រថយន្ត
អន្តរជាតិ
ហ្វីលីពីន​កិនកម្ទេច​រថយន្ត និង​ម៉ូតូ​ទំនើបៗ​ដែល​បន្លំ​គេចពន្ធ​
06, Aug 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte កាលពី​ចុងខែ​កក្កដា កន្លងមក បាន​ដឹកនាំ ការកម្ទេច​រថយន្ត និង​ម៉ូតូ​ទំនើបៗ ដែល​គេចពន្ធ នៅ​ផែ Irene ក្នុង​ខេត្ត Cagayan ។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន ABS-CBN News​។​



​រថយន្ត​ទំនើបៗ​៦៨​គ្រឿង និង​ម៉ូតូ​៨​គ្រឿង ត្រូវ​រឹបអូស​ពី​ទីតាំង​លក់​ផ្សេងៗ​គ្នា​នៅ​ហ្វីលីពីន ដូចជា​ហាង Harley Davidson, Triumph និង Chopper​។ ការកម្ទេច​ដោយ​ប៊ុល​ដូ​ហ្ស័​រ ធ្វើឡើង​នៅ​ចំពោះមុខ​លោក​ប្រធានាធិបតី Duterte និង​លោក Raul Lambino អគ្គនាយក​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត Cagayan​។​



​រថយន្ត​ទាំង​៦៨​គ្រឿង ត្រូវបាន​វាយតម្លៃថា ស្មើនឹង​ទឹកប្រាក់​ជាង​៥,២១​លាន​ដុល្លារ​អាមេរិក រីឯ​ម៉ូតូ​ទំនើបៗ ៨​គ្រឿង ស្មើនឹង​ទឹកប្រាក់​ក្នុង​រង្វង់​៣៧​ម៉ឺន​ដុល្លារ​អាមេរិក​។ ការកម្ទេច​នៅ​ទីសាធារណៈ​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការព្រមាន និង​ប្រឆាំង​ការ​គេច និង​បន្លំ​ពន្ធ​នៅ​ហ្វីលីពីន ជាពិសេស​ការលុបបំបាត់​អំពើពុករលួយ​។​

​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក Duterte បញ្ជា​ឲ្យ​មានការ​កម្ទេច​យានយន្ត​ទំនើបៗ​ដែល​គេចពន្ធ​នៅ​ខេត្ត Cagayan ដោយ​កាលពី​លើកទីមួយ​ធ្វើឡើង​នៅ​ថ្ងៃទី​១៤ ខែ​មិនា​។ ប្រធានាធិបតី​ហ្វីលីពីន ជឿថា ប្រតិបត្តិការ​នេះ នឹងធ្វើ​ឲ្យ​ជនល្មើស​កាន់តែ​រៀងចាល និង​ខ្លាចរអារ​៕












© រក្សាសិទ្ធិដោយ thmeythmey.com