ជាតិ
បទសម្ភាសន៍
វីដេអូ
បាក់​ឌុប​៖ មុនពេល និង​ក្នុងពេល​ប្រឡង តើ​គួរ​ធ្វើ​អ្វីខ្លះ​?
08, Aug 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ នៅសល់​ពេល​ប្រមាណ​តែ​ពីរ​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចាប់ផ្ដើម​។ សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ និង​ឆ្លៀតពេល​រៀន​គួរ​បន្ថែម​នៅតាម​សាលា​នានា​ផង ។ ខណៈ​ការប្រឡង​ជិត​មកដល់ អតីត​សិស្ស​និទ្ទេស A ដែល​ទទួលបាន​លំដាប់​ពិន្ទុ ១០០.០០ យុវជន ស គីម​ស៊ា បាន​ចែករំលែក​គ​ន្លឺះ​សំខាន់ៗ ដែល​គួរ​ធ្វើ​មុនពេល​ប្រឡង និង​ក្នុងពេល​ប្រឡង​។ តើ​បេក្ខជន​គួរ​ធ្វើ​អ្វីខ្លះ មុនពេល​ប្រឡង និង​ក្នុងពេល​ប្រឡង​?



​យុវជន គីម​ស៊ា បាន​លើកឡើងថា មុនពេល​ប្រឡង និង​ក្នុងពេល​ប្រឡង​សុទ្ធតែ​សំខាន់​។ ដោយ​មុនពេល​ប្រឡង បេក្ខជន​ទាំងអស់ គួរតែ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ និង​មាន​ពេល​សម្រាក​ឲ្យ​បាន​ច្រើន ជាពិសេស​ត្រូវ​រៀបចំ​សម្ភារ​ដែល​យកទៅ​ប្រឡង​។ សិស្ស​និទ្ទេស A រូបនេះ បន្តថា គួរតែ​រំលឹក​រូបមន្ត​ខ្លះ ដោយ​មិន​សម្រុក​រៀន​ខ្លាំងពេក​នោះទេ​។

​យុវជន គីម​ស៊ា បានបញ្ជាក់​ទៀតថា ក្នុងពេល​ប្រឡង សិស្សានុសិស្ស គួរតែ​ទៅ​មណ្ឌល​ឲ្យ​បាន​ទាន់ពេលវេលា ជៀសវាង​ការ​យឺត​។ ម្យ៉ាងទៀត ក្នុងពេល​ប្រឡង​គួរតែ​ធ្វើ​លំ​ហាត់​ណា ដែល​ស្រួល​មុន ព្រោះ​វា​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល ដើម្បី​បន្តទៅ​ធ្វើ​លំ​ហាត់​ផ្សេងៗ​ទៀត​។ គីម​ស៊ា បន្ថែមថា នៅពេល​សល់​១៥​នាទី សិស្សានុសិស្ស​គួរតែ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​កិច្ចការ​របស់ខ្លួន មុននឹង​ប្រគល់ជូន​អនុរក្ស​។​

​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​យុវជន ស គីម​ស៊ា សិស្ស​និទ្ទេស A ឆ្នាំ​សិក្សា​២០១៧​ដូចតទៅ​៖



​ការកែទម្រង់​វិស័យ​អប់រំ បានធ្វើ​សិស្សានុសិស្ស​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ជាពិសេស​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​ប្រព្រឹត្ត​ទៅដោយ​គ្មាន​ការលួចចម្លង​។ នេះ​ជា​ឆ្នាំ​ទី​៥ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កែទម្រង់​ការប្រឡង ដោយ​ក្រោម​ពាក្យស្លោក «​អ្នកចេះ គឺជា​ប់​»​។ ដំណើរ​ការប្រឡង​ត្រូវបាន​រឹតបណ្ដឹង ដែល​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ត្រូវធ្វើ​ដោយ​សមត្ថភាព​ខ្លួនឯង​ផ្ទាល់​។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា ២០១៨​នេះ មាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន ១១៧,០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ ។ សម្រាប់​លទ្ធផល​នឹង​ប្រកាស​នៅ រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ចំណែក​តាម​បណ្ដា​ខេត្ត​ផ្សេងៗ នឹង​ប្រកាស​នៅ​ទី​១២ ខែកញ្ញា​៕


Tag:
 និទ្ទេស​អេ​
  ប្រឡង​
 ​បាក់​ឌុប​
  ស គីម​ស៊ា​
© រក្សាសិទ្ធិដោយ thmeythmey.com