អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អង្គការសហប្រជាជាតិ គ្រោង​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​«​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​»
06, Aug 2018 , 8:30 am        
រូបភាព
ដោយ:
 សល់​ពេល​មិន​ច្រើន​ថ្ងៃ​ទៀត​នោះទេ គឺ​ដល់​ថ្ងៃ​ខួប​មួយឆ្នាំ​ការផ្ទុះ​ឡើង​នៃ​វិបត្តិ​ជនភៀសខ្លួន​ពីរ​ត់​រ៉ា​ខាន​នៃ​មី​យ៉ាន់​ម៉ា​។ ខណៈ​ដំណោះស្រាយ​នៃ​វិបត្តិ នៅតែ​ស្ថិតក្នុង​ភាពស្រពេចស្រពិល និង​មិន​ប្រាកដប្រជា​នោះ អង្គការសហប្រជាជាតិ គ្រោង​រៀបចំ​ពិធី​រម្លឹក​នៃ​វិបត្តិ​នេះ ដើម្បី​ជា​ផ្នែក​មួយ​ដាស់តឿន​ដល់​សហគមន៍​អន្តរជាតិ​ឲ្យ​ចូលរួម​ដោះស្រាយ​បញ្ហា​មនុស្សជាតិ​មួយ​នេះ​។​

 
​នា​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​១ សីហា អគ្គរាជទូត​អង់គ្លេស និង​ជា​ប្រធាន​វិលជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ Karen Pierce បាន​ឲ្យ​ដឹងថា ក្រុមប្រឹក្សាសន្តិសុខ កំពុងតែ​រៀបចំ​ផែនការ​ក្នុងការ​ប្រារព្ធ​ខួប​មួយឆ្នាំ​នៃ​ការបង្ក្រាប​ដោយ​ហិង្សា​របស់​មី​យ៉ាន់​ម៉ា ដែល​បង្ក​ឲ្យ​មាន​ជនជាតិភាគតិច​មូស្លីម រ៉ូ​ហ៊ីង​យា​រាប់សិប​ម៉ឺន​នាក់​ត្រូវ​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស​។ 
​លោកស្រី​អគ្គរាជទូត Karen Pierce បាន​អះអាងថា អង់គ្លេស ចង់យក​កិច្ចប្រជុំ​ថ្ងៃទី​២៨ ខែសីហា ដើម្បី​ផ្តោត​សំខាន់បំផុត​លើ​ការផ្តល់​លទ្ធភាព​ឲ្យ​ក្រុម​ភ្នាក់ងារ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​អង្គការសហប្រជាជាតិ​អាចធ្វើ​ការ​រលូន​ជាមួយនឹង​រដ្ឋាភិបាល​ប​ង់​ក្លា​ដែ​ស និង​មី​យ៉ាន់​ម៉ា​ក្នុង​ផែនការ​នាំ​ជនភៀសខ្លួន​រងគ្រោះ​ទៅកាន់​ផ្ទះសម្បែង​របស់​ពួកគេ​ដោយ​សុវត្ថិភាព និង​សន្តិសុខ​។ 
 
​សម្រាប់​លោកស្រី ការធានា​ពី​ការរស់នៅ និង​ទីកន្លែង​សម្រាប់​ជនភៀសខ្លួន​រស់នៅ​ពេល​ពួកគេ ត្រលប់​ទៅវិញ គឺជា​រឿង​ដ៏​ធំ​បំផុត​។ ជាមួយគ្នានេះ លោកស្រី ចង់​ឲ្យ​មានការ​ផ្តោតអារម្មណ៍​លើ​បញ្ហា​ចម្បង​ពីរ​ដូចគ្នា​ផងដែរ​។ នោះ​គឺ ការទទួលខុសត្រូវ​ចំ​ពោះ​អ្វីដែល​បានកើត​ឡើង និង​ការផ្តល់​សិទ្ធិ​ពលរដ្ឋ​ជូន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។​
 
​គួរ​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃ​២៨ សីហា ឆ្នាំ​២០១៧​កន្លងទៅ មានការ​វាយប្រហារ​គ្នា​រវាង​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ជាមួយនឹង​ក្រុម​ឧទ្ទាម​នៅក្នុង​រដ្ឋ​រ៉ា​ខាន ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​។ ហេតុការណ៍ ដែល​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​ភាគ​ទាំងពីរ​នេះ បាន​បង្ក​ឲ្យ​ជនជាតិភាគតិច​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​។ 
 
​ជាមួយនឹង​ហេតុការណ៍​នេះ តាម​របាយការណ៍​រប​ស់​អង្គការសិទ្ធិមនុស្ស និង​ភ្នាក់ងារ​ជំនាញ​របស់​អង្គការសហប្រជាជាតិ​ផង ទន្ទឹមនឹង​ជួប​ហេតុការណ៍​រន្ធត់​នេះ ជនភៀសខ្លួន ក៏​ត្រូវបាន​អាជ្ញាធរ​គំរាមកំហែង​សម្លាប់ និង​បំផ្លាញ​ទីលំនៅ​ផង​។ ពួកគេ ក៏​ត្រូវបាន​រាយការណ៍​ថា រង​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ពី​សំណាក់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ផងដែរ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com