អន្តរជាតិ
រដ្ឋបាល ត្រាំ ចាប់ផ្ដើម​អនុវត្ត​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ឡើងវិញ
07, Aug 2018 , 8:19 pm        
រូបភាព
​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៧ ខែសីហា បានចាប់ផ្ដើម​អនុវត្ត​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​វិញ ក្រោយ​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ។ ទណ្ឌកម្ម​លើក​នេះ មាន​គោលដៅ​ដាក់​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​លើ​ទីក្រុង​តេ​ហេ​រ៉ង់​ដែល​អាច​ក្រុង​វ៉ាស៊ីនតោន​ចោទថា បន្ត​អភិវឌ្ឍ​មី​ស៊ី​ល​បាលី​ស្ទិ​ក និង​គាំទ្រ​ក្រុម​ភេរវកម្ម​។ យ៉ាងណា លោក ត្រាំ បាន​បើកផ្លូវ​សម្រាប់​ការចរចា ប៉ុន្តែ​ប្រធានាធិបតី​អ៊ីរ៉ង់​បាន​បដិសេធ​។ អឺរ៉ុប​ឯណោះ​វិញ ក៏​ខកចិត្ត​មិន​ស្ទើរ​ដែរ​ចំពោះ​សកម្មភាព​អាមេរិក​។​



​ចូល​ថ្ងៃទី​៧ ខែសីហា ទណ្ឌកម្ម​ជុំទីមួយ​របស់​អាមេរិក​លើ​អ៊ីរ៉ង់​ចាប់ផ្ដើម​ហើយ​។ ការដាក់ទណ្ឌកម្ម​នេះ ធ្វើឡើង​ក្រោយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ កាលពី​ខែឧសភា ឆ្នាំ​២០១៨ ។ លោក ត្រាំ ចាត់ទុក​កិច្ចព្រមព្រៀង​នេះ ជា​កិច្ចព្រមព្រៀង​ដ៏​អាក្រក់​បំផុត ព្រោះ​និយាយ​តែ​រឿង​នុយក្លេអ៊ែរ មិនបាន​បញ្ចូល​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​អ៊ីរ៉ង់​អ្វី​ឡើយ​។

​ទណ្ឌកម្ម​ជុំទីមួយ​នេះ​នឹង​ផ្ដោតលើ​ឧស្សាហកម្ម​សំខាន់​របស់​អ៊ីរ៉ង់​ដូចជា​រថយន្ត និង​កម្រាលព្រំ​ជាដើម​។ លើសពីនោះ អាមេរិក​នឹង​រឹតត្បិត​អ៊ីរ៉ង់​ពី​ការកាន់កាប់​ប​ណ្ឌ​ធនាគារ និង​វិស័យ​ហិរញ្ញវត្ថុ​ផង​។ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នេះដែរ ក្រុង​តេ​ហេ​រ៉ង់​ជួប​បញ្ហា​ក្នុងស្រុក​តាំងពី​លោក ត្រាំ ប្រកាស​ដកខ្លួន​មកម្ល៉េះ ដោយ​តម្លៃ​រូបិយវត្ថុ​អ៊ីរ៉ង់ rial បាន​ធ្លាក់​តម្លៃ​ស្ទើរ​ពាក់កណ្ដាល​ទៅហើយ​។

​ចំណែកឯ​ទណ្ឌកម្ម​ជុំ​ទី​ពីរ​នឹង​ចាប់ផ្ដើម​អនុវត្ត​នៅ​ថ្ងៃទី​៥ ខែ​ខែវិច្ឆិកា​ឯណោះ​។ ក្នុង​ផែនការ​ទណ្ឌ​កម្មនេះ ក្រុង​វ៉ាស៊ីនតោន​នឹង​ចាក់​ចំ​ផ្លូវដង្ហើម​ក្រុង​តេ​ហេ​រ៉ង់​តែម្ដង គឺ​បិទ​ការនាំចេញ​ប្រេង​។ ហាមឃាត់​អ៊ីរ៉ង់​នាំចេញ​ប្រេង នឹង​បង្កបញ្ហា​កាន់តែ​ធំ​សម្រាប់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់ ទោះជា​ប្រទេស​ខ្លះ​ដូចជា​ចិន ឥណ្ឌា និង​តួ​ក​គី ដែល​សុទ្ធតែជា​ម៉ូយ​ប្រេង​របស់​អ៊ីរ៉ង់ មិន​អនុវត្តតាម​សំណើ​អាមេរិក ហើយ​មិន​ព្រម​កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រេង​ពី​អ៊ីរ៉ង់​ក៏ដោយចុះ​។ 

​សង្គ្រាមពាក្យសម្ដី​ត្រាំ​-​រូ​ហា​នី​

​មួយ​ថ្ងៃមុន​ទណ្ឌកម្ម​អាមេរិក​ចូល​ធរមាន ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន់ រូ​ហា​នី បាន​ឆ្លើយឆ្លង​គ្នា​ទៅមក​ដោយ​សម្ដី​ខ្លាំងៗ​។ នៅ​ថ្ងៃទី​៦ ខែសីហា លោក ត្រាំ បាន​ប្រាប់​ឲ្យ​អ៊ីរ៉ង់​ផ្លាស់ប្ដូរ​ឥរិយាបថ​ឆ្គាំឆ្គង​របស់ខ្លួន បើ​មិន​ចង់​រង​ទណ្ឌកម្មសេដ្ឋកិច្ច​ធំ​មិន​ធ្លាប់មាន​ដូចដែល​លោក​បាន​សន្យា​កន្លងមក​។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏បាន​ទុក​ទ្វារ​ចំហ​សម្រាប់​ការចរចា​បញ្ចប់​បញ្ហា​នៅ​ថ្ងៃ​អនាគត​ផងដែរ​។

