ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
សិល្បករ​ចម្រៀង​ចាប៉ីដងវែង​ទាមទារ​មាន​ពុទ្ធិ​ខ្ពស់​
06, Aug 2018 , 10:20 am        
រូបភាព
​សិល្បៈ​ចម្រៀង​ចាប៉ី​ជា​សិល្បៈ​មួយ​ប្រភេទ​ដែល​ទាមទារ​ឱ្យ​សិល្បករ​រូបនោះ ត្រូវមាន​ពុទ្ធិ និង​ស្មារតី​ឈ្លាសវៃ​ខ្ពស់​។ ចេះ​ទាំង​កំណាព្យ​ពាក្យរាយ ពាក្យកាព្យ ពាក្យកម្រងកែវ ចំណេះដឹង​ទូទៅ​ទូលំទូលាយ សមត្ថភាព​នឹក​ជួន​ភ្លាមៗ វិធីសាស្ត្រ​បញ្ជ្រាប​ចំណេះ​ដល់​អ្នក​ស្ដាប់ ឱ្យ​យល់​ចូលចិត្ត​បាន ជា​គុណសម្បត្តិ​របស់​អ្នកចម្រៀង​ចាប៉ី ដែលមាន​សមត្ថភាព​។ ពី​ដើម​ចម្រៀង​ចាប៉ី​ពេញនិយម​ក្នុង​ស្រទាប់​មនុស្ស ដោយ​គេ​យក​វា​ជា​មធ្យោបាយ​អប់រំ​មនុស្ស គ្រប់​ស្រទាប់វណ្ណៈ​។



ដើម្បី​បាន​ជ្រាប​ច្បាស់​ថា សិល្បករ​ចម្រៀង​ចាប៉ី​មានគុណ​សម្បត្តិ​អ្វីខ្លះ ហើយ​ការរៀន​ទម្រង់​មួយ​នេះ​ផ្ដល់​ផលប្រយោជន៍​យ៉ាងណាខ្លះ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖







​ទោះបី​ចម្រៀង​ចាប៉ី​នៅក្នុងពេល​បច្ចុប្បន្ននេះ ហាក់​មិនសូវ​បាន​គ្របដណ្ដប់​លើ​មនុស្ស​គ្រប់​ស្រទាប់ ជាពិសេស​យុវវ័យ​ក្ដី ប៉ុន្ដែ​សិល្បៈ​មួយ​នេះ​នៅតែ​រក្សាបាន​នូវ​គុណ​តម្លៃ​របស់ខ្លួន ដែល​ផ្ដល់​ចំណេះដឹង​និង​ការអប់រំ​ដល់​អ្នក​ស្ដាប់​ជា​គោល​។ ឧបករណ៍​ចាប៉ី​មាន​លក្ខណៈពិសេស​ដោយ​សំដែង​ទោល  សំរាប់​ជូន​ចម្រៀង​ជា​ពាក្យកាព្យ ឬ​កម្រងកែវ​ក្នុង​រឿងនិទាន​ផ្សេងៗ​។ ជួនកាល​សំដែង​ចម្រៀង​ពីរ​នាក់ ច្រៀង​ឆ្លងឆ្លើយ​ចោទសួរ​សំនួរ ជា​ប្រស្នា​ផ្សេងៗ​ក្នុងការ​ល្បងប្រាជ្ញា​រៀងៗ​ខ្លួន និង​ល្បិច​ដោះស្រាយ​ពាក្យសម្តី ដែលមាន​លក្ខណៈ​ប្រជាប្រិយ​បំផុត ចំពោះ​ប្រជាជន​ខ្មែរ តាំងពី​បុរាណ​។​

