អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សិង្ហ​បុរី​៖ អាស៊ាន​ស្វាគមន៍​«​គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាមេរិក​-​ជប៉ុន​-​អូស្ត្រាលី​» ឲ្យ​តែ​គោរព​តួនាទី​ស្នូល​អាស៊ាន​
07, Aug 2018 , 11:00 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីស្នាន់ ពេលជួបជាមួយអ្នកសារព័ត៌មានអាស៊ានថ្ងៃ​ ៦ ខែសីហា
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក វីវៀន បាឡាគ្រីស្នាន់ ពេលជួបជាមួយអ្នកសារព័ត៌មានអាស៊ានថ្ងៃ​ ៦ ខែសីហា
សិង្ហ​បុរី​៖ អាមេរិក​,​អូស្ត្រាលី និង​ជប៉ុន​ចាប់ដៃគ្នា​បង្កើត​ភាពជា​ដៃគូ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​កាលពី​ចុងខែ​កក្កដា​កន្លងមក​ត្រូវបាន​គេ​ចាត់ទុកជា​យុទ្ធសាស្ត្រ​ប្រជែង​ចិន​។ ប៉ុន្តែ​ប្រធាន​អាស៊ាន​សិង្ហ​បុរី​មើលឃើញ​ផ្សេង ហើយ​បុរី​រដ្ឋ​នេះ​យល់ថា វា​ជា​ឱកាស និង​ជា​ប្រភព​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​រដ្ឋ​ក្នុង​តំបន់​ជាពិសេស​អាស៊ាន​ក្នុង​ការជំរុញ​ការផ្សាភ្ជាប់​ផង​។​


​រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី​លោក វី​វៀន បា​ឡា​គ្រី​ស្នាន់ (Vivian Balakrishnan) បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​អាស៊ាន​ថ្ងៃ​ចន្ទ​ទី ៦ ខែសីហា​ថា ក្នុង​ក្របខណ្ឌ​អាស៊ាន រាល់​គម្រោង​ហិរញ្ញវត្ថុ​ទ្រទ្រង់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​សុទ្ធ​តែមាន​សារសំខាន់ ហើយ​ប្រទេស​អាស៊ាន​ស្វាគមន៍​។ 
 
​ប្រមុខ​ការទូត​រូបនេះ​ពន្យល់​បន្តថា វា​ជា​រឿង​ពិត​ដែល​អាស៊ាន​ត្រូវការ​ហិរញ្ញវត្ថុ​,​ត្រូវការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​, ត្រូវការ​ការផ្សាភ្ជាប់ ហើយក៏​ដូចជា​ភាគី​ជា​ដៃគូ​ជាមួយ​មហាអំណាច​ដទៃ​។ ដូច្នេះ អាស៊ាន​ស្វាគមន៍​ទាំងអស់​ឲ្យ​តែ​គម្រោង​នោះ​មាន​គោលដៅ​ជំរុញ​ការអភិវឌ្ឍ លើកស្ទួយ​ការកសាង​សមត្ថភាព​,​បង្កើត​ការងារ​ឲ្យ​ប្រជាជន និង​មិន​បង្ខំ​ឲ្យ​សមាជិក​អាស៊ាន​សម្រេចអ្វី​មួយដែលខ្លួនមិនចង់ធ្វើ​នោះ​។ 
 
«​បើ​ក្រឡេកមើល​បញ្ហា​នេះ​ក្នុង​ជំហ​អាស៊ាន​ផ្ទាល់ ខ្ញុំ​យល់ថា អាស៊ាន​ត្រូវការ​ហិរញ្ញវត្ថុ​, ការផ្សាភ្ជាប់ និង​ការអភិវឌ្ឍ​។ ដូច្នេះ​យើង​ស្វាគមន៍​រាល់​គម្រោង​ថ្មីៗ​។ ប៉ុន្តែ ខ្ញុំ​បាន​ប្រាប់​ដៃគូ​អាស៊ាន​ថា ដរាបណា​គម្រោង​ថ្មីៗ​ដែល​ត្រូវ​បានលើកឡើង​នោះ​មាន​គោលដៅ​ជំរុញ​ការអភិវឌ្ឍ បង្កើត​ការងារ និង​លើកស្ទួយ​ការកសាង​សមត្ថភាព វា​ជា​រឿង​ល្អ​»​។ នេះ​ជាការ​លើកឡើង​របស់លោក វី​វៀន បា​ឡា​គ្រី​ស្នាន់​។ 
 
