ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកស្រី សំ សា​រិ​៖ ពី​ក្រ​បាយ​ហូប​មិន​គ្រាន់ ក្លាយជា​កសិករ​គំរូ​ក្នុងភូមិ​សម្បទាន​សង្គមកិច្ច​សុខ​សែន​ជ័យ​
05, Aug 2018 , 11:19 pm        
រូបភាព
ដោយ:
​កំពង់ឆ្នាំង​៖ អ្នកស្រី សំ សា​រិ គឺជា​ពលរដ្ឋ​រស់នៅក្នុង​ដី​សម្បទាន​សង្គមកិច្ច ដែល​អនុវត្ត​ដោយ​គម្រោង​«​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២» LASED II​។ ដោយ​ភាព​ឧស្សាហ៍​ព្យាយាម មិន​ខ្លាច​នឿយហត់ ក្រោយមក​រស់នៅ​ជាង​មួយឆ្នាំ ផ្ទះ​របស់​ស្ត្រី​រូបនេះ ពោ​ពេញ​ទៅដោយ​ដំណាំ​ចម្រុះ ខុសប្លែក​ពី​គ្រួសារ​សម្បទាន​និក​ផ្សេងទៀត​។ ដោយសារតែ​ភាព​តស៊ូ ច្នៃប្រឌិត​ជីវិត​បាន​យ៉ាង​ល្អប្រសើ​នេះហើយ បានជា​ពលរដ្ឋ ក៏ដូចជា​មន្ត្រី​អនុវត្តន៍​គម្រោង ចាត់ទុក​អ្នកស្រី ជា​ស្ត្រី​គំរូ​នៅក្នុង​សហគមន៍​។



ដើម្បី​ជ្រាប​កាន់តែច្បាស់​ថា អ្នកស្រី សំ សា​រិ និង​គ្រួសារ មាន​ការតស៊ូ​ព្យាយាម​យ៉ាងណា សូម​ស្ដាប់​បទ​យកការណ៍ ដែល​រាយការណ៍​ដោយ​កញ្ញា ថា រស្មី ដូចតទៅ​៖
 
​ផ្ទះ​តៀម​មួយ​ខ្នង​ដែលមាន​ទំហំ​ប្រមាណ ៧​គុណ​៩​ម៉ែត្រ សង់​ពី​ឈើ​ប្រក់​សង្ក​សី នៅខាងមុខ​ផ្ទះ​នេះ​មាន​ម្លប់​ដើម​ស្វាយ​៣​ដើម ហើយ​មាន​ក្ដា​ងឿ​មួយ និង​អង្រឹង​មួយ​គ្រាន់​សម្រាក​លំហែកាយ​។ ក្រៅពី​ត្រជាក់​ដោយសារតែ​ដំណាំ​ជុំវិញ​ផ្ទះ​នោះ ទីធ្លា​ជុំវិញ​ផ្ទះ​នេះ មិនមាន​សំរាម​ឡើយ សូម្បីតែ​ស្លឹកឈើ​ទុំ​ជ្រុះ​ក៏​មិន​មែនដែរ​។ ដើរ​ទៅដល់​ខាងក្រោយ​ផ្ទះ​បន្តិច ខ្ញុំ​បាន​ជួប​ជាមួយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែល​កំពុង​អង្គុយលេង​ជាមួយ​ក្មេង​តូចៗ​៤​នាក់ ហើយ​បាន​ញញឹម​រាក់ទាក់​មកកាន់​ខ្ញុំ​។ ស្ត្រី​វ័យ​ចំណាស់​នេះ​បាន​ណែនាំ​ខ្ញុំ​អំពី​ការធ្វើ​កសិកម្ម​នៅក្នុង​ដី​ភូមិ​របស់គាត់ ជាពិសេស​គាត់​ទទួលបាន​ចំណូល​ច្រើន​ពី​ការធ្វើ​កសិកម្ម​របស់គាត់​ផងដែរ​។​
  
