កីឡាអន្តរជាតិ
អន្តរជាតិ
កម្លាំង​ឥណ្ឌូណេស៊ី​៤​ម៉ឺន​នាក់ ត្រៀម​ចូល​ការពារ​និង​ធានា​សន្តិសុខ​ព្រឹត្តិការណ៍ Asian Games
05, Aug 2018 , 11:12 am        
រូបភាព
រូបភាព Anatara
រូបភាព Anatara
ដោយ:
នៅសល់​មិន​ច្រើន​ថ្ងៃ​ទៀត​នោះទេ ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ Asian Games នឹងត្រូវ​ចាប់ផ្តើម​នៅក្នុង​ទឹកដី​ឥណ្ឌូណេស៊ី​ហើយ​។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​យកចិត្តទុកដាក់​ខ្លាំង ជាពិសេស​លើ​បញ្ហា​សន្តិសុខ ខណៈ​ប្រទេស​ដែលមាន​ប្រជាជន​ឥស្លាម​ច្រើន​បំផុត​មួយ​នេះ ជា​ញឹកញាប់​រង​ការវាយប្រហារ​ជា​ពី​ក្រុម​ភេរ​វករ​។​


​កងកម្លាំងប្រដាប់អាវុធ ដែល​រួមមាន​ទាហាន និង​ប៉ូលិស​ចំនួន ៤​ម៉ឺន​នាក់ នឹងត្រូវ​ដាក់ពង្រាយ​ស​ម្រា​ប់​ធានា​សុ​វ​តិ្ថ​ភាព​នៃ​ព្រឹត្តិការណ៍​កីឡា Asian Game ២០១៨​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Globe​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ បញ្ហា​ចម្បង​អំឡុងពេល​នៃ​ព្រឹត្តិការណ៍​កីឡា​នេះ រួមមាន​ដូចជា​បទល្មើស​ឆក់​ប្លន់​តាម​ដងផ្លូវ ភេរវកម្ម ការកកស្ទះ​ចរាចរណ៍ និង​បញ្ហា​អ័ព្ទ​ផ្សែង​ជាដើម​។ Asian Games នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​១៨ សីហា​ដល់​ថ្ងៃទី​២ កញ្ញា ហើយនឹង​មានការ​ចូល​រួម​ប្រកួតប្រជែង​ពី​អត្ត​ព​លិ​ក ១៥០០០​នាក់ ដែល​មកពី​៤៥​ប្រទេស​។ 
 
​សូមជម្រាបថា រដ្ឋធានី​ហ្សា​ការ​តា គឺជា​រដ្ឋ​មួយ ដែលមាន​ការកកស្ទះ​បំផុត​លេខ​រៀង​ទី​១២​របស់​ពិភពលោក​។ នេះ គឺជា​ក្តីបារម្ភ​សម្រាប់​ម្ចាស់ផ្ទះ​ក្នុង​ការជួយ​សម្រួល​ចរាចរណ៍​ដល់​អ្នកចូលរួម​។ សម្រាប់​បញ្ហា​អ​ព្ទ័​ផ្សេង​វិញ ឥណ្ឌូណេស៊ី គឺជា​ប្រភព​អ័ព្ទ​ធំ​បំផុត​ប្រចាំ​តំបន់​ហើយ​។ រៀងរាល់​អំឡុង​ខែ​នេះ ឥណ្ឌូណេស៊ី​តែងតែមាន​អ័ព្ទ​ដែល​បង្ក​ពី​ការឆេះ​ព្រៃ​ពាសពេញ​អាកាស​ដែល​គេ​ព្រួយបារម្ភ​ថា​អាច​យារ​យី​កម្មវិធី​បាន​។​
 
​រីឯ​បញ្ហា​សន្តិសុខ​វិញ មួយរយៈ​ពេល​ចុង​ក្រោយនេះ ឥណ្ឌូណេស៊ី បាន​ប្រតិបត្តិការ​ចំណាត់ការ​ក្តៅ​ដើម្បី​តាម​កម្ចាត់​ក្រុម​ភេរ​វករ​។ កងកម្លាំង​ឥណ្ឌូណេស៊ី បាន​ចាប់ខ្លួន​ជនសង្ស័យ​ប៉ុន​ប៉ុង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ជា​បន្តបន្ទាប់ ខណៈ​ហេតុការណ៍​នៃ​ការវាយប្រហារ​គ្រាប់បែក​អត្តឃាត និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​ភេរវកម្ម ក៏​កើតមាន​ជា​បន្តបន្ទាប់​ដូចគ្នា​ផងដែរ​នោះ​៕  

Tag:
 Asian Games
  ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com