កីឡាជាតិ
ជាតិ
ម៉ា វី​រ៉ូ គ្រង​ជើងឯក​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​លើកដំបូង ក្រោយ​បរទេស​ក្តោប​ក្តាប់​អស់​រយៈពេល​៤​ឆ្នាំ​
07, Aug 2018 , 6:10 pm        
រូបភាព
ដោយ:
​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ ម៉ា វី​រ៉ូ បានបង្ហាញ​ភាពខ្លាំង​ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​លើក​ទី​៥ តាមរយៈ​ការ​គ្រង​ជើងឯក​លើ​វិញ្ញាសា​រត់​ចំណាយ​៤២​គីឡូម៉ែត្រ​ជា​លើកដំបូង​។ ព្រឹត្តិការណ៍ ដែល​រៀបចំ​នៅ​បរិវេណ​អង្គរ​ខេត្តសៀមរាប​មួយ​នេះ បាន​ទាក់ទាញ​អត្ត​ព​លិ​ក​ប្រមាណ​ជាង​៣​ពាន់​នាក់​មកពី​៥០​ប្រទេស​ចូលរួម​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​កីឡា​ទេសចរណ៍​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មក​ទស្សនា​នៅ​កម្ពុជា​។



​ក្នុង​រយៈពេល​៤​ឆ្នាំកន្លងមក ពោលគឺ​តាំងពី​បង្កើត​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នៅ​ឆ្នាំ​២០១៤ កម្ពុជា​មិនដែល​ឈ្នះ​ជើងឯក​ម្តងណា​ឡើយ​។ កត្តា​នេះហើយ បាន​ជំរុញ​ឲ្យ​កីឡាករ​អត្តពលកម្ម​ជម្រើសជាតិ ម៉ា វី​រ៉ូ បាន​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​យ៉ាងខ្លាំង ព្រោះ​ចង់ឃើញ​កម្ពុជា​ឡើង​ជាន់​ឈ្នាន់​កិត្តិយស​ក្នុង​ព្រឹត្តិការណ៍​នេះ​លើ​វិញ្ញាសា​ម៉ារ៉ាតុន​។​



​ការខិតខំ​ប្រឹងប្រែង​នេះ ជួយ​ឲ្យ ម៉ា វី​រ៉ូ ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​លើក​ទី​៥​នៅ​ឆ្នាំនេះ ដូច​បំណង បន្ទាប់ពី​រូបគេ​ប្រើ​ថេរវេលា​២​ម៉ោង​៥៦​នាទី​និង​២៤​វិនាទី លើ​រយៈ​ចម្ងាយ​៤២​គីឡូម៉ែត្រ​។ ថេរវេលា​នេះ​មាន​លក្ខណ​ល្អប្រសើរ​ជាង បើ​ធៀប​នឹង​ថេរវេលា​របស់​ម្ចាស់​ជើងឯក​កាលពី​ឆ្នាំ​២០១៧ ដោយ​កាលណោះ​ប្រើពេល​រហូត​ជាង​៣​ម៉ោង​។

​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​កីឡាករ ម៉ា វី​រ៉ូ បាន​រៀបរាប់ថា​៖«​ពេល​ខ្ញុំ​ដឹងថា​កម្មវិធី​នេះ​គេ​រៀបចំ​នៅ​ខែសីហា ខ្ញុំ​បាន​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​យ៉ាងខ្លាំង​នៅ​ស្តា​ត​អូឡាំពិក ព្រោះ​ខ្ញុំ​មើលឃើញថា ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ កម្ពុជា​មិនដែល​បាន​លេខ​១​នោះទេ​លើ​វិញ្ញាសា​ម៉ារ៉ាតុន គឺ​មានតែ​បរទេស​។ កត្តា​នេះហើយ ទើប​ខ្ញុំ​ប្តេជ្ញា​ថា លេង​យក​លេខ​១​ឲ្យ​បាន​នៅ​ឆ្នាំនេះ​»​។



