Tag:
យ៉ង សាំងកុមារ
GDP
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com