ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
ដ្បិត​ខកចិត្ត​លទ្ធផល​បោះឆ្នោត តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​បោះបង់​ក្តីសង្ឃឹម​ជួយ​ពលរដ្ឋ​
04, Aug 2018 , 12:10 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ បើទោះជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិន​ទទួលបាន​អាសន​ក្នុង​រដ្ឋសភា​ក្តី ប៉ុន្តែ​គណបក្ស​មួយ​នេះ មិន​បោះបង់ចោល​ក្តីសង្ឃឹម​ដែល​ចង់​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ឡើយ​។​
​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានដឹង​លទ្ធផល​ខ្លួន​ជាស្រេច​ហើយ​ថា មិន​ទទួលបាន​អាសន​ក្នុង​ឡើយ បើទោះជា​មិនទាន់មាន​លទ្ធផល​ផ្លូវការ​ពី​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ក្តី​។



ដ្បិត​ខកចិត្ត​លទ្ធផល​បោះឆ្នោត​នេះ តែ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅតែ​មិន​បោះបង់ចោល​ក្តី​ស្រមៃ​ចង់​បណ្ដុះ​យុវជន​ក្នុង​នយោបាយ និង​ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​។​
​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំង​កុមារ បាន​និយាយថា គណបក្ស​លោក​នៅតែ​បន្តសកម្មភាព​ជួយ​ពលរដ្ឋ ដែល​ជួប​ការលំបាក​តាម​មូលដ្ឋាន តាមរយៈ​ការអប់រំ និង​ស្រាវជ្រាវ​រាល់​បញ្ហា​ពលរដ្ឋ​ជួបប្រទះ ដាក់ជូន​រដ្ឋសភា​ដោះស្រាយ​។ 
 
«​ទោះជា​មិនបាន​កៅអី តែ​យើង​នឹង​បន្តសកម្មភាព​ទៅមុខ ដោយ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​បក្ស​នៃ​សៀវភៅ​បៃតង​យើង ធៀប​ទៅ​គោលនយោបាយ​បក្ស​កាន់អំណាច​។ តាមដាន​សេវាសាធារណៈ ដោយ​ឲ្យ​ពលរដ្ឋ​ចេះ​វាយតម្លៃ​លើ​សេវា​នេះ ស្រាវជ្រាវ​និង​ចងក្រង​បញ្ហា​ពលរដ្ឋ​ដាក់​មក​រដ្ឋសភា​ដោះស្រាយ ឧទាហរណ៍​ដូចជា​ករណី​ពុល​ទឹក ដីធ្លី​ជាដើម​។ ជាពិសេស​អប់រំ​យុវជន និង​ពលរដ្ឋ​ឲ្យ​យល់​ពី​សិទ្ធិ​ក្នុង​នយោបាយ និង​ជួយ​ផ្នែក​វិស័យ​កសិកម្ម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង សាំង​កុមារ ប្រាប់​សារព័ត៌មាន​ថ្មីៗ​។​
 
​ក្រៅពី​ដោះស្រាយ​បញ្ហា​ពលរដ្ឋ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅមាន​គោលបំណង​ធំ​មួយទៀត នោះ​គឺ​ការ​សាប​ព្រួស​វប្បធម៌​នយោបាយ​ទន់ភ្លន់ ហ៊ាន​ទទួលយក​ការពិត ដោយ​មិន​លាភ​ពណ៌​គ្នា ដែល​នាំ​ឲ្យ​បែកបាក់​ជាតិ​នោះទេ​។ នេះ​ជា​គោលដៅ​នយោបាយ​បន្ត​ទៅមុខ របស់​គណបក្ស​មួយ​នេះ​។​
 
​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ បានទទួល​សំឡេងគាំទ្រ​ពី​ពលរដ្ឋ​ទូទាំងប្រទេស​ជាង​៧​ម៉ឺន​សំឡេង​។ ប៉ុន្តែ​សំឡេងគាំទ្រ​ទាំងនេះ មិនអាច​ឲ្យ​គណបក្ស​ថ្មី​ដែល​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៥​មួយ​នេះ ទទួលបាន​កៅអី​ក្នុង​រដ្ឋសភា​ឡើយ​។​
 
​បើ​គ្មានអ្វី​ប្រែប្រួល​ទេ គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នឹង​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ សីហា​ខាងមុខ​។ ដ្បិត​លទ្ធផល​ផ្លូវការ​មិនទាន់​លេច​ក្តី ប៉ុន្តែ​គេ​មើលឃើញ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួលបាន​អាសន​ទាំង​១២៥ ក្នុង​រដ្ឋសភា នៅ​នីតិកាល​ទី​៦៕

Tag:
 យ៉ង សាំង​កុមារ​
  GDP
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com