ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកវិភាគ ថា លោក កឹម សុខា អាច​នឹងត្រូវ​ដោះលែង​នៅក្រោយ​បោះឆ្នោត​
07, Aug 2018 , 10:00 am        
រូបភាព
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
លោក កឹម សុខា នៅពេលដែលត្រូវបាន​ចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា អាច​នឹង​ដោះលែង​នៅក្រោយ​ការបោះឆ្នោត​នេះ ដើម្បី​សម្រួល​ស្ថានភាព​នយោបាយ​។ វា​ជាការ​យល់ឃើញរ​របស់​អ្នកវិភាគ​នយោបាយ​។ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ដាច់​ណាត់​ថា គ្មាន​ការ​សម្បទាន​នយោបាយ​ណាមួយ ដល់​គណបក្សប្រឆាំង​ឡើយ​។​



​លោក ឯម សុវណ្ណារ៉ា មើលឃើញថា ស្ថានការណ៍​នយោបាយ​នៅក្រោយ​ការបោះឆ្នោត នឹង​អាចមាន​ការប្រែប្រួល ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង ក្រោម​ក្រសែភ្នែក​អន្តរជាតិ ។ អ្វីដែល​អ្នកវិភាគ​រូបនេះ មើលឃើញ​សញ្ញា​វិជ្ជមាន​នោះ គឺ​ការដោះលែង​លោក កឹម សុខា អតីត​មេបក្ស​ប្រឆាំង និង​សកម្មជន​បក្ស​ជិត​២០​នាក់ ដែល​ជាប់ឃុំ រួមទាំង​ថ្នាក់ដឹកនាំ​បក្សនយោបាយ​១១៨​នាក់ ក៏​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ​ឡើងវិញ​ដែរ​។ មូលហេតុ​ដែល​លោក សុវណ្ណ​រ៉ា មើលឃើញ​ស្ថានការណ៍​នយោបាយ​ប្រែប្រួល​នេះ ដោយសារ​សម្ពាធ​អន្តរជាតិ​នៅក្រោយ​បោះឆ្នោត នឹង​កើត​ឡើងកាន់​ខ្លាំង បើសិនជា​គ្មាន​ដំណោះស្រាយ​នយោបាយ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ឯម សុវណ្ណារ៉ា បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​យល់ថា​ក្រោយ​បោះឆ្នោត​នេះ ហេតុការណ៍​នយោបាយ​កាន់តែ​ល្អ ព្រោះ​អ្នកនយោបាយ គេ​នឹង​ដោះស្រាយ​ឲ្យ​វា​មាន​រូប​ភាពល្អ ដោយ​ឲ្យ​គណបក្សប្រឆាំង​រស់​ឡើងវិញ ដើម្បី​មានលទ្ធភាព​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់អំណាច​បន្ត និង​ស្ដារ​ស្ថានការណ៍​ឡើងវិញ​»​។​

​ដូច​ការលើកឡើង​រប​ស់លោក ឯម សុវណ្ណារ៉ា ដែរ លោក ហង្ស វិទូ យល់ឃើញថា គណបក្ស​ប្រជាជន នឹង​ប្រើ​សន្លឹក​បៀ​ក្នុង​ដៃ​នេះ លេង​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​អន្តរជាតិ ដើម្បី​បង្វែ​ស្ថាន​ការបោះឆ្នោត​។ ប៉ុន្តែ​ជា​លទ្ធផល​នោះ គណបក្ស​ប្រជាជន​បានឈ្នះ​ឆ្នោត​ដដែល ពោលគឺ​គ្មាន​ការបោះឆ្នោត​ឡើងវិញ​ទេ​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ បណ្ដា​អន្តរជាតិ បានចេញ​លិខិត​រិះគន់​ការបោះឆ្នោត អម​ជាមួយ​ការអំពាវនាវ​ឲ្យ​រដ្ឋាភិបាល បើក​ច្រក​នយោបាយ និង​ដោះលែង​លោក កឹម សុខា រួមទាំង​សកម្មជន​នយោបាយ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​

អត្ថបទទាក់ទង


​តែ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា គ្មាន​សញ្ញា​វិជ្ជមាន​ណាមួយ ទាក់ទង​នឹង​ការដោះលែង​អ្នកនយោបាយ​ឡើយ​។ ការដោះលែង​អ្នកនយោបាយ​ណាមួយ គឺជា​សិទ្ធិអំណាច​របស់​តុលាការ ដូច្នេះ​រដ្ឋាភិបាល គ្មាន​សិទ្ធិ​អ្វី​ជ្រៀតជ្រែក​លើ​ប្រព័ន្ធយុត្តិធម៌​នោះទេ​។​

​បន្ថែម​ពីនេះ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជ​ន​កម្ពុជា បាន​សរសេរ​នៅ​បណ្ដាញ​សង្គម​តេ​ឡេ​ក្រាម​ថា គណបក្ស​លោក នឹងមិន​ធ្វើ​សម្បទាន​នយោបាយ​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​តុលាការ​នឹង​បើកសវនាការ​លើ​បណ្ដឹង​សុំ​នៅក្រៅ​ឃុំ​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​២២ សីហា​ខាងមុខនេះ​។ មកដល់ពេលនេះ លោក កឹម សុខា បាន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង អស់​រយៈពេល​១១​ខែ​ហើយ លើ​ករណី «​ឃុបឃិត​ជាមួយ​បរទេស​»​។

​ក្រោយពី​សវនាការ​សុំ​នៅក្រៅ​ឃុំ​ខាង​នេះ តុលាការ ក៏​នឹងត្រូវ​ចេញ​ដីកា​សម្រេច​ជាថ្មី លើ​ករណី​លោក កឹម សុខា នៅ​ខែកញ្ញា​ខាងមុខនេះ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ សម្រេច​ពន្យារពេល​៦​ខែលើក​ទី​១ ដើម្បី​បន្ត​ស៊ើបអង្កេត​លើ​ករណី​ឃុបឃិត​ជាមួយ​បរទេស ។

​លោកស្រី ម៉េង សុភា​រី មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា បាន​ពន្យល់ថា ក្នុងករណី​ដែល​តុលាការ​ពន្យារពេល​ស៊ើបអង្កេត លើ​លោក កឹម សុខា រយៈពេល​៦​ខែ​នេះ ហើយ​រក​មិនឃើញ​ភស្តុតាង​ដាក់បន្ទុក​លើ​កូនក្តី​ខ្លួន​ទេ នោះ​តុលាការ អាច​ចេញ​ដីកា​ដំណោះស្រាយ​ទម្លាក់​ការចោទប្រកាន់​នេះ ឬ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ ប៉ុន្តែ​បើ​តុលាការ យល់ថា ករណី​លោក កឹម សុខា នៅ​មិនទាន់​ស៊ើបអង្កេត​ចប់សព្វគ្រប់ នោះ​តុលាការ​អាច​បន្ត​ការពន្យារពេល​៦​ខែ​ទៀត ជា​លើក​ទី​២ ៕


Tag:
 កឹម សុខា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com