 
​អ្នកស្រី សំ សា​រិ បញ្ជាក់​៖ «​ឆ្នាំ​និង​បាន​ខ្នុរ​៤០​ម៉ឺន ដាំ​បន្លែ​៦០​ម៉ឺន ហើយ​ថ្ងៃ​ណា​ដែលមាន់​ធំ​បាន​លក់​ថែមទៀត​ទៅ មាន​សណ្ដែក​គួរ ល្ពៅ ត្រឡាច ននោង​»
​ផល​ដែល​អ្នកស្រី​ទទួលបាន​នេះ នៅ​មិនទាន់​រាប់បញ្ចូល​ពី​ចំការពោត និង​ដំឡូង​របស់​អ្នកស្រី​ឡើយ​។ និយាយ​ទាំង​ទឹកមុខ​ស្រស់ស្រាយ ស្ត្រី​វ័យ​ជាង​៦០​ឆ្នាំ​រូបនេះ បាន​ឲ្យ​ខ្ញុំ​ដឹងថា ផ្ទះ​និង​ដី ដែល​ម្ដាយ​មានកូន​៧​នាក់​រូបនេះ កំពុង​រស់នៅ គឺជា​ដី​សម្បទាន​សង្គមកិច្ច ដែល​អនុវត្តន៍​ដោយ​គម្រោង LASED II ក្រោម​ការគាំទ្រ​របស់រ​ដ្ឋា​ភិ​បាល  និង​ធនាគារពិភពលោក​។ ក្រោយពី​ការ​សើច​សប្បាយចិត្ត ស្ត្រី​រូបនេះ​បាន​ប្ដូរ​ជា​អួលដើមក​វិញ នៅពេលដែល​និយាយ​ពី​ការ​មក​រស់នៅ​ទីនេះ​ដំបូង​។​
 
​អ្នកស្រី សំ សា​រិ បញ្ជាក់​៖  «​បាន​រដ្ឋាភិបាល​ផ្ដល់​ដី ផ្ដល់​កម្លាំងចិត្ត ជួយ​ដល់​ខ្ញុំ​នេះ គឺ​ខ្ញុំ​ត្រេកអរ ខ្លាំង​មែនទែន​។  មិន​ដូចជា​នៅផ្ទះ​ចាស់​ដែល​សូម្បីតែ​ស​ម្លៀ​បំពាក់​គឺ​ខ្ញុំ​លំបាក​ខ្លាំង មក​នៅទីនេះ​ខ្ញុំ​បាន​សុខ​ហើយ បានកូនៗ​ខ្ញុំ​មាន​ដី មានផ្ទះ​នៅ​ហើយ ខ្ញុំ​សប្បាយ​មែនទែនរ​កអី​ប្រៀបធៀប​មិនបាន​»​។​
  
 
​ពរ​ចៅប្រុស​អាយុ ៣​ឆ្នាំ​បណ្ដើ​និយាយ​មកកាន់​ខ្ញុំ ទាំង​ស្នាមញញឹម​បណ្ដើរ ម្ចាស់ផ្ទះ​រូបនេះ ការ​មក​រស់នៅ​ដំបូង​ទីនេះ​មិនមាន​អ្វី​ច្រើន​ឡើយ ក្រៅពី​គល់ឈើ និង​ព្រៃ​សឹក​រេច​រិល​ប៉ុណ្ណោះ​។ តែ​បច្ចុប្បន្ន​ផ្ទះ​អ្នកស្រី​មិន​ខ្វះខាត​អ្វី​ទៀត​ទេ មិនតែប៉ុណ្ណោះ​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នកស្រី​មាន​ដំណាំ​ហូប​ផ្លែ​ជាច្រើន​ថែម​ទៀតផង​។​
 
​អ្នកស្រី សំ សា​រិ បញ្ជាក់​៖  «​គាស់​បាន​ប៉ុណ្ណា ខ្ញុំ​ដាំ​ប៉ុណ្ណឹង រាជរដ្ឋាភិបាល​គាត់​ផ្ដល់​ដី​ឲ្យ​ខ្ញុំ​ប៉ុណ្ណេះ​ហើយ គឺ​ខ្ញុំ​ខំប្រឹង​ខ្ញុំ​គាស់​ទាំងយប់​ទាំង​ថ្ងៃ​គាស់​ទាល់តែ​ហើយ គាស់​ហើយ​ដំណាំ​របស់ខ្ញុំ​ពេញ​។ អីចឹង​បាន​អង្គការ​ក៏ដោយ រដ្ឋាភិបាល​ក៏ដោយ ពេលមកដល់​ថា​ផ្ទះ​នេះ​ខុសគេ សប្បាយ ចេះ​រៀបចំផ្ទះ និង​ដំណាំ​អ្វី​ក៏មាន​»​។​
 