​លោកគ្រូ​កំពុង​បង្រៀន​ចាប៉ី​ទៅកាន់​សិស្ស​។ មានបទពិសោធន៍​បង្រៀន​ជាង​១០​ឆ្នាំ លោក ពេ​ជ សា​រ៉ា​ត ប្រធាន​សហគមន៍​ចាប៉ី​អមតៈ លើកឡើងថា ការរៀន​កេះ​ក៏ដូចជា​រៀន​ច្រៀង​ចាប៉ី ទាមទារ​ឱ្យ​អ្នករៀន​ត្រូវមាន​ពុទ្ធិ គឺ​ការតាំង​ស្មារតី​ឱ្យ​ស្ងប់ ទើប​អាច​ចាប់​មេរៀន និង​ចំណាប់​ជួន​បានល្អ​។ មិនមែន​គ្រប់​មនុស្ស​ទាំងអស់ សុទ្ធតែ​អាច​រៀន​ចាប៉ី​ចេះ​នោះឡើយ ពួកគេ​ត្រូវមាន​មូលដ្ឋានគ្រឹះ​ផ្នែក​ភាសា​ខ្មែរ ដូចជា​ការចេះ​កំណាព្យ ចេះ​ពាក្យកម្រងកែវ ចេះ​ចាប់​ចុង​ជួន​បាន​ត្រឹមត្រូវ​និង​មាន​អត្ថន័យ ព្រមទាំង​មានចំណេះដឹង​ទូទៅ​ខ្ពស់​ផង​។ លោក ពេ​ជ សា​រ៉ា​ត ថា សិស្ស​ទាំងអស់​ដែល​លោក​ធ្លាប់​បង្រៀន មាន​សិស្ស​ដែល​រៀន​ឆាប់​ចេះ និង​សិស្ស​ខ្សោយ​ដែរ​។ បើ​សិស្ស​ខិតខំ​រៀន និង​ឧស្សា​ទន្ទិញ​រាល់ថ្ងៃ និយាយ​ជារួម​ទៅ សិស្ស​ដែលមាន​ទេពកោសល្យ​ផ្នែក​ចាប៉ី ត្រូវការ​តែ​ពេល​១​ខែ​តែប៉ុណ្ណោះ ដោយ​ក្នុង​មួយ​សប្ដាហ៍ រៀន​២​ម៉ោង គេ​នឹង​អាច​ចេះ​ចាប៉ី​មួយ​បទ​។ ចំណែក​អ្នក​មិនសូវមាន​ឧបនិស្ស័យ​វិញ​ត្រូវការ​ពេល​រហូត​ទៅដល់​៣​ខែ​ទើប​ចេះ​មួយ​បទ​។ ជា​គុណសម្បត្តិ​ពី​ធម្មជាតិ អ្នករៀន​ចាប៉ី​អាច​និយាយបានថា ជា​អ្នក​ដែលមាន​ទេពកោសល្យ​ខ្ពស់ ដែល​អាច​ញ៉ាំង​ខ្លួន​ឱ្យមាន​សុខភាព​ផ្លូវ​ចិត្តល្អ​។ មិនតែប៉ុណ្ណោះ​ពួកគេ​អាច​ប្រើ​វិធីសាស្ត្រ​យ៉ាង​បិ​ន​ប្រសព្វ​របស់ខ្លួន ដើម្បី​បញ្ជ្រាប​ចំណេះ និង​សារ​អប់រំ​ទៅដល់​អ្នក​ស្ដាប់​ផងដែរ​។​

​ថ្វី​ដ្បិត​ចម្រៀង​ចាប៉ី​មានគុណ​ប្រយោជន៍​ច្រើន​យ៉ាងណាក្ដី ប៉ុន្តែ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​មួយ​នេះ ហាក់​មិនសូវ​ទទួលបាន​ការគាំទ្រ​ពេញទំហឹង​នៅ​ទូទាំងប្រទេស​ឡើយ​។ មិនសូវ​គាំទ្រ ដោយសារ​ទីផ្សារ​ចាប៉ី មិនសូវមាន​អ្នក​ហៅ​ទៅ​ស​ម្លែ​ង​នោះឯង​។ លោក ពេ​ជ សា​រ៉ា​ត ដែល​នៅ​ជាមួយ​ចាប៉ី​ជាង​១០​ឆ្នាំ​មកហើយ​នោះ ថា​ភាគ​ដ៏​ច្រើន​ពេល​លោក​ទៅ​ច្រៀង​ចាប៉ី​ក្នុង​កម្មវិធី​ផ្សេងៗ លោក​មិនសូវ​ជា​ដាក់​តម្លៃ​ទៅ​ម្ចាស់​កម្មវិធី​ឡើយ​។ មិន​ដាក់​តម្លៃ ដោយសារ​តែមាន​ហេតុផល​ច្រើន ទីមួយ​សហគមន៍​នេះ​មិន​យកប្រាក់​ជាធំ ទី​២​ដើម្បី​ផ្សព្វផ្សាយ​ទម្រង់​សិល្បៈ​ដូនតា​ឱ្យបាន​ទូលំទូលាយ និង​ទី​៣​នៅពេល​ដាក់​តម្លៃ​ទៅ​គឺ​មិនមាន​ការឆ្លើយតប​ត្រឡប់មកវិញ​ពី​ម្ចាស់​កម្មវិធី​។

