អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហ​បុរី​៖«​ជំនួប​ត្រាំ​-​គីម ស្ថិត​លើផ្លូវ​វែងឆ្ងាយ ខណៈ​អាមេរិក និង​កូរ៉េខាងជើង​នៅ​ខ្វះ​ការទុកចិត្ត​គ្នា​ផ្នែក​យុទ្ធសាស្ត្រ​»
07, Aug 2018 , 9:00 am        
រូបភាព
លោក ត្រាំ និងលោក គីម ជួបគ្នានាកិច្ចប្រជុំពិសេសនៅសិង្ហបុរីកាលពីខែមិថុនា (រូបភាព AFP)
លោក ត្រាំ និងលោក គីម ជួបគ្នានាកិច្ចប្រជុំពិសេសនៅសិង្ហបុរីកាលពីខែមិថុនា (រូបភាព AFP)
​សិង្ហ​បុរី​៖ ប្រមុខ​ការទូត​សិង្ហ​បុរី​ជឿជាក់ ជំនួប​ពិសេស​រវាង​មេដឹកនាំ​អាមេរិក និង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់ ប៉ុន្តែ​បញ្ហា​ចម្បង​បំផុត​ពេលនេះ​គឺ អាមេរិក និង​កូរ៉េខាងជើង​នៅតែ​ខ្វះ​ការជឿទុកចិត្ត​គ្នា​។ ជា​ភាគី​រៀបចំ​ជំនួប សិង្ហ​បុរី​សង្ឃឹម ភាគី​ពាក់ព័ន្ធ​នឹង​បន្ត​ជួប​ជំនួប​ពិភាក្សាគ្នា​ញឹកញាប់​ដើម្បី​កសាង​ទំនុកចិត្ត និង​ភាពជឿជាក់​រវាង​គ្នា​ដើម្បី​សម្រេច​គោលដៅ​រំសាយ​នុយក្លេអ៊ែរ​និង​បញ្ចប់សង្គ្រាម​កូរ៉េ​។ 
 
​ក្នុងជំនួប​សន្ទនា​ជាមួយ​អ្នកសារព័ត៌មាន​អាស៊ាន​ថ្ងៃ​ចន្ទ ទី ៦ ខែសីហា រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក វី​វៀន បា​ឡា​គ្រី​ស្នាន់ បាន​លើកឡើងថា ក្នុងនាម​ជា​ប្រទេស​ទទួល​រៀបចំ​កិច្ចប្រជុំ​ពិសេស​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន កាលពី​ខែមិថុនា សិង្ហ​បុរី​មើលឃើញថា ការ​ឈានទៅ​សម្រេច​គោលដៅ​ដូចជា​រំសាយ​សព្វាវុធ និង​បញ្ចប់សង្គ្រាម​កូរ៉េ​ជា​ផ្លូវ​ដ៏​វែងឆ្ងាយ​។​

(រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីស្នាន់ ពេលជួបជាមួយអ្នកសារព័ត៌មានអាស៊ានថ្ងៃ​ ៦ ខែសីហា)

 
​ប្រមុខ​ការទូត​សិង្ហ​បុរី​ខាងលើ​បាន​ពន្យល់ថា បច្ចុប្បន្ន​បញ្ហា​ធំ​ពីរ​ដែលជា​ឧបសគ្គ​គឺ ភាពខ្វះការជឿទុកចិត្ត​គ្នា​ផ្នែក​យុទ្ធសាស្ត្រ និង​ភាគី​ពាក់ព័ន្ធ​នៃ​បញ្ហា​វិបត្តិ​ឧបទ្វីប​កូរ៉េ​។ 
 
​លោក វី​វៀន​បាន​ថ្លែង​ដូច្នេះ​៖ «​ជុំវិញ​កិច្ចប្រជុំ​កំពូល ត្រាំ​-​គីម យើង​គ្រាន់តែ​ជា​អ្នករៀបចំ​កិច្ចប្រជុំ​ប៉ុណ្ណោះ​មិនមែនជា​ភាគី​ចរចា ឬ​អ្នកសម្របសម្រួល​ឡើយ​។ កិច្ចប្រជុំ​នេះ​វា​ជា​ចំណុច​ចាប់ផ្តើម​ដ៏​សំខាន់ ប៉ុន្តែ​ខ្ញុំ​គិតថា វា​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ដ៏​វែងឆ្ងាយ​មួយ​។ មកដល់ពេលនេះ វា​នៅតែមាន​ចំណុច​ខ្វែងគំនិត​គ្នា​ជា​មូលដ្ឋាន​ច្រើន​រវាង​ភាគី​។ តាម​គំនិត​ខ្ញុំ​ផ្ទាល់ ធាតុ​ផ្សំ​គន្លឹះ​ដែល​ខ្វះខាត​នោះ​គឺ ភាពខ្វះខាត​ការជឿទុកចិត្ត​គ្នា​ផ្នែក​យុទ្ធសាស្ត្រ​រវាង​ភាគី​អាមេរិក និង​កូរ៉េខាងជើង​»​។​
 
