ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
លោក ស៊ាង សុបញ្ញា៖ភាសាចិន និងអង់គ្លេស នឹងកាន់តែសំខាន់សម្រាប់ការងារផ្លូវការ,ធុរកិច្ច និងទំនាក់ទំនង
× ភ្នំពេញ៖
វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (Cam-Asean) បង្កើតឡើងរយៈពេល៤ឆ្នាំហើយ។ បន្ទាប់ពីជោគជ័យ លើការអប់រំផ្នែកភាសាអង់គ្លេស Cam-Asean បានពង្រីកការបណ្តុះបណ្តាលភាសាចិនបន្ថែមទៀត ដោយសារតែចិន ជាភាសាមួយដែលមានសក្តានុពលទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ នេះជាការបញ្ជាក់របស់លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថាន Cam-Asean ដោយបានបន្តថា អ្នកដែលចេះភាសាចិន ក៏នឹងមានសក្តានុពល និងឱកាសកាន់តែច្រើនដែរ ទាំងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន និងការងារដែលមានប្រាក់ចំណូលខ្ពស់។ បើទោះជាភាសាចិនកាន់តែមានឥទ្ធិពលនៅកម្ពុជាក៏ដោយ នាយកវិទ្យាស្ថាន Cam-Asean ក៏នៅមើលឃើញពីតួនាទីសំខាន់នៃភាសាអង់គ្លេស និងភាសាផ្សេងទៀតដែរ។ លោកសន្និដ្ឋានថា ភាសាចិន និងអង់គ្លេស នៅតែដើរតួនាទីស្នូល នៅ៥០ឆ្នាំទៅមុខទៀត ហើយនឹងកាន់តែសំខាន់សម្រាប់កិច្ចការការទូត ធុរកិច្ច និងការទំនាក់ទំនងទូទៅ។
សូមលោកអ្នកនាងទស្សនា និងអានកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា អ្នកកាសែតនៃសារព័ត៌មានថ្មីៗ និងលោកស៊ាង សុបញ្ញា នាយកវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ានខាងក្រោមនេះ៖
វិទ្យាវិស្ថានអន្តរជាតិកម្ពុជា-អាស៊ាន បង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីផ្តល់ការអប់រំផ្នែកភាសាបរទេសដែលមានគុណភាពដល់យុវជនកម្ពុជា។ ប៉ុន្តែនៅក្នុងរយៈពេល២ឆ្នាំដំបូង Cam-Asean ចាប់ផ្តើមបណ្តុះបណ្តាលជាមួយការអប់រំភាសាអង់គ្លេស ដោយសារតែធនធាន និងពិសោធន៍ក្នុងផ្នែកនេះមានច្រើន។ គួបផ្សំនឹងការត្រៀមខ្លួន និងការជឿជាក់លើគុណភាពអប់រំផ្នែកភាសាអង់គ្លេសពីសំណាក់សិស្ស-និស្សិត Cam-Asean បានផ្តល់ការបណ្តុះបណ្តាលភាសាចិន នៅក្នុងអំឡុងឆ្នាំ២០១៦។
លោក ស៊ាង សុបញ្ញា នាយកវិទ្យាស្ថាន Cam-Asean បញ្ជាក់ថាមូលហេតុដែល Cam-Asean បន្ថែមការអប់រំភាសាចិននេះ គឺដោយសារចិន ជាប្រទេសដែលមានសក្តានុពលទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ ក្នុងបរិបទកម្ពុជា វិនិយោគិនចិន កាន់តែច្រើន បានមកបណ្តាក់ទុន មកធ្វើការងារផ្សេងៗ ទេសចរចិនកាន់តែច្រើនឡើង បានមកកម្ពុជា។ ទៅថ្ងៃអនាគត លោក ស៊ាង សុបញ្ញា ជឿជាក់ថាចិននឹងនៅតែដើរតួនាទីសំខាន់ ក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ រវាងកម្ពុជា-ចិន និងទំនាក់ទំនងរបស់កម្ពុជា ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។
សម្រាប់លោកស៊ាង សុបញ្ញា អ្នកចេះភាសាចិននឹងមានឱកាសកាន់តែច្រើន ទាំងឱកាសទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ការធ្វើការងារជាមួយវិនិយោគិនចិននៅកម្ពុជា ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចខណៈទេសចរចិនមកកម្ពុជា កាន់តែកើនឡើង។
ទោះជាមើលឃើញពីសក្តានុពលនៃការចេះភាសាចិនក្តី នាយកវិទ្យាស្ថាន Cam-Asean ក៏នៅតែគូសបញ្ជាក់ដែរថា ទៅអនាគតភាសាអង់គ្លេស និងការចេះភាសាដទៃទៀត ក៏នៅតែមានសារៈសំខាន់ដែរ។ លោក ស៊ាង សុបញ្ញា បញ្ជាក់ដូច្នេះ៖« ខ្ញុំគិតថាការចេះភាសាបរទេស ភាសាអ្វីក៏ដោយវាជារឿងល្អ ហើយអ្នកដែលមានខួរក្បាលល្អ អាចចេះភាសាបានច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំគិតថាភាសាអង់គ្លេស និងភាសាចិន នៅតែដើរតួនាទីស្នូល តាមគិតរបស់ខ្ញុំ មិនតិចជាង៥០ឆ្នាំទៅមុខទៀតទេ ហើយភាសាទាំង២នេះ នឹងកាន់តែដើរតួនាទីសំខាន់»។
លោក ស៊ាង សុបញ្ញា បានជំរុញឲ្យយុវជនត្រូវវិនិយោគលើការអប់រំ និងត្រូវចេះភាសាអន្តរជាតិណាមួយឲ្យបានច្បាស់ នៅក្នុងបរិបទបច្ចុប្បន្ន ដើម្បីធ្វើទំនាក់ទំនងជាមួយអ្នកដទៃ ជាពិសេសជាមួយអ្នកពីខាងក្រៅ។« ការអប់រំ ជាការវិនិយោគសម្រាប់អនាគត ហើយក៏ជាការវិនិយោគដ៏ត្រឹមត្រូវ»។ នេះជាការបន្ថែមរបស់លោក ស៊ាង សុបញ្ញា៕
Tag:
ស៊ាង សុបញ្ញា
ភាសាចិន
ភាសាអង់គ្លេស
Cam-Asean
អប់រំ
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com