អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​រំឭក​កូរ៉េខាងត្បូង​៖ ស្ថានភាព​ឧបទ្វីប​កូរ៉េ​ល្អ​ហើយ ល្មម​គិតគូរ​រឿង​ខែល​ការពារ THAAD ហើយ​
04, Aug 2018 , 3:19 pm        
រូបភាព
ប្រមុខការទូតចិន និងកូរ៉េខាងត្បូងនាជំនួបនៅសិង្ហបុរី (រូបភាព Xinhua)
ប្រមុខការទូតចិន និងកូរ៉េខាងត្បូងនាជំនួបនៅសិង្ហបុរី (រូបភាព Xinhua)
 ជាថ្មី​ម្ដងទៀត ចិន​បានស្នើ​ឲ្យ​កូរ៉េខាងត្បូង​គិតគូរ​ដោះស្រាយ​សំណុំរឿង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក​ដែល​ត្រូវបាន​ពង្រាយ​នៅ​ឧបទ្វីប​កូរ៉េ​។ ការស្នើ​នេះ ធ្វើឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​ចិន វ៉ាង យី និង​សម​ភាគី​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា នៅ​ថ្ងៃទី​៣ ខែសីហា​នៅ​សិង្ហ​បុរី​។ លោក វ៉ាង បាន​ប្រាប់​លោកស្រី កាង ថា ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​ល្អប្រសើរ ដូចនេះ​កូរ៉េខាងត្បូង​គួរ​គិតពី​បញ្ហា​ខែល​ការពារ​នេះ​ឡើងវិញ​។​

 
​រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី បាន​ឆ្លៀត​ជួប​ជជែក​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង កាង ឃ្យុ​ង​វ៉ា ខណៈ​ចូលរួម​កិច្ចប្រជុំ​ជាច្រើន​នៅ​សិង្ហ​បុរី​។ នា​ជំនួប​ពិភាក្សា​នេះ លោក វ៉ាង ក៏បាន​លើកឡើង​ពី​បញ្ហា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​អាមេរិក ដែល​ត្រូវបាន​ពង្រាយ​នៅ​ទឹកដី​កូរ៉េខាងត្បូង​។ លោក​បានបង្ហាញ​ការមិន​សប្បាយ​របស់​ចិត្ត​របស់​ក្រុង​ប៉េកាំង​ទៅកាន់​លោកស្រី កាង និង​ស្នើ​ឲ្យ​មានការ​ចាត់វិធានការ​ចាំបាច់​ផង​។​
 
​តាមពិតទៅ ចិន​មិនដែល​យល់ស្រប​នឹង​ការពង្រាយ​ខែល​ការពារ​របស់​អាមេរិក​នេះឡើយ ដោយ​ចាត់ទុក​វត្តមាន THAAD នៅ​កូរ៉េខាងត្បូង ជាការ​បំពាន​សន្តិសុខ​របស់ខ្លួន និង​ចោទ​អាមេរិក​ថា ប្រើប្រាស់​ប្រព័ន្ធ​ការពារ​នេះ​ដើម្បី​ស៊ើបការណ៍​សម្ងាត់​របស់ខ្លួន​ទៀតផង​។ ដោយហេតុនេះ បានជា​ចិន​ជំទាស់​ដាច់​ក្បាល​ដាច់​កន្ទុយ ទោះជា​កូរ៉េខាងត្បូង​អះអាងថា ខែល​ការពារ​នេះ​មាន​គោលដៅ​ការពារ​ការគំរាមកំហែង​ពី​មី​ស៊ី​ល​កូរ៉េខាងជើង​ប៉ុណ្ណោះ មិន​សំដៅ​ប្រទេស​ណា​ផ្សេង​ឡើយ​។​
 
​ស្របពេល​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​ធូរស្រាល ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​ជារួម​ល្អប្រសើរ​ដែរនោះ ក្រុង​ប៉េកាំង​បាន​ទទូច​ម្ដងទៀត​ឲ្យ​ក្រុង​សេ​អ៊ូ​ល​ដោះស្រាយ​បញ្ហា​ខែល​ការពារ​នេះ​ឲ្យ​ដាច់ស្រេច ព្រោះ​វា​ក៏​នឹង​ឲ្យ​ទៅរក​ប្រក្រតីភាព​នៃ​ទំនាក់ទំនង​ចិន​-​កូរ៉េខាងត្បូង​ដែរ​។ ឆ្លើយតប​សំណើ​របស់​សម​ភាគី​ចិន លោកស្រី កាង និយាយថា ចិន​ក៏​នឹងធ្វើ​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​ប្រសើរ​ឡើងវិញ​ដែរ​។  
 
​ដោយសារតែ​វត្តមាន THAAD ទំនាក់ទំនង​រវាង​អ្នកជិតខាង​ទាំងពីរ​នេះ ប្រែ​ទៅជា​ល្អក់កករ ហើយ​ចិន​ក៏​ចាត់វិធានការ​តប​វិញ​ដូចជា​ការហាម​អ្នកទេសចរ​ខ្លួន​ធ្វើដំណើរ​ទៅ​កូរ៉េខាងត្បូង និង​រឹតត្បិត​ការរកស៊ី​របស់​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នៅ​ទឹកដី​ខ្លួន​ជាដើម​។ មកដល់​រដ្ឋបាល​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន កូរ៉េខាងត្បូង​នៅតែ​មានះ​រក្សាទុក​ខែល​ការពារ​នេះ ទោះជា​ចិន​បានស្នើ​ឲ្យ​ពិចារណា​ជាច្រើនលើក​ច្រើនសារ​ទៅហើយ​ក្ដី​។​
 
​កូរ៉េខាងត្បូង ទំនង​នៅតែ​បារម្ភ​ការគំរាមកំហែង​របស់​មី​ស៊ី​ល​កូរ៉េខាងជើង ទោះជា​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​សុខចិត្ត​ផ្អាក​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ក្ដី​។ នេះ​ក៏​ព្រោះតែ​មី​ស៊​លី​ល​កូរ៉េខាងជើង​នៅតែ​ត្រូវបាន​តម្រង់​ដាក់​ទឹកដី​កូរ៉េខាងត្បូង​ដដែល ទោះជា​សន្តិ​ភាពលេច​ជា​ពន្លឺ​ខ្លះ​ក្ដី​៕
 

Tag:
 ចិន​
  កូរ៉េខាងត្បូង​
  THAAD
  វ៉ាង យី​
  កាង ឃ្យុ​ង​វ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com