ជាតិ
បោះឆ្នោត
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ហ៊ាន​ស្បថ​ដាក់​ជីវិត​ជាមួយ​សម្តេច ហ៊ុន សែន ពី​រឿង​បន្លំ​សន្លឹកឆ្នោត​
06, Aug 2018 , 4:55 pm        
រូបភាព
លោក សម រង្ស៊ី និងសម្តេច ហ៊ុន សែន ធ្វើដំណើររួមគ្នាចេញពីវិមានរដ្ឋសភា កាលពីអំឡុងឆ្នាំ២០១៥
លោក សម រង្ស៊ី និងសម្តេច ហ៊ុន សែន ធ្វើដំណើររួមគ្នាចេញពីវិមានរដ្ឋសភា កាលពីអំឡុងឆ្នាំ២០១៥
ដោយ: ថ្មីៗ
​ទោះ​យក​ជីវិត​មក​ស្បថ ក៏​លោក សម រង្ស៊ី មិន​ខ្លាច​សម្តេច ហ៊ុន សែន ដែរ​។ លោក សម រង្ស៊ី ឆ្លើយតប​ថា​លោក «​ហ៊ាន​ស្បថ​» ហើយ​លោក​នៅតែ​ប្រកាន់​ជំហរ​ថា ពិតជា​មានការ​បំប៉ោង​តួលេខ​នៃ​អ្នក​ទៅ​បោះឆ្នោត​មែន​។​



​មកដល់​ដំណាក់កាល​នេះ «​ការស្បថ​» ជា​ល្បែង​នយោបាយ​សម្រាប់​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ អ្នក ដែល​ចាប់ផ្តើម​បបួល​ស្បថ​មុនគេ គឺ​សម្តេច ហ៊ុន សែន​។

​ប៉ុន្មាន​ម៉ោង​ក្រោយ លោក សម រង្ស៊ី ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង ក៏បាន​ចេញមក​ឆ្លើយឆ្លង​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក សម រង្ស៊ី បាន​សរសេរ​បែប​សើចចំអក​ឲ្យ​សម្តេច ហ៊ុន សែន ថា មិន​ហ៊ាន​រាប់​សន្លឹកឆ្នោត​ឡើងវិញ តាម​សំណើ​របស់លោក ដែល​ស្នើ​ឲ្យ​មានការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ​នោះទេ តែ​បែរជា​មក​បបួល​លោក​ស្បថ ដែល​ប្រាក​ចាក​ពី​លក្ខណ​វិទ្យាសាស្ត្រ និង​បច្ចេកទេស​ជាក់ស្តែង​។  

​លោក សម រង្ស៊ី បាន​ចំអក​ឲ្យ​សម្តេច ហ៊ុន សែន ទៀតថា គួរតែ​មានគំនិត​ចាស់ទុំ និង​ជឿនលឿន​បន្តិច​។ យ៉ាងណា​ក​ក៏ដោយ អតីត​ប្រធាន​គណបក្សប្រឆាំង​រូបនេះ នៅតែ​ស្ម័គ្រចិត្ត​ធ្វើតាម​ការ​បបួល​របស់​គូប​ដិ​បក្ស​ដដែល​។ លោក បាន​សរសេរ​បែបនេះ​ថា​៖«​ខ្ញុំ យល់​ព្រមទៅ​ស្បថ​ជាមួយ​គាត់ តែ​សូម​ឲ្យ​រាប់​សន្លឹកឆ្នោត​ឡើងវិញ​ជាមុនសិន ចាំ​ស្បថ​តាម​ក្រោយ​»​។

​ដើមចម ដែល​ធ្វើ​ឲ្យ​សម្តេច ហ៊ុន សែន ទ្រាំ​មិនបាន ហើយ​បបួល​លោក សម រង្ស៊ី ស្បថ គឺ​ដោយសារតែ​លោក សម រង្ស៊ី ចោទថា គណបក្សកាន់អំណាច និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប​) នាំគ្នាបំប៉ោងតួលេខនៃអ្នកទៅបោះឆ្នោត។ បើតាម​លោក សម រង្ស៊ី កុំថាឡើយ អ្នក​ទៅ​បោះឆ្នោត កើនឡើង​ដល់​៨២​ភាគរយ សូម្បីតែ​៥០ភាគរយ ក៏​មិន​ដល់​ផង​។

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កី​ឡាករ​-​កីឡាការិនី នៅ​ព្រឹក​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨​នេះ សម្តេច ហ៊ុន សែន បាន​បបួល​លោក សម រង្ស៊ី និង​ក្រុមប្រឆាំង យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ ហ៊ាន​ស្បថ​ឲ្យ​ស្លាប់​។ ប៉ុន្តែ អ្នកឯង បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​វិញ​ទៅ​ថា សុខចិត្ត​ស្លាប់​ដែរ​។ អ្នកណា ហ៊ាន​ចោទប្រកាន់​ខុស សូម​ឲ្យ អ្នក​នុ៎ង ត្រូវ​ទេវតា​បរាមុខ​»​។

អត្ថបទទាក់ទង
 

​គ​.​ជ​.​ប ប្រកាស​លទ្ធផល​បឋម​ថា គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សំឡេងគាំទ្រ​ដល់​ទៅ​ជាង​៤,៨​លាន​នាក់​ឯណោះ ដែល​ស្មើ​ជាង ៧៦​ភាគរយ​។ បើតាម​តួលេខ​នេះ ប្រហែលជា​មានតែ​គណបក្សកាន់អំណាច​នេះ​ទេ ដែល​ទទួលបាន​អាសនៈ​ក្នុង​រដ្ឋសភា នៅ​អាណត្តិ​ទី​៦​។

​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​គណបក្សកាន់អំណាច មានឱកាស​ទទួលបាន​ជ័យជម្នះ​យ៉ាង​សន្លឹក​សន្ធាប់​បែបនេះ គឺ​អាចមកពីអវត្តមាន​គណបក្សប្រឆាំង​៕


Tag:
 បោះឆ្នោត​
  សម រង្ស៊ី​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com