ជាតិ
ប្រាសាទអង្គរវត្ត នៅតែ​ជាប់​ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​ល្បី​លើ​ពិភពលោក​
06, Aug 2018 , 5:51 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖​ប្រាសាទអង្គរវត្ត​ត្រូវបាន​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ (TripAdvisor) បានផ្តល់​ចំណាត់ថ្នាក់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុងចំណោម​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​ល្បីៗ​ក្នុង​ពិភពលោក ចំនួន​២៥ សម្រាប់​ឆ្នាំ​២០១៨​។ TripAdvisor បានផ្ដល់​ចំណាត់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត កាល​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​។​



​វា​ជា​មោទកភាព​ថ្មី​មួយ​បន្ថែមទៀត ដែល​ប្រាសាទអង្គរវត្ត ត្រូវបាន​បោះឆ្នោត​គាំទ្រ​៥​ឆ្នាំ​ជាប់ៗ​គ្នា ជាប់​ចំណាត់ថ្នាក់​លេខ​១ តាមរយៈ​គេហទំព័រ​ល្បីៗ ដែល​ក្នុងនោះ​រួមមាន ឆ្នាំ​២០១៤ ប្រាសាទអង្គរវត្ត​ជាប់​លេខ​១ លើ​គេហទំព័រ ArchaeoMadness ជា​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ដ្រ​ដ៏​ទាក់ទាញ​បំផុត​លើ​ពិភពលោក​។ ឆ្នាំ​២០១៥ អង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ពី​គេហទំព័រ TripAdvisor ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ដ្រ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​។ ឆ្នាំ​២០១៦ តាមរយៈ​គេហទំព័រ Lonely Planet ជា​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌​ដ៏​ល្បីល្បាញ​បំផុត​លើ​ពិភពលោក​។ និង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ គេហទំព័រ TripAdvisor បាន​បន្ត​ផ្ទាល់​ចំណាត់ថ្នាក់​លេខ​១ ដល់​ប្រាសាទអង្គរវត្ត ក្នុងឋានៈ​ជា​សំណង់​ប្រ​វ​ត្ដិ​សាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​។​

​ដើម្បី​អបអរ​ចំពោះ​មោទកភាព​នេះ ក្រសួងទេសចរណ៍​នឹង​រៀបចំ​ពិធី​ទទួល​ពានរង្វាន់​នៅ​ខេត្តសៀមរាប ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ហើយ​នាពេល​រាត្រី​នឹងមាន​កម្មវិធី​កម្សាន្ត​នៅ​តំបន់​ផាប់​ស្ទ្រី​ត​ផងដែរ​៕


Tag:
 អង្គរវត្ត​
  TripAdvisor
© រក្សាសិទ្ធិដោយ thmeythmey.com