លោក ហង្ស ពុទ្ធា ៖ ការផ្ទៀងផ្ទាត់​លទ្ធផល​បញ្ចប់​ដោយ​ភាពត្រឹមត្រូវ​

ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ៖ ការផ្ទៀងផ្ទាត់​លទ្ធផល​បញ្ចប់​ដោយ​ភាពត្រឹមត្រូវ​
07, Aug 2018 , 9:59 pm         6146
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​បានបញ្ចប់​ហើយ នៅ​ថ្ងៃទី​៦ សីហា​នេះ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នឹង​ប្រកាស​លទ្ធផលបណ្តោះអាសន្ន នៅ​ថ្ងៃទី​១១ សីហា​។​


​លទ្ធផល​នៃ​ការបោះឆ្នោត គ្មាន​ករណី​សង្ស័យ ឬ​ភាពមិនប្រក្រតី​អ្វី​ឡើយ ។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា ដែល​បាន​បន្ថែមថា ចំនួន​សន្លឹកឆ្នោត​បាន​ការ ឬ​មិនបានការ រួមទាំង​អ្នកបោះឆ្នោត មាន​ចំនួន​ត្រឹមត្រូវ តាម​ការ​គណនា​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដោយ​រកឃើញ​ភាពត្រឹមត្រូវ​នោះ ត្រង់​ថា​ចាប់តាំងពី​គណនា​លេខ​នៅ​ការិយាល័យ រហូតដល់​គណនា​គណៈ​ក​ម្មា​ធិ​ការរៀប​ចំការ​បោះឆ្នោត​ថ្នាក់​រាជធានី​-​ខេត្ត គឺ​សុទ្ធ​តែមាន​តួលេខ​ត្រឹមត្រូវ​ទាំងអស់​»​។​

​តែ​យ៉ាងណា​លោក ហង្ស ពុទ្ធា មិនទាន់​អាច​ប្រាប់​ពី​លទ្ធផល​បោះឆ្នោត​នៅឡើយ​ទេ ដោយ​រង់ចាំ​ការប្រកាស​បឋម​នៅ​ថ្ងៃទី​១១ សីហា និង​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃទី​១៥ សីហា បើសិនជា​គ្មាន​ពាក្យ​បណ្ដឹងតវ៉ា លើ​ការបោះឆ្នោត​។ បើតាម​លោក ហង្ស ពុទ្ធា គ​.​ជ​.​ប នឹង​ចាប់ផ្ដើម​ទទួល​ពាក្យបណ្ដឹង​នៅ​ថ្ងៃទី​១១ សីហា បន្ទាប់ពី​ប្រកាស​លទ្ធផល​បឋម​។​

​កន្លងមក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ប្ដឹងទៅ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត​ខេត្ត ជុំវិញ​ភាពមិនប្រក្រតី​នៃ​ការ​បូក​សន្លឹកឆ្នោត​នៅតាម​ការិយាល័យ​ចំនួន​៣ នៅ​ខេត្តសៀមរាប​។ តាមរយៈ​បណ្ដឹង​នេះ ក្រុមការងារ​គ​.​ជ​.​ប ក៏បាន​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ ប៉ុន្តែ​រក​មិនឃើញ​ភាពមិនប្រក្រតី​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​គ​.​ជ​.​ប ដែល​បាន​អះអាងថា យន្តការ​ត្រួតពិនិត្យ​នេះ ធ្វើឡើង​ជាច្រើន​ដំណាក់កាល ដើម្បី​ស្វែងរក​ការពិត និង​បញ្ចៀស​ការភាន់ច្រឡំ ដែល​នាំ​ឲ្យ​មាន​ការមិនទុកចិត្ត​លើគ​.​ជ​.​ប​៕


Tag:
 ហង្ស ពុទ្ធា​
  បោះឆ្នោត​
  គ​.​ជ​.​ប
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង