ជាតិ
លោក Thierry ជនជាតិ​បារាំង​ដែល​ជួយ​ផ្សព្វផ្សាយ​វប្បធម៌ និង​ទេសចរណ៍​ខ្មែរ​បាត់បង់​ជីវិត​នៅក្នុង​ខេត្តសៀមរាប
07, Aug 2018 , 3:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជា​អ្នក​ស្រឡាញ់​រូបថត​, លោក Thierry Diwo បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​នៅក្នុង​អំឡុង​ទសវត្សរ៍​៩០​។ ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​ភ្លាម លោក​ជា​គ្រូបង្រៀន​ថតរូប​ផង និង​ជា​អ្នក​ថតរូប​ប្រាសាទខ្មែរ សិល្បៈ​ខ្មែរ​ជាទូទៅ​ផង​។ ជា​អកុសល កាលពី​យប់​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៨​កន្លងមកនេះ លោក Thierry បានទទួល​មរណភាព​ដោយ​រោគាពាធ​នៅក្នុង​ខេត្តសៀមរាប​ក្នុង​វ័យ​ប្រមាណ​ជា​៦០​ឆ្នាំ​។



​ចាប់តាំងពី​ទសវត្សរ៍​៩០​មក​, លោក Thierry Diwo បាន​ថតរូប​ប្រាសាទខ្មែរ​រាប់ម៉ឺន​សែន​សន្លឹក និង​បាន​ថត​របាំ​ខ្មែរ​ស្ទើរ​គ្រប់​ទម្រង់​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​។ តាមរយៈ​ការងារ និង​ក្តី​ស្រឡាញ់​របស់លោក​ចំពោះ​ប្រាសាទខ្មែរ និង​របាំ​ខ្មែរ​, លោក Thierry Diwo ត្រូវបាន​អ្នកខ្លះ​ហៅ​គាត់​ថា គឺជា​បុគ្គល​ឆ្នើម​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​វប្បធម៌ និង​ទេសចរណ៍​ខ្មែរ​ទៅកាន់​ពិភពលោក​។



​មិន​ត្រឹមតែ​ថត​ប្រាសាទ និង​សិល្បៈ​ខ្មែរ​ប៉ុណ្ណោះ​ទេ​។ តែ​លោក​បាន​បណ្តុះបណ្តាល​និស្សិត​ខ្មែរ​មួយចំនួន​ក្នុង​ទសវត្សរ៍​៩០​ឲ្យ​ក្លាយទៅជា​អ្នក​ថតរូប​ដ៏​ល្បីល្បាញ​នាពេល​បច្ចុប្បន្ននេះ ក្នុងនោះ​មានដូចជា លោក ឃឹម សុវណ្ណារ៉ា អ្នក​ថតរូប​ដ៏​ល្បីល្បាញ​, លោក តាំង ជិន​សុធី អ្នក​ថតរូប​សារព័ត៌មាន​ដ៏​ល្បី​ប្រចាំ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP, លោក ម៉ក់ រ៉េមី​ស្សា អ្នក​ថតរូប​គ្រប់​ទម្រង់​ដ៏​ល្បីល្បាញ​, លោក ចាន់ វិ​ថា​រិ​ន ជា​អ្នក​គូររូប​ដ៏​ល្បីល្បាញ និង​អ្នក​ដទៃទៀត​។ កូនសិស្សលោក Thierry Diwo បង្ហាញ​អារម្មណ៍​សោកស្តាយ និង​ក្រៀមក្រំ​គ្រប់គ្នា​បន្ទាប់ពី​ទទួលដំណឹង​មរណភាព​៕




Tag:
 ​វប្បធម៌
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com