ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក សម រង្ស៊ី ហ៊ានស្បថដាក់ជីវិតជាមួយសម្តេច ហ៊ុន សែន ពីរឿងបន្លំសន្លឹកឆ្នោត លោក សម រង្ស៊ី និងសម្តេច ហ៊ុន សែន ធ្វើដំណើររួមគ្នាចេញពីវិមានរដ្ឋសភា កាលពីអំឡុងឆ្នាំ២០១៥
× ទោះយកជីវិតមកស្បថ ក៏លោក សម រង្ស៊ី មិនខ្លាចសម្តេច ហ៊ុន សែន ដែរ។ លោក សម រង្ស៊ី ឆ្លើយតបថាលោក «ហ៊ានស្បថ» ហើយលោកនៅតែប្រកាន់ជំហរថា ពិតជាមានការបំប៉ោងតួលេខនៃអ្នកទៅបោះឆ្នោតមែន។
មកដល់ដំណាក់កាលនេះ «ការស្បថ» ជាល្បែងនយោបាយសម្រាប់សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ។ អ្នក ដែលចាប់ផ្តើមបបួលស្បថមុនគេ គឺសម្តេច ហ៊ុន សែន។
ប៉ុន្មានម៉ោងក្រោយ លោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង ក៏បានចេញមកឆ្លើយឆ្លង។ តាមរយៈសារលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បានសរសេរបែបសើចចំអកឲ្យសម្តេច ហ៊ុន សែន ថា មិនហ៊ានរាប់សន្លឹកឆ្នោតឡើងវិញ តាមសំណើរបស់លោក ដែលស្នើឲ្យមានការចូលរួមពីសហគមន៍អន្តរជាតិនោះទេ តែបែរជាមកបបួលលោកស្បថ ដែលប្រាកចាកពីលក្ខណវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។
លោក សម រង្ស៊ី បានចំអកឲ្យសម្តេច ហ៊ុន សែន ទៀតថា គួរតែមានគំនិតចាស់ទុំ និងជឿនលឿនបន្តិច។ យ៉ាងណាកក៏ដោយ អតីតប្រធានគណបក្សប្រឆាំងរូបនេះ នៅតែស្ម័គ្រចិត្តធ្វើតាមការបបួលរបស់គូបដិបក្សដដែល។ លោក បានសរសេរបែបនេះថា៖«ខ្ញុំ យល់ព្រមទៅស្បថជាមួយគាត់ តែសូមឲ្យរាប់សន្លឹកឆ្នោតឡើងវិញជាមុនសិន ចាំស្បថតាមក្រោយ»។
ដើមចម ដែលធ្វើឲ្យសម្តេច ហ៊ុន សែន ទ្រាំមិនបាន ហើយបបួលលោក សម រង្ស៊ី ស្បថ គឺដោយសារតែលោក សម រង្ស៊ី ចោទថា គណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នាំគ្នាបំប៉ោងតួលេខនៃអ្នកទៅបោះឆ្នោត។ បើតាមលោក សម រង្ស៊ី កុំថាឡើយ អ្នកទៅបោះឆ្នោត កើនឡើងដល់៨២ភាគរយ សូម្បីតែ៥០ភាគរយ ក៏មិនដល់ផង។
ក្នុងពិធីជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេច ហ៊ុន សែន បានបបួលលោក សម រង្ស៊ី និងក្រុមប្រឆាំង យ៉ាងដូច្នេះថា៖«ខ្ញុំ ហ៊ានស្បថឲ្យស្លាប់។ ប៉ុន្តែ អ្នកឯង បង្ហោះតាមហ្វេសប៊ុកវិញទៅថា សុខចិត្តស្លាប់ដែរ។ អ្នកណា ហ៊ានចោទប្រកាន់ខុស សូមឲ្យ អ្នកនុ៎ង ត្រូវទេវតាបរាមុខ»។
គ.ជ.ប ប្រកាសលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជា បានទទួលសំឡេងគាំទ្រដល់ទៅជាង៤,៨លាននាក់ឯណោះ ដែលស្មើជាង ៧៦ភាគរយ។ បើតាមតួលេខនេះ ប្រហែលជាមានតែគណបក្សកាន់អំណាចនេះទេ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា នៅអាណត្តិទី៦។
មូលហេតុមួយ ដែលធ្វើឲ្យគណបក្សកាន់អំណាច មានឱកាសទទួលបានជ័យជម្នះយ៉ាងសន្លឹកសន្ធាប់បែបនេះ គឺអាចមកពីអវត្តមានគណបក្សប្រឆាំង៕
Tag:
បោះឆ្នោត
សម រង្ស៊ី
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com