ជាតិ
បោះឆ្នោត
លោក ហង្ស ពុទ្ធា ៖ ការផ្ទៀងផ្ទាត់លទ្ធផលបញ្ចប់ដោយភាពត្រឹមត្រូវ
× ភ្នំពេញ៖ ការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតបានបញ្ចប់ហើយ នៅថ្ងៃទី៦ សីហានេះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលបណ្តោះអាសន្ន នៅថ្ងៃទី១១ សីហា។
លទ្ធផលនៃការបោះឆ្នោត គ្មានករណីសង្ស័យ ឬភាពមិនប្រក្រតីអ្វីឡើយ ។ នេះជាការបញ្ជាក់របស់លោក ហង្ស ពុទ្ធា ដែលបានបន្ថែមថា ចំនួនសន្លឹកឆ្នោតបានការ ឬមិនបានការ រួមទាំងអ្នកបោះឆ្នោត មានចំនួនត្រឹមត្រូវ តាមការគណនា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ដោយរកឃើញភាពត្រឹមត្រូវនោះ ត្រង់ថាចាប់តាំងពីគណនាលេខនៅការិយាល័យ រហូតដល់គណនាគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់រាជធានី-ខេត្ត គឺសុទ្ធតែមានតួលេខត្រឹមត្រូវទាំងអស់»។
តែយ៉ាងណាលោក ហង្ស ពុទ្ធា មិនទាន់អាចប្រាប់ពីលទ្ធផលបោះឆ្នោតនៅឡើយទេ ដោយរង់ចាំការប្រកាសបឋមនៅថ្ងៃទី១១ សីហា និងលទ្ធផលផ្លូវការនៅថ្ងៃទី១៥ សីហា បើសិនជាគ្មានពាក្យបណ្ដឹងតវ៉ា លើការបោះឆ្នោត។ បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប នឹងចាប់ផ្ដើមទទួលពាក្យបណ្ដឹងនៅថ្ងៃទី១១ សីហា បន្ទាប់ពីប្រកាសលទ្ធផលបឋម។
កន្លងមកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានប្ដឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ជុំវិញភាពមិនប្រក្រតីនៃការបូកសន្លឹកឆ្នោតនៅតាមការិយាល័យចំនួន៣ នៅខេត្តសៀមរាប។ តាមរយៈបណ្ដឹងនេះ ក្រុមការងារគ.ជ.ប ក៏បានត្រួតពិនិត្យលទ្ធផលឡើងវិញ ប៉ុន្តែរកមិនឃើញភាពមិនប្រក្រតីឡើយ។ នេះជាការបញ្ជាក់របស់គ.ជ.ប ដែលបានអះអាងថា យន្តការត្រួតពិនិត្យនេះ ធ្វើឡើងជាច្រើនដំណាក់កាល ដើម្បីស្វែងរកការពិត និងបញ្ចៀសការភាន់ច្រឡំ ដែលនាំឲ្យមានការមិនទុកចិត្តលើគ.ជ.ប៕
Tag:
ហង្ស ពុទ្ធា
បោះឆ្នោត
គ.ជ.ប
© រក្សាសិទ្ធិដោយ thmeythmey.com