​ក្រោយ​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​លើកដំបូង​លើ​អាជីព​របស់ខ្លួន កីឡាករ ម៉ា វី​រ៉ូ ដែល​ខកចិត្ត​ក្នុងការ​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Asian Games នៅ​ឥណ្ឌូណេស៊ី​ឆ្នាំនេះ បាន​ប្តេជ្ញា​ថា នឹង​បង្កើន​ការហ្វឹកហាត់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​នានា​នៅពេល​ខាងមុខ​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​នៅ​ឆ្នាំនេះ ដោយ​លោក​ចាត់ទុកថា ជា​ឆ្នាំ​ជោគជ័យ​។ «​ខ្ញុំ​គិតថា​នេះ​ជា​ជោគជ័យ​មួយ​ដ៏​ធំ ដោយសារ​លើក​ទី​៥​នេះ​មាន​អ្នកចូលរួម​ច្រើនជាង​មុន​។ អ្វីដែល​ខ្ញុំ​កត់សម្គាល់​ធំជាងគេ គឺ​អ្នក​ទាំងអស់នេះ​បាន​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ តាំង​ពីមុន​ថ្ងៃ​បោះឆ្នោត​។ នេះ​បញ្ជាក់​ឲ្យ​ឃើញថា ការបោះឆ្នោត​នៅ​កម្ពុជា​ប្រកបដោយ​សន្តិភាព ស្ថេរភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។ ជាការ​បញ្ចាក់​របស់លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​



​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​រូបនេះ បាន​ចា​តុ់​ទុក​ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ារ៉ាតុន​ចក្រភព​ខ្មែរ ជា​សមិទ្ធផល​ទេសចរណ៍​មួយ​ដ៏​អស្ចារ្យ​ក្នុងការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ឲ្យ​មក​ទស្សនា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​កម្ពុជា​។ លើសពីនេះ ជួយផ្តល់​ការងារ និង​រក​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុង​រដូវ​ខ្សត់ខ្សោយ​ភ្ញៀវ​ទេសចរណ៍ ពិសេស​រក​ចំណូល​ជូន​រដ្ឋ​។

​តាមរយៈ​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១​ជា​សំណង់​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុងចំណោម​សំណង់​ប្រវត្តិសាស្ត្រ​ល្បីៗ​លើ​ពិភពលោក លោក ថោង ខុន រំពឹងថា នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​កាន់តែច្រើន មក​ទស្សនា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​។ ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការធ្វើដំណើរ​(Trip Advisor)​បានផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទ​អង្គរ​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​។

​ក្រោយ​ឆ្លងកាត់​ការប្រកួត​១​ព្រឹក​ពេញ​កាលពី​ថ្ងៃទី​៥ ខែសីហា នៅ​បរិវេណ​រមណីយដ្ឋាន​អង្គរ កីឡាករ ម៉ា វី​រ៉ូ ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​លើ​វិញ្ញាសា​ម៉ារ៉ាតុន ក្រោយ​ប្រើ​ថេរវេលា​២​ម៉ោង​៥៦​នាទី​និង​២៤​វិនាទី​។ ចំណែក​កីឡាករ​ជប៉ុន Kawamoto ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ប្រើ​ថេរវេលា​២​ម៉ោង​៥៨​នាទី​និង​៥០​វិនាទី និង​លេខ​៣​បាន​កីឡាករ​ជប៉ុន Ota ជាមួយ​ថេរវេលា​៣​ម៉ោង​៧​នាទី និង​៥៦​វិនាទី​។



