កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ប្រាប់​ឲ្យ​កីឡាករ​រក្សា​ភាពថ្លៃថ្នូរ​នៅ Asian Games ទោះបី​ចាញ់​ឬ​ឈ្នះក្តី​
06, Aug 2018 , 9:19 pm        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​កីឡាករ​ទាំងអស់ ត្រូវផ្តោត​សំខាន់​លើ​កិត្តិយស​ជាជាង​លទ្ធផល ។ សម្តេច ហាម​កីឡាករ ប្រើប្រាស់​សារធាតុ​លើក​កម្លាំង និង​បំពាន​វិធានការ​ប្រកួត​។



​មុនកីឡាករ ​គ្រូបង្វឹក និងថ្នាក់ដឹកនាំសរុបទាំងអស់​៧១​នាក់ ចេញទៅ​ចូលរួម​ប្រកួត Asian Games នៅ​ឥណ្ឌូណេស៊ី សម្តេច ហ៊ុន សែន បាន​រំឭក​ឲ្យ​កីឡាករ​ទាំងអស់ ត្រូវ​ប្រកួត​ដោយ​ភាពថ្លៃថ្នូរ ចៀសវាង​ប្រើ​ល្បិចកល​លើ​គូប្រកួត​។

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក និង​កីឡាករ​នៅ​ថ្ងៃទី​៦ ខែសីហា ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ចាញ់​ឬ​ឈ្នះ​វា​រឿង​ធម្មតា​របស់​កីឡា​។ ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​សុំ​កុំ​បំពាន​នៃ​ការប្រកួត អ្វីដែល​គេ​ហាម​សូមកុំ​ធ្វើ នេះ​ជា​ចំណុច​ទី​១​។ ចំណុច​ទី​២ គឺ​កុំ​ប្រើ​សារធាតុ​លើក​កម្លាំង ដែល​គេ​ហាមឃាត់​ឲ្យ​សោះ​។ កីឡា​កម្ពុជា ទោះបី​មិនបាន​មេដាយ​អី​សោះ ក៏​យើង​នៅតែ​ជា​កីឡា​ថ្លៃថ្នូរ​»​។



​ការ​សង្កត់ធ្ងន់ៗ​របស់​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​រូបនេះ គឺ​មិន​ចង់​ឲ្យ​កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស ដែលមាន​កីឡាករ​-​កីឡាការិនី មិនល្អ​ក្នុង​ក្រសែភ្នែក​របស់​អន្តរជាតិ​។ «​ការ​ឈ្នះ​មេដាយ​ដោយសារ​ធាតុ​លើក​កម្លាំង មិនមែនជា​ចំណុច ដែល​គួរ​ជាទី​មោទកភាព​នោះទេ ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​។ ធ្វើយ៉ាងណា កុំ​ឲ្យ​កម្ពុជា​ជាប់​ឈ្មោះ មាន​កីឡាករ​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​»​។ នេះ​ជាការ​បន្ថែម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទើប​ជាប់ឆ្នោត​អាណ​តិ្ត​ទី​៦ សម្តេច ហ៊ុន សែន​។

​ដើម្បី​លើកទឹកចិត្ត និង​សម្រួល​ដល់​ការចំណាយ​របស់​កីឡាករ​កីឡាការិនី គ្រូបង្វឹក និង​ថ្នាក់ដឹកនាំ​កីឡា​ទាំង​៧១​រូប ដែល​ចូលរួម​ប្រកួត​កីឡា​អាស៊ី Asian Game 2018 សម្តេច ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​៥០០​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ​។ សម្តេច ត្រូវ​ចំណាយ​ថវិកា​សរុប​៣៥,៥០០​ដុល្លារ​អាមេរិក​។



​សម្រាប់​ការប្រកួត​កីឡា​អាស៊ី​ដែល​ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៨ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា នៅ​ប្រទេស​ឥណ្ឌូណេស៊ី កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​៤៣​រូប​លើ​១៣​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។ ការប្រកួត​នេះ មាន​៤៥​ប្រទេស​ចូលរួម ដោយ​ប្រកួត​លើ​៤០​ប្រភេទ​កីឡា ដោយមាន​៤៦៥​វិញ្ញាសា​៕



Tag:
 សម្តេច ហ៊ុន សែន​
  Asian Games 2018
© រក្សាសិទ្ធិដោយ thmeythmey.com