ជាតិ
បោះឆ្នោត
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ស្នើប្ដូរថ្ងៃប្រជុំសភា និងគណៈរដ្ឋមន្ត្រី មកដើមខែកញ្ញាវិញ ដើម្បីមានឱកាសទៅប្រជុំUN
× ភ្នំពេញ៖ ដូចការគ្រោងទុក ប្រមុខរដ្ឋាភិបាល បានសម្រេចប្ដូរថ្ងៃប្រជុំសភា និងបង្កើតគណៈរដ្ឋមន្ត្រីថ្មី មកថ្ងៃទី៥-៦ កញ្ញាវិញ តាមរយៈការស្នើសុំទៅព្រះមហាក្សត្រ។ នេះជាកាលបរិច្ឆេទច្បាស់លាស់ ដែលប្រមុខគណបក្សប្រជាជន បានកំណត់។
ដើម្បីឆ្លើយតបនឹងបំណងទៅចូលរួមកិច្ចប្រជុំលើកទី៧៣ នៅអង្គការសហប្រជាជាតិនោះ សម្ដេច ហ៊ុន សែន បានស្នើសុំព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រ កោះប្រជុំសមាជិកគណបក្សឈ្នះឆ្នោតក្នុងរដ្ឋសភា នៅថ្ងៃទី៥ កញ្ញាវិញ ។ សមាជិកទាំងនោះ នឹងត្រូវស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃដដែល។
បន្ទាប់មួយថ្ងៃនៃប្រជុំរដ្ឋសភានេះ គណៈរដ្ឋមន្ត្រីថ្មី នឹងបង្កើតឡើងនៅថ្ងៃទី៦ កញ្ញា ហើយសមាជិកគណៈរដ្ឋមន្ត្រី នឹងស្បថចូលតំណែង នៅពេលល្ងាចនោះ។ គណៈរដ្ឋមន្ត្រីថ្មី នឹងបើកកិច្ចប្រជុំដំបូង នៅថ្ងៃទី៧ កញ្ញា ។ នេះបើតាមនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្លែងចំពោះមុខកម្មកររោងចក្រជិត២ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការកែប្រែថ្ងៃប្រជុំសភា និងគណៈរដ្ឋមន្ត្រីនេះ គឺធ្វើឡើ់ងស្របច្បាប់កម្ពុជា។ ប្រមុខរដ្ឋាភិបាល បានលើកទឡ្ហីករណ៍ទី១ថា ការកែប្រែនេះ គឺស្របតាមមាត្រានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលកំណត់ពេលយ៉ាងយូរ៦០ថ្ងៃ សម្រាប់ការបើកកិច្ចប្រជុំសភា និងការរៀបចំគណៈរដ្ឋមន្ត្រី។ ហេតុផលទី២ ការរៀបចំនៅដើមខែនេះ ក៏វាស្ថិតនៅក្រោយការប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការ ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រួមទាំងការទទួលបានព្រះរាជានុញ្ញាតពីព្រះមហាក្សត្រផងដែរ។
ការកែប្រែកាលបរិច្ឆេទនេះ ធ្វើឡើងបន្ទាប់ពីប្រមុខគណបក្សប្រជាជន ដែលត្រៀមខ្លួនដឹកនាំរដ្ឋាភិបាលថ្មី មានបំណងទៅបកស្រាយពីបញ្ហានយោបាយកម្ពុជា នៅចំពោះមុខបណ្ដាប្រទេសនានា នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅថ្ងៃទី២៥ កញ្ញាខាងមុខ។
Tag:
ហ៊ុន សែន
UN
សភា
គណៈរដ្ឋមន្ត្រី
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com