​ទោះ​ទម្រង់​ចាប៉ី​មិនសូវមាន​ទីផ្សារ និង​មិនអាច​កំណត់​តម្លៃ​បានច្បាស់លាស់​ក៏ដោយចុះ ប៉ុន្តែ​ប្រធាន​សហគមន៍​ចាប៉ី​អមតៈ លោក ពេ​ជ សា​រ៉ា​ត នៅតែ​ពេញចិត្ត​បង្រៀន​សិស្ស​និង​ផ្សព្វផ្សាយ​ពី​ទម្រង់​មួយ​នេះ ដោយ​លោក​ថា​វា​ជា​សម្បត្តិ​ដូនតា ក៏​ជា​ដួងព្រលឹង​របស់​ជាតិ​ដែរ​។



​ចំណែក​លោក ណូន សុខ ជា​គ្រូ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ក៏​ជា​សិល្បករ​ចាប៉ី​មួយរូប​ដែរ​។ លោក សុខ ដែល​សិល្បករ​ដូចគ្នា ពោល​សរសើរ​ជារឿយៗ​ថា​ច្រៀង​ចាប៉ី​នឹក​ជួន​តាម​ទិដ្ឋភាព​ជាក់ស្ដែង បាន​ភ្លាមៗ នឹងមាន​អត្ថន័យ​ល្អ​នោះ មានបទពិសោធន៍​រៀន​ចាប៉ី​តាំងពី​ឆ្នាំ​១៩៩៧​។ ការ​ច្រៀង​នឹក​ជួន​ភ្លាមៗ ដោយ​មិនបាន​តែង​ទុក​មុន មិនមែនជា​រឿង​ងាយ​នោះទេ ហើយក៏​មិនមែន​គ្រប់​សិល្បករ​ចាប៉ី​អ្នក​អស់ សុទ្ធ​តែមាន​សមត្ថភាព​ច្រៀ​ន​នឹក​ជួន​មាន​អត្ថន័យ​និង​ខ្លឹមសា​បានល្អ​គ្រប់ពេល​ដែរ​។ លោក ណូន សុខ ដែល​ពិកា​ភ្នែក​ទាំងសងខាង​តាំងពី​កំណើត​នោះ ថា​លោក​ត្រូវ​ហ្វឹកហាត់​ច្រៀង​រាល់ថ្ងៃ នឹង​ស្ដាប់​ឯកសារ​ដែលជា​ចំណេះដឹង ដើម្បី​ទទួលបាន​គំនិត និង​ពាក្យថ្មី​ហើយ​ល្អ សម្រាប់​ផ្ដល់ឱ្យ​អ្នក​ស្ដាប់​។

​ចម្រៀង​ចាប៉ី​អាច​ច្រៀ​ន​ពី​កំណាព្យ​ដែល​បាន​តែង​ទុកជា​ច្បាប់​ស្រាប់ ដែល​មិនអាច​បន្ថែមបន្ថយ​ពាក្យ​បានឡើយ​។ ប៉ុន្ដែ​បើ​សិល្បករ​ចាប៉ី​ច្រៀង​តែង​ខ្លួនឯង​ពី​ប្រធានបទ​អ្វីមួយ គេ​អាច​ច្រៀង​ជា​កំណាព្យ​ពាក្យ​៧​ក៏បាន​ពាក្យ​៨ ឬ ពាក្យ​ប៉ុន្មាន​តាមតែ​សិល្បករ​ពេញចិត្ត​។