​យ៉ាងណាមិញ មេដឹកនាំ​អ៊ីរ៉ង់ រូ​ហា​នី មិនបាន​អើពើ​សំណើ​របស់លោក ត្រាំ ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក រូ​ហា​នី និយាយ​បែប​ប្រៀបធៀប​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ ថា​៖ «​បើ​អ្នកជា​សត្រូវ អ្នក​ចាក់​អ្នកដទៃ ហើយក៏​និយាយថា អ្នក​ចង់​ចរចា​។ ដូច្នេះ​រឿង​ដំបូង គឺ​អ្នក​ត្រូវ​ដក​កាំបិត​សិន​»​។ ដោយ​ហៅ​សម្ដី​លោក ត្រាំ ជាការ​ធ្វើសង្គ្រាម​ចិត្តសាស្ត្រ​ប្រឆាំង​អ៊ីរ៉ង់ លោក រូ​ហា​នី បន្តថា ការចរចា​ជាមួយ​ទណ្ឌកម្ម ជា​រឿង​គ្មាន​ន័យ​។ 

​ដោយឡែក​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ មហាម៉ាត់ ចា​វាដ ហ្សា​រី​ហ្វ ក៏បាន​ចំអក​ឲ្យ​អាមេរិក​ថា ការណ៍​ដែល​អន្តរជាតិ​ប្រតិកម្ម​ទៅនឹង​ចំណាត់ការ​របស់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បង្ហាញ​ពី​ការ​ឯកោ​ផ្នែក​ការទូត​របស់​អាមេរិក​។ ប្រមុខ​ការទូត​អ៊ីរ៉ង់​រូបនេះ​ក៏​ទទួលស្គាល់ថា ទណ្ឌកម្ម​អាមេរិក​នឹង​បង្កបញ្ហា​ខ្លះ​ទៅលើ​អ៊ីរ៉ង់​មិនខានឡើយ​។​

​អឺរ៉ុប​បាន​ត្រឹម​ខកចិត្ត

​សហភាព​អឺរ៉ុប គឺជា​តួអង្គ​កណ្ដាល​ក្នុង​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់​។ ការដាក់ទណ្ឌកម្ម​ឡើងវិញ​ពី​សំណាក់​អាមេរិក បានធ្វើ​ឲ្យ​កិច្ចប្រឹងប្រែង​របស់​អឺរ៉ុប​ក្នុងពេល​ប៉ុន្មាន​ខែ​មកនេះ​បែរ​ទៅជា​អសារ​បង់​ដូច​អំបិល​ត្រូវ​ទឹក​។ នេះ​ក៏​ព្រោះតែ​ក្រោយ​អាមេរិក​ដើរចេញ​ពី​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ សហភាព​អឺរ៉ុប និង​ភាគី​ហត្ថលេខី​ដូចជា​បារាំង និង​អង់គ្លេស​ជាដើម បាន​ខិតខំ​សង្គ្រោះ​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ​ពី​ការដួលរលំ​។

​ស្នងការ​ទទួលបន្ទុក​កិច្ចការ​ការបរទេស​អឺរ៉ុប Federica Mogherini លើកឡើងថា អឺរ៉ុប​ទាំងមូល និង​ភាគី​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង ពិតជា​ខកចិត្ត​នឹង​ការសម្រេចចិត្ត​របស់​ស​ម្ព័​ន្ធ​មិត្ត​ខ្លួន​ជាខ្លាំង​។ យ៉ាងណា​ចុះ បើតាម​ប្រមុខ​ការទូត​អឺរ៉ុប អង្គការ​នេះ​នឹង​បន្ត​ការពារ​ប្រតិបត្តិ​ករ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​អឺរ៉ុប​ដែល​រកស៊ី​ស្របច្បាប់​នៅ​អ៊ីរ៉ង់​។

​តាមពិតទៅ ក្រោយ​អាមេរិក​គំរាម​ដាក់ទណ្ឌកម្ម​នេះ ក្រុមហ៊ុន​របស់​អឺរ៉ុប​ដែល​ទទួលផល​ចំណេញ​ច្រើន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ បានសម្រេច​ចិត្ត​ដកខ្លួន​ពី​អ៊ីរ៉ង់ ព្រោះ​មិន​ចង់​រង​ទណ្ឌកម្ម​អាមេរិក ដែល​មិន​លើកលែង​ឲ្យ​ក្រុមហ៊ុន​បរទេស​ណា​ដែល​រកស៊ី​នៅ​អ៊ីរ៉ង់​នោះ​។ លោក ត្រាំ ក៏​ថែមទាំង​គំរាម​ផ្ដល់​ផលវិបាក​ដ៏​ធំ​លើ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​បំពាន​ចំណាត់ការ​របស់​អាមេរិក​៕


Tag:
 ​អាមេរិក​
  អ៊ីរ៉ង់​
  អឺរ៉ុប​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com