​សម្រាប់​វិញ្ញាសា​ម៉ារ៉ាតុន​ផ្នែក​នារី លេខ​១​បាន​ទៅ​កីឡាការិនី​អង់គ្លេស Hamill Jill ជាមួយ​ថេរវេលា​៣​ម៉ោង​៦​នាទី និង​៥៨​វិនាទី​
​ខណៈ​លេខ​២​បាន​ទៅ Mumford Amy ជនជាតិ​អង់គ្លេស ក្រោយ​ប្រើ​ថេរវេលា​៣​ម៉ោង​២៥​នាទី​និង​៣៨​វិនាទី និង​លេខ​៣​បាន​ទៅ Easton Sarah ជនជាតិ​អង់គ្លេស​ដោយ​ប្រើ​ថេរវេលា​៣​ម៉ោង​៣៣​នាទី​និង​៤៤​វិនាទី​។

​វិញ្ញាសា​២១​គីឡូម៉ែត្រ​ផ្នែក​បុរស​លេខ​១​បាន​ទៅ​កីឡាករ វ៉ាន់ ភា​រ៉ា របស់​កម្ពុជា ក្រោយ​ប្រើ​ថេរវេលា​១​ម៉ោង​២១​នាទី​និង​៣៧​វិនាទី ខណៈ​លេខ​២​បាន​ទៅ Tam Zhong ជនជាតិ​ចិន​ជាមួយ​ថេរវេលា​១​ម៉ោង​២៣​នាទី និង​៥៥​វិនាទី និង​លេខ​៣​បាន​ទៅ Wang Zhen ជនជាតិ​ចិន​ក្រោយ​ប្រើ​ថេរវេលា​១​ម៉ោង​៣០​នាទី​និង​៥៣​វិនាទី​។

​ផ្នែក​នារី លេខ​១​បាន​ទៅ​កីឡាការិនី​ជប៉ុន Sasaki Mtsuko ដោយ​ប្រើ​ថេរវេលា​១​ម៉ោង​៣៩​នាទី​និង​៥៨​វិនាទី ខណៈ​លេខ​២​បាន​ទៅ Gao Rui មកពី​ចិន​ដោយ​ប្រើ​ថេរវេលា​១​ម៉ោង​៤៥​នាទី​និង​៤​វិនាទី និង​លេខ​៣​បាន​ទៅ Gawasawa Ayumi មកពី​ជប៉ុន ដោយ​ប្រើ​ថេរវេលា​១​ម៉ោង​៥០​នាទី​និង​៣២​នាទី​។ 



​វិញ្ញាសា​រត់​ចម្ងាយ​១០​គីឡូម៉ែត្រ​ផ្នែក​បុរស​លេខ​១​បាន​ទៅ Tamiru Andarge Ayal មកពី​អេ​ត្យូ​ពីក្រោយ​ប្រើ​ថេរវេលា​៣៦​នាទី និង​៣៥​វិនាទី ខណៈ​លេខ​២​បាន​ទៅ​កីឡាករ​កម្ពុជា Kang Thoeurn ជាមួយ​ថេរវេលា​៣៧​នាទី និង​២០​វិនាទី និង​លេខ​៣​បាន​ទៅ ឃ្លាំង ប៊ី​ប៊ុណ្ណា​រ៉ា របស់​កម្ពុជា​ដោយ​ប្រើ​ថេរវេលា​៣៨​នារី និង​៩​វិនាទី​។

​ផ្នែក​នារី​លេខ​១​បាន​ទៅ​កីឡាការិនី ហេង ម៉េង​ជូ របស់​កម្ពុជា​ដោយ​ប្រើ​ថេរវេលា​៤៧​នាទី​និង​២៨​វិនាទី ខណៈ​លេខ​២​បាន​ទៅ​កីឡាការិនី Matsugi Mina មកពី​ជប៉ុន​ដោយ​ប្រើ​ថេរវេលា​៤៩​នាទី​និង​៣៨​វិនាទី និង​លេខ​៣​បាន​ទៅ Sum Hau Wun មកពី​ចិន​ក្រោយ​ប្រើ​ថេរវេលា​៤៩​នាទី និង​៥៨​វិនាទី​៕






 

Tag:
 រត់ប្រណាំង​
  ម៉ា វី​រ៉ូ​
  ម៉ារ៉ាតុន​ចក្រភព​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com