ជាតិ
ប្រាសាទអង្គរវត្ត នៅតែជាប់ជាសំណង់ប្រវត្តិសាស្ដ្រដ៏ល្បីលើពិភពលោក
× សៀមរាប៖ប្រាសាទអង្គរវត្តត្រូវបានទីភ្នាក់ងារប្រឹក្សាយោបល់លើការធ្វើដំណើរ (TripAdvisor) បានផ្តល់ចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងចំណោមសំណង់ប្រវត្តិសាស្ដ្រដ៏ល្បីៗក្នុងពិភពលោក ចំនួន២៥ សម្រាប់ឆ្នាំ២០១៨។ TripAdvisor បានផ្ដល់ចំណាត់លេខ១ដល់ប្រាសាទអង្គរវត្ត កាលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
វាជាមោទកភាពថ្មីមួយបន្ថែមទៀត ដែលប្រាសាទអង្គរវត្ត ត្រូវបានបោះឆ្នោតគាំទ្រ៥ឆ្នាំជាប់ៗគ្នា ជាប់ចំណាត់ថ្នាក់លេខ១ តាមរយៈគេហទំព័រល្បីៗ ដែលក្នុងនោះរួមមាន ឆ្នាំ២០១៤ ប្រាសាទអង្គរវត្តជាប់លេខ១ លើគេហទំព័រ ArchaeoMadness ជាតំបន់បុរាណវិទ្យា និងប្រវត្តិសាស្ដ្រដ៏ទាក់ទាញបំផុតលើពិភពលោក។ ឆ្នាំ២០១៥ អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ពីគេហទំព័រ TripAdvisor ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រដ៏ល្បីល្បាញលើពិភពលោក។ ឆ្នាំ២០១៦ តាមរយៈគេហទំព័រ Lonely Planet ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញបំផុតលើពិភពលោក។ និងឆ្នាំ២០១៧ និងឆ្នាំ២០១៨ គេហទំព័រ TripAdvisor បានបន្តផ្ទាល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្ត ក្នុងឋានៈជាសំណង់ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យបំផុតលើពិភពលោក។
ដើម្បីអបអរចំពោះមោទកភាពនេះ ក្រសួងទេសចរណ៍នឹងរៀបចំពិធីទទួលពានរង្វាន់នៅខេត្តសៀមរាប ដែលរៀបចំឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅបរិវេណមុខប្រាសាទអង្គរវត្ត ហើយនាពេលរាត្រីនឹងមានកម្មវិធីកម្សាន្តនៅតំបន់ផាប់ស្ទ្រីតផងដែរ៕
Tag:
អង្គរវត្ត
TripAdvisor
© រក្សាសិទ្ធិដោយ thmeythmey.com