ជាតិ
បោះឆ្នោត
នយោបាយជាតិ
សម្តេច ហ៊ុន សែន បបួលក្រុមប្រឆាំងស្បថ បើការបោះឆ្នោត មានការក្លែងបន្លំ
× សម្តេច ហ៊ុន សែន ហួសចិត្តនឹងក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេសលោក សម រង្ស៊ី ដែលចោទថា ការបោះឆ្នោតនៅអាណត្តិទី៦នេះ មានការបំប៉ោងតួលេខនៃអ្នកទៅបោះឆ្នោត។ បន្ទាប់មក ប្រមុខរដ្ឋាភិបាល ក៏បបួលពួកគេ ឲ្យស្បថ ប្រសិនបើការបោះឆ្នោតនៅកម្ពុជា ពិតជាមានអំពើទុច្ចរិតបែបបនេះមែន។
ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីប្រមាណ៧០នាក់ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ប្រធានគណបក្សកាន់អំណាច ដែលទើបនឹងឈ្នះឆ្នោតសាជាថ្មីនៅអាណត្តិទី៦នេះ បាននិយាយខ្លាំងៗយ៉ាងដូច្នេះថា៖«ស្បថឲ្យងាប់ ស្បថឲ្យអន្តរាយ។ បើអ្នកឯងមិនហ៊ានស្បថ គឺអ្នកឯងចាញ់»។ ក្រោយជំនួបជាមួយនាយករដ្ឋមន្ត្រី កីឡាករ-កីឡាការិនីកម្ពុជាទាំងនោះ នឹងចេញទៅប្រកួត Asian Games នៅប្រទេសឥណ្ឌូនេស៊ី។
សូម្បីតែប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ដែលបានទៅបោះឆ្នោត ក៏ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឲ្យស្បថជាមួយក្រុមប្រឆាំងដែរ។ មេដឹកនាំកម្ពុជា ថ្លែងបែបនេះថា៖«យើងទាំងអស់ នាំគ្នាស្បថដែរទៅ។ កុំទៅខ្លាច មានអីត្រូវខ្លាច បើយើងធ្វើពិត។ មានតែអ្នកបោកបញ្ជោតទេ ដែលមិនហ៊ាននោះ»។
ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលទ្ធផលបឋមថា ប្រជាពលរដ្ឋជាង៨០ភាគរយ បានចូលរួមបោះឆ្នោត លោក សម រង្ស៊ី ក៏ចេញមកច្រានចោល ហើយចោទថា តួលេខនេះ គឺជាតួលេខក្លែងក្លាយ។ ពីក្រៅប្រទេស អតីតប្រធានគណបក្សប្រឆាំងរូបនេះ ថែមទាំងលើកឡើងថា ប្រជាពលរដ្ឋ ដែលទៅបោះឆ្នោត គឺដោយសារតែរងការគំរាមកំហែង។
លទ្ធផលបឋម បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រដល់ទៅជាង ៤,៨លាននាក់ឯណោះ ដែលស្មើជាង៧៦ភាគរយ។ តាមការគណនាក្រៅផ្លូវការ មានតែគណបក្សកាន់អំណាចនេះទេ ដែលបានអាសនៈក្នុងរដ្ឋសភា។ ឯគណបក្សទាំង១៩ទៀត ទំនងជាមិនបានអាសនៈឡើយ។
បើគ្មានអ្វីប្រែប្រួលនោះទេ លទ្ធផលផ្លូវការស្តីពីការបែងចែងអាសនៈ នឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨៕
Tag:
បោះឆ្នោត
ហ៊ុន សែន
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com