​ដោយ​ភាព​ឧស្សាហ៍​ព្យាយាម​អ្នកស្រី សំ សា​រិ ក៏ត្រូវ​បាន​ឃុំ​ឲ្យ​ខ្ចី​ដី​រដ្ឋ​ដែល​នៅក្បែរ​ផ្ទះ​អ្នកស្រី បន្តិចបន្តួច​ដើម្បី​បង្កបង្កើនផល​ខុសប្លែក​ពី​អ្នកដទៃ​ដែល​មិន​ឧស្សាហ៍​ដូច​គាត់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកស្រី ជា សំណាង ជំនួយ​ការឃុំ​ពាម ដែល​គ្រប់គ្រង​ភូមិ​សុខ​សែន​ជ័យ​នេះ​។ មិនតែប៉ុណ្ណោះ​ជំនួយ​ការឃុំ​វ័យ​ជាង ៥០​ឆ្នាំ​រូបនេះ​ថា មីង សំ សា​រិ គាត់​ជា​អ្នកក្រ​មែន តែ​គាត់​ចង់​រស់​។​
  
 
​អ្នកស្រី ជា សំណាង ជំនួយ​ការឃុំ​ពាម បញ្ជាក់​បែបនេះ​៖ «​មាន​មួយចំនួន មួយចំនួន​ក៏​អត់​ទៅតាម​ហ្នឹង​ដែរ មិនសូវ​ដូច​គាត់​អីចឹង មកពី​មួយ​គិតតែ​ថា​ដី​គេ​ឲ្យ ដូច​ពាក្យចាស់​ថា​ក្រ​ចង់​ស្លាប់ តែ​គាត់​នេះ​ក្រ​ចង់​រស់​»​។​
 
​យ៉ាង​ការផ្ដល់​ដី​ភូមិ ៣០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ ព្រមជាមួយ​ដីចំការ​១​ហិកតា ស្មើគ្នា​ទៅ​ពលរដ្ឋ​២៣៣​គ្រួសារ របស់​«​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន​ទី​២» LASED II បានធ្វើ​ឲ្យ​ពលរដ្ឋ មានជីវិត​ថ្មី នៅលើ​ទឹកដី​ថ្មី​។ តួ​យ៉ាងដូច​អ្នកស្រី សំ សា​រិ ដែល​ធ្លាប់តែ​រក​ព្រឹក​ខ្វះ​ល្ងាច និង​គ្មាន​សម្លៀកបំពាក់​គ្រប់គ្រាន់​នោះ បានទទួល​នូវ​ជីវិត​ថ្មី ហើយ​បាន​ក្លាយជា​កសិករ​គំរូ​នៅក្នុង​សហគមន៍​អ្នកស្រី​ថែម​ទៀតផង​។ នេះ​ក៏​ដោយសារតែ​អ្នកស្រី​តែងតែ​អនុវត្ត​រាល់​ការបង្រៀន​ដែល​ម្ចាស់​គម្រោង​បានផ្ដល់​ឲ្យ​កសិករ ដែលមាន​ដូចជា​ការចិញ្ចឹម​សត្វ ផ្ដល់​ពូជ​សត្វ និង​បច្ចេកទេស​ដាំ​បន្លែ​។​
  
 
​ដោយ​ទទួលបាន​ការសិក្សា​ច្រើនបែប​នេះហើយ​អ្នកស្រី សំ សា​រិ និយាយ​ដោយ​ភាព​ជឿជាក់ថា នៅពេល​ដែលមាន​ការជួយ​ជា​ពូជ​សត្វ និង​បច្ចេកទេស​ដាំ​ដុះ​បែបនេះហើយ គឺ​ចំ​គោលដៅ​ជាង​ការផ្ដល់ប្រាក់​ដល់​កសិក​រ​។ មិនតែប៉ុណ្ណោះ​អ្នក​ម្ដាយកូន​៧​នាក់​រូបនេះ  ជឿជាក់ថា នៅពេលដែល​ចប់​គម្រោង​ជួយ​ពី​រដ្ឋាភិបាល ក៏​អ្នកស្រី និង​អ្នកភូមិ​ផ្សេងទៀត​អាចជួយ​ខ្លួនឯង ក្នុងការ​ចិញ្ចឹមជីវិត​បានដែរ​៕






Tag:
 កម្ចី​គោ​
 ​ ដី​សម្បទាន​សង្គមកិច្ច​
 ​ កម្ចី​ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com