អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង រិះគន់​អាមេរិក​ដែល​វិល​ទៅ​ដើរ​លើផ្លូវ​ចាស់​វិញ
05, Aug 2018 , 3:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ចាប់ដៃសមភាគីកូរ៉េខាងជើង រី យ៉ុងហូ នាកិច្ចប្រជុំនៅសិង្ហបុរី (រូបភាព AFP)
រដ្ឋមន្រ្តីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ ចាប់ដៃសមភាគីកូរ៉េខាងជើង រី យ៉ុងហូ នាកិច្ចប្រជុំនៅសិង្ហបុរី (រូបភាព AFP)
​ប្រមុខ​ការទូត​កូរ៉េខាងជើង រី យ៉ុង​ហូ នៅ​ថ្ងៃទី​៤ ខែសីហា បាន​រិះគន់​អាមេរិក​ចំៗ ជុំវិញ​ការដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ទោះ​ភាគី​ទាំងពីរ​ឯកភាពគ្នា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ក្ដី​។ អាមេរិក​នៅ​បន្ត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង លុះត្រាតែ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​អនុវត្ត​ការរំសាយ​នុយក្លេអ៊ែរ​ឲ្យ​បាន​ជាមុនសិន​។ ប៉ុន្តែ​កូរ៉េខាងជើង ដែល​បានធ្វើ​សកម្មភាព​ខ្លះ​ពាក់ព័ន្ធ​ការលុបបំបាត់​កម្មវិធី​នុយក្លេអ៊ែរ​នេះ ចង់​ឲ្យ​អាមេរិក​បង្ហាញ​ឆន្ទៈ​ស្របតាម​ការឯកភាព​គ្នា​នៅ​សិង្ហ​បុរី​។​

 
​កូរ៉េខាងជើង​បាន​ចោទ​អាមេរិក​ថា បាន​ដើរ​លើ​គន្លង​ចាស់​វិញ​ដែល​ផ្ទុយ​ពី​ស្មារតី​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​ជំនួប​សិង្ហ​បុរី បន្ទាប់ពី​អាមេរិក​មិនទាន់​ដក​ទណ្ឌកម្ម​លើ​ខ្លួន ហើយ​មានបំណង​រឹតបន្តឹង​ថែមទៀត​។ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង រី យ៉ុង​ហូ បាន​រិះគន់​អាមេរិក​ចំៗ​ក្នុងជំនួប​វេទិកា​តំបន់​អាស៊ាន​នៅ​ថ្ងៃទី​៤ ខែសីហា នៅ​សិង្ហ​បុ​រ ស្រប​ពេលដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ មាន​វត្តមាន​ចូលរួម​ដែរនោះ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក រី បានប្រកាស​ក្នុង​កិច្ចប្រជុំ​ដែលមាន​ប្រមុខ​ការទូត​ប្រទេស​ជាច្រើន​ពី​ការប្ដេជ្ញាចិត្ត​របស់​កូរ៉េខាងជើង​ក្នុងការ​ឈានទៅ​ការរំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន ក៏ដូចជា​អនុវត្តតាម​សេចក្ដីថ្លែងការណ៍​រួម​នៅ​សិង្ហ​បុរី​ផង​។ ប្រមុខ​ការទូត​កូរ៉េខាងជើង​បាន​រំលេច​ពី​សកម្មភាព​របស់ខ្លួន​ដូចជា​ការផ្អាក​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល កម្ទេច​ទីតាំង​សាកល្បង​ដ៏​ធំ ក៏ដូចជា​បញ្ជូន​ធាតុ​ទាហាន​អាមេរិក​ផង​វិញ​។ 
 
​យ៉ាងណាមិញ លោក រី អះអាងថា អាមេរិក​បែរជា​ធ្វើ​សកម្មភាព​គួរ​ឲ្យ​កត់សម្គាល់​ទៅវិញ ដោយ​អាមេរិក​បាន​ត្រឡប់​ទៅកាន់​ផ្លូវ​ចាស់​ខុសពី​បំណង​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ហើយ​មិនបាន​បង្ហាញ​សកម្មភាព​ដុំកំភួន​អ្វី​សោះ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ជំនួស​ទៅវិញ អាមេរិក​មិនបាន​ឆ្លើយតប​ទៅនឹង​ទង្វើ​កូរ៉េខាងជើង​ឡើយ តែ​កំពុង​បង្កើន​សំឡេង​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ទៅវិញ​។ បើ​អាមេរិក​មិន​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ទេ កូរ៉េខាងជើង​ក៏​មិន​ធ្វើ​សកម្មភាព​តែឯង​ដែរ​។​»
 
​លើសពីនោះ រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​ក៏​ចោទ​ក្រុង​វ៉ាស៊ីនតោន​ថា ធ្វើ​សកម្ម​ភាពមិន​សមរម្យ​តាមរយៈ​ការដាក់​សម្ពាធ​លើ​ប្រទេស​នានា កុំ​ឲ្យ​បញ្ជូន​ប្រតិភូ​ជាន់ខ្ពស់​ទៅកាន់​កូរ៉េខាងជើង​ក្នុង​ខែកញ្ញា​ខាងមុខ​។ នៅ​ខែក្រោយ ក្រុង​ព្យុងយ៉ាង នឹង​រៀបចំ​ពិធី​រំឭក​ខួប​ទី​៧០ ថ្ងៃកំណើត​កូរ៉េខាងជើង ដែលជា​ពិធី​ដ៏​ធំ​មួយ​។  
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ ដែល​កូរ៉េ​ខាង​បញ្ចេញ​ការមិនសប្បាយចិត្ត​ចំពោះ​អាកប្បកិរិយា​របស់​អាមេរិក​ដែល​ទាមទារ​ឲ្យ​ខ្លួន​ចាត់វិធានការ​ជាក់ស្ដែង​ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​។ កូរ៉េខាងជើង​ដែល​អះអាងថា ខ្លួន​ធ្វើ​ការងារ​ជាច្រើន​ក្រោយ​ជំនួប​ថ្ងៃទី​១២ ខែមិថុនា​មក​នោះ រឹតតែ​មិន​ពេញចិត្ត​ពេល​អាមេរិក​ស្នើ​ឲ្យ​ប្រទេស​ទាំងអស់​រក្សា​ទណ្ឌកម្មសេដ្ឋកិច្ច​បន្តទៀត​៕

Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  រី យ៉ុង​ហូ​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com