​ជា​សិស្ស​ចាប៉ី​ម្នាក់​ដែល​លោក ពេ​ជ សា​រ៉ា​ត ពោល​ស​សើ​រថា ជា​សិស្ស​ដែល​រៀន​ឆាប់​ចេះ​ឆាប់​ចាំ ដោយ​រៀន​តែមួយ​ខែ​អាច​ចេះ​បាន​មួយ​បទ​នោះ​គឺ​លោក សាត វណ្ណា​។ វណ្ណា មាន​វ័យ​២៣​ឆ្នាំ ជា​គ្រូបង្រៀន​ថ្នាក់បឋមសិក្សា​នៅ​សាលា​រដ្ឋ​មួយកន្លែង​។ ដៃ​កេះ​ចាប៉ី​បង្ហាញ​ដល់​ខ្ញុំ​បណ្ដើរ គ្រូ​វ័យក្មេង​រូបនេះ​បាន​ពោលថា លោក​ស្រឡាញ់​សិល្បៈ​ចាប៉ី​តាំងពី​តូច តែ​មិនមាន​ឱកាស​រៀន ព្រោះ​មិន​ស្គាល់​កន្លែង​បង្រៀន​។ ពី​ដើមឡើយ វណ្ណា មានតែ​ហ្គី​តា​នៅផ្ទះ ហើយ​លោក​តែងតែ​យក​ហ្គី​តា​នោះមក​កេះ តាម​ការបង្រៀន​ចាប៉ី​ដែល​លោក​មើល​តាម​ហ្វេ​ស​ប៊ុ​ក​។ តាមពិតទៅ គ្រូ​ថ្នាក់បឋមសិក្សា​រូបនេះ មក​រៀន​ចាប៉ី​មិនមាន​បំណង​ចង់​ក្លាយជា​សិល្បករ​អាជីព​ឡើយ តែ​លោក​រៀន​ក្នុង​គោលដៅ​ច្បាស់លាស់​មួយ គឺ​ដើម្បី​យកចំណេះ​នេះ​ទៅ​បង្រៀន​ដល់​សិស្ស​របស់ខ្លួន​។



​ជា​សិស្ស​រៀន​ចាប៉ី​មួយរូប​ទៀត លោក សាន រ៉ា អាយុ​៣០​ឆ្នាំ ដែល​ទើប​ចូលរៀន​ចាប៉ី​បាន​រយៈពេល​១​ឆ្នាំ និង​ចេះ​ដេញចាប៉ី​បាន​៥​បទ​។ មិន​ខុសពី​សិល្បករ​អាជីព​ឡើយ អ្នករៀន​ចាប៉ី​ថ្មីថ្មោង​រូបនេះ មិនបាន​គិតថា​រៀន​ចាប៉ី​ឱ្យ​ចេះ ដើម្បី​រកប្រាក់​មក​ចាយ​វាយ​ពេញដៃ​ឡើយ តែ​លោក​បានដឹង​ជាស្រេច​ថា ចាប៉ី​មិនមាន​ការពេញនិយម​ច្រើន​ឡើយ​។ រៀន​ចាប៉ី​ឱ្យ​ចេះ​ដើម្បី​អភិរក្ស ថែរក្សា​មរតក​ដូនតា និង​ដើម្បី​បង្រៀន​កូន​ខ្មែរ​ជំនាន់​ក្រោយ​ឱ្យដឹងពី​គុណ​តម្លៃ​របស់​ចាប៉ី ជា​ក្ដី​ប្រាថ្នា​របស់លោក សាន រ៉ា​។ 

​យោងតាម​សៀវភៅ «​តន្ត្រីបុរាណ​កម្ពុជា​» រៀបរៀង​ដោយ​លោក ហ៊ុន សារិន ចាប៉ីដងវែង​មានមុខ​ងារ​សំខាន់​៤​យ៉ាង ទី​១ សំខាន់​ក្នុង​វង់ភ្លេង​អារក្ស​ដោយ​គេ​យក​ឧបករណ៍​នេះ ទៅ​ប្រគុំ​ចូល​ជាមួយ​ឧបករណ៍​ដទៃទៀត​ក្នុងពេល​លៀងអារក្ស​ម្ដងៗ តាំងពី​សម័យ​យូរលង់​ណាស់​មកហើយ​។ ទី​២ សំខាន់​ក្នុង​វង់ភ្លេង​ការ​បុរាណ​ដែលជា​ប្រពៃណី​របស់​ដូនតា​តាំងពី​ច្រើន​ពាន់​ឆ្នាំ​មកហើយ​។ ទី​៣ សំខាន់​សម្រាប់​កំដរ​ចម្រៀង​បែប​កំណាព្យ ដែល​អ្នក​ច្រៀង​ត្រេះ​ផង​ច្រៀង​ផង មាន​ប្រជាប្រិយ​បំផុត​។ និង​ទី​៤ សំខាន់​ក្នុង​វង់ភ្លេង​មហោរី​សម័យ​ដំបូងបង្អស់ ប៉ុន្ដែ​សម័យ​បច្ចុប្បន្ននេះ ចាប៉ីដងវែង​គ្មាន​វត្តមាន ក្នុង​វង់ភ្លេង​មហោរី​នេះ​ទៀត​ទេ​៕


Tag:
 ចាប៉ី​
© រក្សាសិទ្ធិដោយ thmeythmey.com