«​អ្វីដែល​យើង​មិន​ចង់បាន​នោះ​គឺ ការបង្ខំ​ឲ្យ​យើង​សម្រេចចិត្ត​ជ្រើសរើស​អ្វីមួយ​ដែលយើងមិនចង់ធ្វើ​។ យើង​មិន​ទទួលយក​ឡើយ​ បើ​បែបនេះ​។ ផ្អែកលើ​កិច្ចសន្ទនា​កាលពី​សប្តាហ៍​មុន ដៃគូ​របស់​អាស៊ាន​ទទួលស្គាល់ថា គម្រោង​អ្វី​ក៏​ក៏​ដែល​ត្រូវ​ស្នើ​ឡើយ គឺ​ត្រូវគោរព​គោលការណ៍​ស្នូល អាស៊ាន​(ASEAN Centrality) និង​ជំរុញ​ការអភិវឌ្ឍ និង​លើកស្ទួយ​ជីវភាព​ប្រជាជន​យើង​»​។ 
 
​តាមពិតទៅ កាលពី​សប្តាហ៍​នេះ លោកស្រី Julie  Bishop រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី បានប្រកាស​ពី​ភាពជា​ដៃគូ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ថ្មី​នេះ ហើយ​អះអាងថា គម្រោង​ត្រីភាគី​នេះ​ត្រូវ​បង្កើតឡើង​ដើម្បី​ប្រមែរ​ប្រមូល​ទុនវិនិយោគ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​រក្សា​សន្តិភាព​តំបន់​ប៉ុណ្ណោះ​។​
 
​ថ្វីបើ​មិនទាន់មាន​ទិន្នន័យ​ច្បាស់លាស់​ជុំវិញ​ទំហំ​ហិរញ្ញវត្ថុ​ដែលមាន​ក្តី ភាពជា​ដៃគូ​ត្រូវ​ភាគី​នេះដែរ​ផ្តោត​សំខាន់​ការវិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ដឹក​ញ្ជូ​ន ទេសចរណ៍ និង​បច្ចេកវិទ្យា ដោយ​វា​សុទ្ធសឹងតែ​ជា​វិស័យ​ស្នូល​ដែល​ធានា​កំណើនសេដ្ឋកិច្ច និង​ការផ្សាភ្ជាប់​ផង​។ ចំណែក​ក្រុមហ៊ុន​វិនិយោគឯកជន​បរទេស​រប​ស់​អាមេរិក​រួមជាមួយ​ក្រសួងការបរទេស​អូស្ត្រាលី និង​ធនាគារ​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​របស់​ជប៉ុន​ទទួលខុសត្រូវ​លើ​ការអនុវត្ត​គម្រោង​នេះ​។ 
 
​មានការ​លើកឡើងថា គម្រោង​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​មហាអំណាច​អាមេរិក និង​សម្ព័ន្ធមិត្ត​នេះ​មាន​គោលដៅ​ប្រជែង​ជាមួយ​មហា​យក្ស​ចិន​ដែល​កំពុង​ដឹកនាំ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ធំ​សម្បើម​មាន​ទុន​លើស​មួយ​ទ្រី​លាន​ដុល្លារ​និង​មាន​មហិច្ឆតា​ផ្សាភ្ជាប់​ពី​អាស៊ី​ដល់​អឺរ៉ុប និង​ដល់​អាហ្វ្រិក​តាម​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​កត​សម្គាល់ គឺ ឥណ្ឌា​មិនមាន​ចំណែក​ក្នុង​គម្រោង​ហិរញ្ញវត្ថុ​ថ្នាក់​តំបន់​ថ្មី​នេះឡើយ​៕
 

Tag:
 អាស៊ាន​
  សិង្ហ​បុរី​
  ជប៉ុន​
  អាមេរិក​
  អូស្ត្រាលី​
  វី​វៀន បា​ឡា​គ្រី​ស្នាន់​
© រក្សាសិទ្ធិដោយ thmeythmey.com