«​ចំណុច​មួយទៀត​គឺ បើទោះបីជា​វា​ជា​បញ្ហា​រវាង​ភាគី​ពីរ អាមេរិក និង​កូរ៉េខាងជើង​ក្តី ភាគី​ផ្សេងទៀត​ដូចជា​កូរ៉េខាងត្បូង​, ចិន​, រុស្ស៊ី ក៏ដូចជា​ជប៉ុន​កំពុង​រង់ចាំ​មើល​បញ្ហា​នេះ​ប្រកបដោយ​កង្វល់​ផង​។ នេះ​ជា​ចំណុច​ស្មុគស្មាញ​មួយ​»​។ លោក​បាន​បន្ថែម​ដូច្នេះ​។​
 
​តាមពិតទៅ​ការលើកឡើង​របសរ​ដ្ឋ​មន្ត្រី​ការបរទេស​សិង្ហ​បុរី​ក្នុងនាម​ជា​ប្រទេស​រៀបចំ​ជំនួប និង​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​ផង​នោះ ធ្វើឡើង​ក្រោយ​ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងជើង​លោក  រី យ៉ុង​ហូ ជាថ្មី​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ​ជួបគ្នា​មិនបាន​ប៉ុន្មាន​ម៉ោង​ផង រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​បានចេញ​មុខ​រិះគន់​ជុំវិញ​ការបន្ត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ទោះ​ភាគី​ទាំងពីរ​ឯកភាពគ្នា​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​កន្លងមក​ក៏ដោយ​។​
 
​យ៉ាងណា​ក៏ដោយចុះ លោក វី​វៀន បា​ឡា​គ្រី​ស្នាន់ ហើយ​លោក​អះអាងថា វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​រក្សាទុក​ទណ្ឌកម្ម​ក្រោម​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ លោក​បន្ថែមថា ខាង​កូរ៉េខាងជើង​យល់ច្បាស់​ណាស់​ពី​ការអនុវត្ត​ដំណោះស្រាយ​នេះ​។ 
 
​លើសពីនេះទៅទៀត ប្រមុខ​ការទូត​សិង្ហ​បុរី​រូបនេះ​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ការបន្ត​កសាង​ទំនុកចិត្ត និង​ការជឿជាក់​លើ​គ្នា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​។ ថ្វីបើ​វា​លំបាក​និង​ស្មុគស្មាញ​ក៏ដោយ ការបន្ត​ជួបពិភាក្សា​គ្នា​ញឹកញាប់​ជា​រឿង​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ភាគី​ទាំងនេះ ហើយ​សិង្ហ​បុរី​រីករាយ​ដែល​តំណាង​រដ្ឋាភិបាល​ទាំង​ពីរបាន​ជួបពិភាក្សា​គ្នា​ជាថ្មី​នៅ​សិង្ហ​បុរី​ថ្មីៗ​ក្នុង​កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​។  
 
«​យើង​រីករាយ​ណាស់​ដែល​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅទីនេះ​, រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​នៅ​ទីនោះ ហើយ​រដ្ឋមន្ត្រី​កូរ៉េខាងជើង​ក៏​នៅទីនេះ​កាលពី​សប្តាហ៍​មុន​។ ខ្ញុំ​យល់ថា វា​ចាំបាច់​ណាស់​ដែល​ត្រូវមាន​ការកសាង​ទំនុកចិត្ត និង​ការជឿជាក់​លើ​គ្នា​។ តាម​យោបល់​ខ្ញុំ​កាលណា​មនុស្ស​មាន​ពេលវេលា​ជួប និង​ពិភាក្សាគ្នា​កាន់តែច្រើន វា​ជា​រឿង​ល្អ​។ ហើយ​ពេលខ្លះ​ការពិភាក្សាគ្នា​មិន​ផ្លូវការ​រឹតតែ​ប្រសើរ​ទៀត​»​។ លោក វី​វៀន ពន្យល់​បែបនេះ​៕ 
 
 
 
 
 

Tag:
 សិង្ហ​បុរី​
  ជំនួប​ត្រាំ​-​គីម​
  អាមេរិក​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com