កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​បញ្ចប់​កិច្ចសន្យា​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Pouya Hosseini ទាំង​មិនទាន់​ចប់​រដូវ​កាល​
07, Aug 2018 , 1:44 pm        
រូបភាព
រូបពីហ្វេសប៊ុកភ្នំពេញក្រោន៖ កីឡាករ Pouya Hosseini ពាក់អាវក្រហម
រូបពីហ្វេសប៊ុកភ្នំពេញក្រោន៖ កីឡាករ Pouya Hosseini ពាក់អាវក្រហម
ដោយ:
ភ្នំពេញ​៖ ក្លិប​បាល់ទាត់​ទាត់​ភ្នំពេញ​ក្រោ​ន បានសម្រេច​បញ្ចប់​កិច្ចសន្យា​កីឡាករ​អ៊ីរ៉ង់ Pouya Hosseini មុនពេល​វេលា​កំណត់ ក្រោយ​រួមរស់​ជាមួយគ្នា​ជាង​ពាក់កណ្តាល​រដូវ​កាល​។ ភ្នំពេញ​ក្រោ​ន មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត នៃ​ការបញ្ចប់​កិច្ចសន្យា​នេះឡើយ ខណៈ​ការ​បង្ហាញខ្លួន​ជាច្រើនលើក​ក្នុង​ពានរង្វាន់​លី​គ​កំពូល ខ្សែប្រយុទ្ធ​រូបនេះ រកបាន​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ​។​

 
​នៅសល់តែ​ជាង​១​ខែ​ទៀត​ប៉ុណ្ណោះ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៨ នឹងត្រូវ​បញ្ចប់​ការប្រកួត​ជា​ស្ថាពរ ខណៈ​ក្រុម​នីមួយៗ​នៅសល់​ម្នាក់​៦​ប្រកួត​។ ទោះបី​ការប្រកួត​ស្ថិតក្នុង​ដំណើរការ​ក្តី តែ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន ដែលជា​ម្ចាស់​ជើងឯក​៦​សម័យកាល បានបញ្ចប់​កិច្ចសន្យា​ខ្សែប្រយុទ្ធ​អ៊ីរ៉ង់ Pouya Hosseini ទាំង​ពាក់កណ្តាល​ទី ក្រោយ​រួមរស់​ជាមួយគ្នា​ជិត​៩​ខែ​។ 
 
​ដ្បិត​ក្លិប​នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​លម្អិត​នៃ​ការបញ្ចប់​កិច្ចសន្យា​នេះ​ក៏ដោយ តែ​ការធ្វើ​មិនបាន​ល្អ​របស់​ខ្សែប្រយុទ្ធ​កម្ពស់​១.៨៣​ម៉ែត្រ​រូបនេះ ក្នុង​ពានរង្វាន់​លី​គ​កំពូល ត្រូវបាន​គេ​ចាត់ទុកថា អាចជា​មូលហេតុ​នៃ​ការចែក​ផ្លូវ​គ្នា​នេះ​។ ការបង្ហាញ​ខ្លួន​ជាច្រើន​ប្រកួត ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​កន្លងមក ខ្សែប្រយុទ្ធ​អ៊ីរ៉ង់​រូបនេះ រកបាន​តែ​ពីរ​គ្រាប់​ប៉ុណ្ណោះ​។​
 
​កីឡាករ Pouya Hosseini បាន​ចុះកិច្ចសន្យា​១​រដូវ​កាល​លេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៧ ក្រោយ​រូបគេ​ចាក​ចេញពី​ក្លិប Nongbua Pitchaya FC (​ថៃ​) ។ កីឡាករ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប Muangthong United (​ថៃ​) ពី​ឆ្នាំ​២០១៤-២០១៥ ក្រោយ​ផ្ទេរ​មកពី​ក្លិប Udon Thani FC (​ថៃ​) នៅ​ឆ្នាំ​២០១៣៕   
 

Tag:
 ​ភ្នំពេញ​ក្រោ​ន​
  Cambodian League 2018
  Pouya Hosseini
© រក្សាសិទ្ធិដោយ thmeythmey.com