អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងត្បូង ស្នើ​រៀបចំ​ជំនួប​ពិសេស​ជាមួយ​អាស៊ាន​នៅ​ទឹកដី​ខ្លួន​នា​ឆ្នាំក្រោយ​
04, Aug 2018 , 10:30 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា (កណ្ដាល) ឈរថតរូបជាមួយសមភាគីអាស៊ាន (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង កាង ឃ្យុងវ៉ា (កណ្ដាល) ឈរថតរូបជាមួយសមភាគីអាស៊ាន (រូបភាព AFP)
កូរ៉េខាងត្បូង នៅ​ថ្ងៃទី​៣ ខែសីហា បានស្នើ​រៀបចំ​ជំនួប​ពិសេស​អាស៊ាន​-​កូរ៉េខាងត្បូង​នៅ​ឆ្នាំ​២០១៩ ។ បើតាម​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា (Kang Kyung-wha) ជំនួប​ពិសេស​នេះ គឺជា​ឱកាស​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ​រវាង​ភាគី​ទាំងពីរ​។ មេដឹកនាំ​ភាគី​ទាំងពីរ នឹង​ជជែក​ពី​ពេលវេលា និង​ទីតាំង​ជាក់លាក់​ដើម្បី​រៀបចំ​ជំនួប​ពិសេស​នេះ​។

 
​ក្រោម​រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កូរ៉េខាងត្បូង​បាន​ឲ្យ​តម្លៃ​ខ្លាំង​លើ​តំបន់​អាស៊ាន​ដែលមាន​សមាជិក​១០​ប្រទេស ស្របពេល​ភាគី​ទាំងពីរ​ជា​ដៃគូ​ដ៏​សំខាន់​ស្រាប់​ហើយ​នោះ​។ លោក មូ​ន ចេ​អ៊ី​ន បានដាក់​ចេញ «​គោលនយោបាយ​ភាគ​ត្បូង​ថ្មី​» សំដៅ​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​នយោបាយ​ជាមួយ​ប្រទេស​នៃ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប្រទេស​នៅ​ប៉ែក​អាស៊ី​ខាងត្បូង​ដូចជា​ឥណ្ឌា និង​ប៉ា​គី​ស្ថាន​ផង​។ 
 
​ក្នុងន័យ​រឹតចំណង​ទ្វេភាគី​កាន់តែ​រឹងមាំ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា បានស្នើ​រៀបចំ​ជំនួប​ពិសេស​រវាង​កូរ៉េខាងត្បូង និង​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំក្រោយ​។ លោកស្រី កាង ស្នើ​បែបនេះ​នា​ជំនួប​ប្រចាំឆ្នាំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៣ ខែសីហា នៅ​សិង្ហ​បុរី​។ 
​ក្រសួងការបរទេស​កូរ៉េខាងត្បូង​បានប្រកាសថា ប្រមុខ​ការទូត​អាស៊ាន​ទាំង​១០ ក៏បាន​ស្វាគមន៍​សំណើ​ដែល​លើកឡើង​ដោយ​សម​ភាគី​កូរ៉េខាងត្បូង​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អាស៊ាន និង​កូរ៉េខាងត្បូង នឹង​កំណត់​ទីកន្លែង និង​កាលបរិច្ឆេទ​នៃ​គម្រោង​ជំនួប​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​។ លោក មូ​ន នឹងធ្វើ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​កូរ៉េខាងត្បូង​ជាមួយ​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​សមា​ជិ​ក​អាស៊ាន​។​
 
​នា​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៣ លោកស្រី កាង បានលើកឡើង​ពី​តួនាទី​សំខាន់​របស់​តំបន់​អាស៊ាន​សម្រាប់​កូរ៉េខាងត្បូង​។ ប្រមុខ​ការទូត​កូរ៉េខាងត្បូង​រូប​បញ្ជាក់ថា អាស៊ាន​មាន​តួនាទី​សំខាន់​ក្នុងការ​រៀបចំ​វេទិកា​យុទ្ធសាស្ត្រ​តំបន់ រៀបចំ​របៀបវារៈ ហើយ​កាន់តែ​សំខាន់​នោះ គឺ​ប្រមូលផ្ដុំ​មេដឹកនាំ​ពិភពលោក​ឲ្យ​ជជែក​ពី​បញ្ហា​រួម​ក្នុង​តំបន់ និង​ពិភពលោក​។​
 
 លោកស្រី​ក៏​អះអាងថា គំនិត​ផ្ដួចផ្ដើម​របស់​កូរ៉េខាងត្បូង​ខាងលើ គឺ​ស្មោះត្រង់ និង​ពិតប្រាកដ មិនមែន​ថា​តែ​មាត់​ឡើយ​។​
 
​តំបន់​អាស៊ាន ដែលមាន​ប្រជាជន​សរុប​ជាង​៦០០​លាន​នាក់ ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​ពីរ​របស់​កូរ៉េខាងត្បូង ដោយ​ទំហំ​ពាណិជ្ជកម្ម​ទៅមក​ក្នុង​ឆ្នាំ​២០១៧ មាន​ទំហំ​ដល់​ទៅ​១៤៩,១​ពាន់​លាន​ដុល្លារ​ឯណោះ គឺ​ខ្ពស់ជាង​ទំហំ​នៃ​ការដោះដូរ​ក្នុង​ឆ្នាំ​២០១៦ ដែលមាន​ត្រឹម​១១៨,៨​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ដូចនេះ អាស៊ាន ជាទី​ផ្សារ​សំខាន់​មួយ​របស់​ទំនិញ​កូរ៉េខាងត្បូង​៕
 
 
 

Tag:
 កូរ៉េខាងត្បូង​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com