រថយន្ត
អន្តរជាតិ
រថយន្ត​ផ្លូវរដ្ឋ​របស់​ប្រមុខរដ្ឋ​មួយចំនួន​៖ លោក ត្រាំ​, លោក ស៊ី​, លោក ពូ​ទីន​...
06, Aug 2018 , 7:38 pm        
រូបភាព
ដោយ: ធីតា
​ប្រមុខរដ្ឋ​នានា​លើ​ពិភពលោក និយម​ប្រើប្រាស់​រថយន្ត​ផ្លូវ​ការដែល​ផលិត​នៅក្នុង​ស្រុក​របស់ខ្លួន​។ ការធ្វើ​បែបនេះ គឺ​ក្នុង​គោលបំណង​លើក​តម្លៃ​ស្នាដៃ​ក្នុងស្រុក និង​ងាយស្រួល​ក្នុង​ការដាក់​បំពាក់​ឧបករណ៍​សុវត្ថិភាព​ផ្សេងៗ​ទៅតាម​ជំនាញ​បច្ចេកវិទ្យា​នៃ​ប្រទេស​របស់ខ្លួន​។



​ប្រធានាធិបតី​អាមេរិក ចិន រុស្ស៊ី អាល្លឺម៉ង់ និង​បារាំង ជាដើម សុទ្ធតែ​ប្រើប្រាស់​រថយន្ត​ក្នុងស្រុក​របស់ខ្លួន ធ្វើជា​រថយន្ត​ផ្លូវរដ្ឋ ខណៈ​ប្រមុខរដ្ឋ​នៃ​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​គ្មាន​សហគ្រាស​យានយន្ត បានធ្វើ​ការបញ្ជាទិញ​ជាពិសេស​ពី​បណ្តា​ប្រទេស​ធំៗ ។​

​ទស្សនា​វ​ដ្តី Forbes ដ៏​ល្បីល្បាញ បាន​ណែនាំ​បង្ហាញ​រថយន្ត​ផ្លូវរដ្ឋ​របស់​ប្រមុខរដ្ឋ​១០​រូប ជាមួយនឹង​ការប៉ាន់ស្មាន​តម្លៃ ដោយ​ទិន្នន័យ​ទាំងនេះ បានមកពី​ក្រុមហ៊ុន​ស្ថិតិ Statista​។​

១. លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ប្រើប្រាស់​រថយន្ត Cadillac One “ The Beast” ដែល​ផលិត​នៅ​សហរដ្ឋអាមេរិក​។ តាម​ការប៉ាន់ស្មាន រថយន្ត​នេះ មានតម្លៃ​ជាង​១,៥​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​



២. លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន ប្រើប្រាស់​រថយន្ត Hongqi L5 ដ៏​ទំនើប​របស់​ចិន ដែលមាន​តម្លៃ​ប្រមាណ​៨​សែន​ដុល្លារ​អាមេរិក​។​



៣. ព្រះអង្គម្ចាស់ Felipe VI នៃ​ប្រទេស​អេ​ស្ប៉ា​ញ ប្រើប្រាស់​រថយន្ត​ប្រវត្តិសាស្ត្រ Rolls-Royce Phantom IV ដែល​ផលិត​នៅ​អង់គ្លេស​។ រថយន្ត​នេះ មានតម្លៃ​ជាង​៧,៥​សែន​ដុល្លារ​អាមេរិក​។​



៤. ម្ចាស់​ក្ស​ត្រី​យ៍​អង់គ្លេស Elizabeth II ប្រើប្រាស់​រថយន្ត Bentley Arnage ដែល​ផលិត​នៅ​អង់គ្លេស​ផ្ទាល់​។ រថយន្ត​នេះ មានតម្លៃ​៣​សែន​ដុល្លារ​អាមេរិក​។​



៥. លោកស្រី Angela Merkel អធិការបតី​អាល្លឺម៉ង់ ប្រើប្រាស់​រថយន្ត Mercedes-Benz S600 របស់​អាល្លឺម៉ង់ ដែលមាន​តម្លៃ​១៩៦ ០០០​ដុល្លារ​អាមេរិក​។​



៦. លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន ប្រើប្រាស់​រថយន្ត Aurus Senat របស់​រុស្ស៊ី ដែលមាន​តម្លៃ​ជាង​១៦០ ០០០​ដុល្លារ​អាមេរិក​។​



៧. លោក គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង ប្រើប្រាស់​រថយន្ត Mercedes-Benz 600 Landaulet របស់​អាល្លឺម៉ង់ ដែលមាន​តម្លៃ​ប្រមាណ ៤១ ៦០០ ដុល្លារ​អាមេរិក​។​



៨. លោក Sergio Mattarella ប្រធានាធិបតី​អ៊ីតាលី ជិះ​រថយន្ត Lancia Thesis របស់​អ៊ីតាលី ដែលមាន​តម្លៃ​ប្រមាណ​៣៣ ០០០​ដុល្លារ​អាមេរិក​។​



៩. លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង ជិះ​រថយន្ត DS 7 របស់​បារាំង ដែលមាន​តម្លៃ ៣១ ៥០០ ដុល្លារ​អាមេរិក​។​



១០. សម្តេច​ប៉ាប Pope Francis នៃ​បុរី​វ៉ា​ទី​កង់​។ រថយន្ត​ផ្លូវរដ្ឋ​របស់​ព្រះអង្គ​គឺ Renaylt 4 ដែល​ផលិត​នៅ​ឆ្នាំ​១៩៨៤ ដែលមាន​តម្លៃ​៣៥០០​ដុល្លារ​អាមេរិក​៕






© រក្សាសិទ្ធិដោយ thmeythmey.com